ជនភៀសខ្លួនលីបង់ជាច្រើននាក់ ត្រឡប់ទៅផ្ទះវិញ ខណៈអ៉ីស្រាអែល និងក្រុមហេសបូឡា ឈប់ប្រយុទ្ធគ្នា (Video inside)

01-07-2026 15:33

(បេរូត)៖ រដ្ឋមន្រ្តីកិច្ចការសង្គម បានឱ្យដឹងថា ពលរដ្ឋលីបង់ប្រហែល ៤០០ ០០០នាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ ហើយនឹងមានអ្នកត្រឡប់ទទៅវិញបន្ថែមទៀត ក្នុងសប្តាហ៍ខាងមុខ បន្ទាប់ពីការប្រយុទ្ធគ្នា ៤ខែរវាងអ៉ីស្រាអែល និង​ក្រុមហេសបូឡា​ ស្ងប់ស្ងាត់​ទៅ​វិញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃពុធ ទី១ ខែកក្កដា ឆ្នាំ២០២៦។

លោកស្រី Hanine El ​Sayed និយាយថា យ៉ាងណាក៏ដោយមនុស្សជាច្រើន នៅតែមិនអាចត្រឡប់ទៅវិញបាន។ តាំងពីខែមីនា មនុស្សប្រហែល ១លាននាក់ត្រូវបានបង្ខំឱ្យភៀសខ្លួន ហើយមនុស្សមួយចំនួនធំ នៅតែស្ថិតក្នុងជម្រកបណ្ដោះអាសន្ន ដោយសារតែផ្ទះរបស់ពួកគេត្រូវបានបំផ្លាញ ឬមិនអាចរស់នៅបាន។

លោកស្រីបញ្ជាក់ថា ប្រហែល ៤០ភាគរយនៃជនភៀសខ្លួន បានវិលត្រឡប់ទៅកាន់ទីប្រជុំជន និងភូមិឋានរបស់ពួកគេវិញ ហើយនៅមានមនុស្សប្រហែល ១៣ ០០០នាក់ ពី ៣៧ ០០០នាក់ បន្ថស្នាក់នៅក្នុងជម្រកបណ្តោះអាសន្ន។ អាជ្ញាធរលីបង់ រំពឹងថានឹងមានការវិលត្រឡប់បន្ថែមទៀត នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ហើយសង្ឃឹមថា ក្នុងរយៈពេលប្រហែលមួយសប្តាហ៍ នឹងវាស់វែងបានថាតើមានគ្រួសារប៉ុន្មាន ដែលមិនអាចត្រឡប់ទៅវិញបាន៕