បទវិភាគ​៖ «ខ្សែសង្វាក់ចិន» បានផ្តល់​ «ភាពប្រាកដប្រជា» ដ៏មានតម្លៃ​ដល់​ការ​រក្សា​ស្ថិរភាពនៃ​ខ្សែសង្វាក់​ផ្គត់ផ្គង់​សកល

28-06-2026 16:30

(ប៉េកាំង)៖ ក្រុម​ហ៊ុន L'Oréal ​បារាំងតាំង​បង្ហាញជាលើក​ដំបូងនូវ​មជ្ឈមណ្ឌល​ច្នៃប្រឌិតថ្មី​អំពី​ការវេចខ្ចប់​ឆ្លាត​វៃ​ ​ក្រុមហ៊ុន ​Siemens​ Healthineers ​របស់​អាល្លឺម៉ង់បាន​នាំមកនូវ​​ឧបករណ៍CT​កម្រិត​ខ្ពស់​ដំបូងគេ​ដែលផលិតនៅ​ប្រទេសចិន ​ក្រុមហ៊ុន​ Medtronic ​អាមេរិក​បានបង្ហាញ​ដំណោះស្រាយ​ផ្នែកវេជ្ជសាស្ត្រ​ឆ្លាតវៃដែល​ប្រើ​ប្រាស់បញ្ញា​សិប្បនិម្មិតក្នុង​ដំណើរ​ទាំង​មូល​។​ល។ ពិព័រណ៍​ជំរុញ​ខ្សែសង្វាក់​ផ្គត់ផ្គង់​ចិនអន្តរជាតិ​លើកទី៤ ​ដែល​បានរៀបចំ​ធ្វើចាប់​​ពី​ថ្ងៃ​ទី​២២​ដល់ថ្ងៃទី២៦​ខែមិថុនា​​កន្លងទៅ បាន​ផ្តល់​អារម្មណ៍​ដ៏ជ្រាលជ្រៅ​បំផុត​ដល់​ទស្សនិ​កជន​គឺ​ បច្ចេកវិទ្យា​ឌីជីថលនិង​ឆ្លាតវៃ​កំពុងផ្តល់​​កម្លាំងចលករ​ដល់ខ្សែសង្វាក់​ឧស្សាហកម្ម​ទាំង​មូល ​ហើយ​ការ​សម្រេចបាន​នូវសមិទ្ធផល​ច្នៃប្រឌិត​ថ្មី​​ទាំងនេះ គឺ​មិនអាចឃ្លាត​ពី​ការ​គាំ​ទ្រ​ដ៏​រឹង​មាំពី​"ខ្សែសង្វាក់​ផ្គត់ផ្គង់ចិន"​បានឡើយ ។
ក្នុងនាមជា​ពិព័រណ៍​ថ្នាក់ជាតិ​ដំបូងគេ​ លើពិភពលោក​ដែលផ្តោតលើ​កិច្ចសហប្រតិបត្តិការ​ខាង​ខ្សែសង្វាក់​ផ្គត់ផ្គង់​ ពិព័រណ៍​ជំរុញ​ខ្សែសង្វាក់​ផ្គត់ផ្គង់​លើកនេះ​បានទាក់ទាញ​សហ​គ្រាស​ជាង​១២០០ ដែល​មកពី៨៥​ប្រទេសនិង​តំបន់​ឱ្យ​ចូលរួម​ពិព័រណ៍ ដែល​បំបែក​​កំណត់​ត្រា​ថ្មី​ក្នុងប្រវត្តិសាស្ត្រ។​ ក្នុងនោះ ​សមាមាត្រនៃ​សហគ្រាស​បរទេស​ដែល​ចូលរួមការ​តាំង​ពិព័រ​ណ៍​លើកនេះ បាន​កើនឡើងដល់​៣៦,៥ភាគរយ​ ហើយ​ក្រុមហ៊ុន​លំដាប់​កំពូល​ទាំង​៥០០​និងសហគ្រាស​ឈានមុខគេ​លើពិភពលោក​មានសមាមាត្រ​លើសពី៦៥​ភាគរយ។

មិន​ត្រឹមតែប៉ុណ្ណោះ​ ពិព័រណ៍​ជំរុញ​ខ្សែសង្វាក់​ផ្គត់ផ្គង់​លើកនេះ​បានបង្ហាញ​ឱ្យឃើញនូវ​កម្រិត​"ភាពវៃឆ្លាត"និង​"នវានុវត្តន៍​"កាន់តែ​ខ្លាំងក្លា​ផងដែរ​ ។ នៅកន្លែង​តាំងពិព័រណ៍​ គេអាច​មើល​ឃើញ​មនុស្សយន្ត​ដែលមាន​រូបរាង​ដូចមនុស្ស​​នៅគ្រប់ទីកន្លែង​ ហើយពិព័រណ៍​លើក​នេះ​ក៏បាន​ដំឡើងកម្រិត​ពី"ខ្សែសង្វាក់​វិទ្យាសាស្ត្រនិង​បច្ចេកវិទ្យា​ឌីជីថល"​ទៅជា​"ខ្សែ​សង្វា​ក់​វិទ្យាសាស្ត្រនិង​បច្ចេកវិទ្យា​ឌីជីថល-វៃឆ្លាត" ហើយ​បានបង្កើត​ប្លុក​ពិសេស​សម្រាប់​បញ្ញា​សិប្ប​និម្មិត​ជាលើកដំបូង​ ព្រមទាំង​លើកកម្ពស់​លំដាប់​ថ្នាក់​​និងកែលម្អ​ប្លុក​ពិព័រណ៍​អំពី​ខ្សែ​សង្វា​ក់​ច្នៃប្រឌិតថ្មី​ផងដែរ។​ ការរៀបចំ​យ៉ាងម៉ត់ចត់​ទាំងនេះ​បានបញ្ចេញ​នូវសញ្ញាយ៉ាង​ច្បា​ស់​លាស់​ពីការប្ដេជ្ញាចិត្ត​របស់ចិន​ក្នុង​ការធ្វើឱ្យ​កិច្ចសហប្រតិបត្តិការ​ខាង​ឧស្សាហ​កម្ម​ឌីជី​ថល​-វៃឆ្លាត​សកល​មានភាព​កាន់តែស៊ីជម្រៅ។

"នៅក្នុង​ពិព័រណ៍នេះ​ តំណាង​សហគ្រាស​ពហុជាតិ​ជាច្រើនបាន​រៀបរាប់​លម្អិតអំពី​ឧត្តម​ភាព​នៃ​"ខ្សែសង្វាក់​ផ្គត់ផ្គង់ចិន​ ដោយក្នុងនោះ​មានការលើកឡើងថា ​​​“នេះគឺជា​ខ្សែសង្វាក់​ផ្គត់​ផ្គង់​ដែលប្រកប​ដោយ​គុណភាពខ្ពស់​និង​មាន​តម្លៃ​សមរម្យបំផុត"​ "មាន​ប្រព័ន្ធ​ឧស្សាហ​កម្ម​ពេញលេញ ​ប្រព័ន្ធ​អេកូឡូស៊ីដ៏​សម្បូរបែប"​ និង "ជាស្នូលដ៏​រឹងមាំសម្រាប់​ការផលិត​និង​ប្រតិ​ប​ត្តិការ​អាជីវកម្ម"... " ។ ​លោក ​Gu ​Yushao ​អគ្គ​នាយក​រង​​ជាន់ខ្ពស់សកល​និង​ជាអគ្គ​នាយក​ក្រុមហ៊ុន​ Medtronic ​អាមេរិក​ប្រចាំតំបន់ចិន​បានថ្លែងថា ​ភាពធន់និង​សមត្ថភាព​ឆ្លើយ​តប​យ៉ាងឆាប់រហ័ស​នៃខ្សែសង្វាក់​ផ្គត់ផ្គង់ចិន​បានធ្វើឱ្យ​គាត់​មានចំណាប់​អារម្មណ៍​យ៉ាងស៊ី​ជម្រៅ​​ លោកបានបន្តថា ​ "ដៃគូចិន​មួយចំនួន​អាចដាក់​ចេញ​ផែនការថ្មី​និងផ្តល់គំរូថ្មី​ក្នុង​រយៈ​ពេល​ត្រឹមតែ ២៤ ម៉ោងប៉ុណ្ណោះ"។

បើពិនិត្យមើលពី​ការអភិវឌ្ឍ​សកល​ ក្នុងបរិបទ​ដែលនិន្នាការ​គាំពារនិយម​កំពុងងើបឡើង និង​ការប៉ះទង្គិច​ភូមិសាស្ត្រ​នយោបាយ​កើតឡើង​ជាញឹកញាប់​ "ខ្សែសង្វាក់​ផ្គត់ផ្គង់ចិន" ​បាន​រួមចំណែកនូវ​ "ភាពប្រាកដ​ប្រជា" ដ៏មាន​តម្លៃ​ដល់ការរក្សា​ស្ថិរភាពនៃ​ខ្សែសង្វាក់ផ្គត់ផ្គង់​សកល​ ។លោក ​Laureano Ortega ​ទីប្រឹក្សា​ប្រធានាធិបតី​នីការ៉ាហ្គាបាន​សម្គាល់​ឃើញថា ​"ខ្សែ​សង្វាក់ផ្គត់ផ្គង់ចិន"​ បានធ្វើឱ្យ​កិច្ចសហប្រតិបត្តិការលើ​​គ្រប់វិស័យ​រវាងប្រទេស​ទាំងពីរ​មាន​ភាព​កាន់តែស៊ីជម្រៅ ​"នេះក៏ជា​មូលហេតុស្នូល​ដែលយើង​បានមក​ចូលរួម​ពិព័រណ៍នេះ​ផង​ដែរ" ។ ចំណែក​ឯលោកស្រី​​LAZAREVIĆ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ប្រទេស​ស៊ែប៊ី​បាន​សម្គា​ល់​ឃើញថា ​ចិនពឹងផ្អែកលើ​ផែនការ​ឧស្សាហកម្ម​ជាប្រព័ន្ធ ទើបអាច​នាំមុខគេ​ក្នុង​ការ​កសាង​ខ្សែសង្វាក់​ផ្គត់ផ្គង់​សកល ​។ ​ការរៀបចំ​ពិព័រណ៍​ជំរុញ​ខ្សែសង្វាក់​ផ្គត់ផ្គង់​នេះ បាន​ឆ្លុះ​បញ្ជាំង​យ៉ាងច្បាស់នូវ​បំណងប្រាថ្នា​រួម​ក្នុង​ការប្រកាន់ខ្ជាប់​នូវពាណិជ្ជកម្មសេរី​ ការពង្រឹង​ភាព​ធន់នៃ​ខ្សែសង្វាក់​ឧស្សាហកម្មនិង​រក្សាស្ថិរភាព​នៃ​ពាណិជ្ជកម្ម​សកល ។

ពិព័រណ៍ជំរុញ​ខ្សែ​សង្វាក់ផ្គត់ផ្គង់​ចិនអន្តរជាតិ​លើកទី៤​បានបិទ​បញ្ចប់ដោយ​ជោគជ័យ​ ប៉ុន្តែ​រឿង​រ៉ាវនៃ​កិច្ចសហប្រតិបត្តិការ​ខាង​ឧស្សាហកម្ម​សកលនៅតែ​បន្ត​សរសេរ ។ "ខ្សែសង្វាក់​ផ្គត់​ផ្គង់​ចិន"ដែលកំពុង​ឆ្ពោះទៅរក​ភាពច្នៃប្រឌិតថ្មី​និងភាពឆ្លាតវៃ​នឹងធ្វើ​សមាហរណកម្ម​កាន់​តែ​ស៊ី​ជម្រៅ​ទៅ​​ក្នុងប្រព័ន្ធ​ខ្សែសង្វាក់​ផ្គត់ផ្គង់​សកល​​ដើម្បីបំពេញបន្ថែម​ស្ថិរភាពនិង​ភាព​ប្រាកដប្រជា​ដល់កិច្ចសហប្រតិបត្តិការ​ឧស្សាហកម្ម​សកល ព្រមទាំង​ជួយ​ប្រទេសនានា​ឱ្យ​"តភ្ជាប់ជា​មួយ​​ពិភពលោក​និង​ត្រួសត្រាយ​អនាគត​ជាមួយគ្នា"៕

វិទ្យុមិត្តភាពកម្ពុជាចិន