ប្រេសិតពិសេសអាមេរិក បានទៅដល់កាតា ដើម្បីពិភាក្សាអំពីកិច្ចចរចាជាមួយអ៊ីរ៉ង់ ប៉ុន្តែមិនមានគម្រោងជួបជាមួយភាគីអ៊ីរ៉ង់ឡើយ (Video inside)
30-06-2026 19:13
(ដូហា)៖ អ្នកនាំពាក្យក្រសួងការបរទេសកាតា បានបញ្ជាក់នៅថ្ងៃអង្គារថា ប្រេសិតពិសេសសហរដ្ឋអាមេរិក លោក ស្ទីវ វីតកូហ្វ (Steve Witkoff) និងកូនប្រសាររបស់ប្រធានាធិបតី ដូណាល់ ត្រាំ គឺលោក ចារ៉េដ ឃូសណឺ (Jared Kushner) បានធ្វើដំណើរមកដល់ទីក្រុងដូហាហើយ ដើម្បីជួបពិភាក្សាជាមួយក្រុមអ្នកសម្របសម្រួលរបស់ប្រទេសកាតា ជុំវិញដំណើរការចរចារវាងអាមេរិក និងអ៊ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ទោះជាយ៉ាងណា លោក ម៉ាជីដ អាល់ អាន់សារី (Majed Al Ansari) បានបញ្ជាក់យ៉ាងច្បាស់នៅក្នុងសន្និសីទសារព័ត៌មានថា ក្នុងដំណើរទស្សនកិច្ចនេះ នឹងមិនមានការរៀបចំជំនួបកម្រិតខ្ពស់ដោយផ្ទាល់រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់នោះឡើយ។ លោកក៏បានបន្ថែមផងដែរថា កាតាមិនទាន់បានផ្ទេរប្រាក់ដែលជាប់បង្កកចំនួន ៦ពាន់លានដុល្លារ ទៅឱ្យរដ្ឋាភិបាលអ៊ីរ៉ង់នៅឡើយទេ។
ទន្ទឹមនឹងនេះ ទីក្រុងដូហាកំពុងធ្វើការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយប្រទេសអូម៉ង់ ដែលមានទីតាំងស្ថិតនៅច្រាំងខាងលិចនៃច្រកសមុទ្រហ័រមូស ដើម្បីធានាឱ្យបាននូវសុវត្ថិភាពសម្រាប់ការធ្វើនាវាចរណ៍ឆ្លងកាត់តំបន់នោះ៕




