អ៉ីស្រាអែល អះអាងពីការកើនឡើងនូវការវាយប្រហារ cyber ដោយអ៉ីរ៉ង់ ក្នុងឆ្នាំ២០២៦ (Video inside)
29-06-2026 15:55
(ហ៊្សេរុយសាឡិម)៖ នៅថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២៦ មន្ត្រីសន្តិសុខជាតិជាន់ខ្ពស់របស់អ៉ីស្រាអែល បាននិយាយថា តួលេខនៃការវាយប្រហារ cyber របស់អ៉ីរ៉ង់ប្រឆាំងអ៉ីស្រាអែល បានកើនឡើង ចាប់តាំងពីសង្រ្គាមរវាងសហរដ្ឋអាមេរិក និងអ៉ីស្រាអែលជាមួយអ៉ីរ៉ង់ ផ្ទុះឡើងក្នុងឆ្នាំនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Yossi Karadi នាយកទីភ្នាក់ងារព័ត៌មានវិទ្យារបស់អ៉ីស្រាអែល បានប្រាប់កាសែតអាល្លឺម៉ង់ Die Welt ថាក្នុងខែមិថុនា ឆ្នាំ២០២៥ អំឡុងប្រតិបត្តិការយោធាអ៉ីស្រាអែលប្រឆាំងអ៉ីរ៉ង់ អាជ្ញាធរអ៉ីស្រាអែល កត់ត្រាបានឧប្បត្តិហេតុ cyber ចំនួន ១ ៦០០ករណី ហើយក្នុងខែមិថុនា ឆ្នាំ២០២៦ ចំនួននេះបានកើនដល់ប្រហែល ៤ ៨០០ករណី។
លោក Karadi បញ្ជាក់ថា «ក្រុម cyber ខ្លះមានជំនាញខ្លាំងណាស់ យើងអាចដោះស្រាយបាន ប៉ុន្តែត្រូវហ្មត់ចត់។ វាមិនមានបទឈប់បាញ់នៅក្នុង cyberspace ទេ»។ តាមលោក Karadi ការវាយប្រហារ cyber ធ្វើឡើងប្រឆាំងនឹងប្រព័ន្ធ ដែលប្រើប្រាស់ក្នុងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អ៉ីស្រាអែល រាប់ចាប់ពីស្ថាប័នរដ្ឋាភិបាល ក្រុមហ៊ុនខ្នាតតូចដល់មធ្យម និងសាធារណៈជន។
អ៉ីរ៉ង់ តែងបដិសេធជុំវិញការធ្វើយុទ្ធនាការវាយប្រហារ cyber ប្រឆាំងនឹងប្រទេសដទៃ ហើយរាយការណ៍អំពីការវាយប្រហារមកលើប្រទេសរបស់ខ្លួន៕






