បទវិភាគ៖ ការបំផុសគំនិតដល់ពិភពលោកពីដំណើរតស៊ូរបស់បក្សកុម្មុយនីស្តចិន
01-07-2026 16:41
(ប៉េកាំង)៖ នាថ្ងៃទី ១ ខែកក្កដា បក្សកុម្មុយនីស្តចិនបានអបអរសាទរខួបទី១០៥នៃការបង្កើតបក្ស ។ ក្នុងរយៈពេលជាង១រយឆ្នាំកន្លងមក បក្សកុម្មុយនីស្តចិនបានឆ្លងកាត់ភាពលំបាកលំបិនគ្រប់បែបយ៉ាង ខណៈពេលទើបបង្កើតឡើងមានសមាជិកបក្សតែជាង៥០នាក់ រហូតដល់បច្ចុប្បន្ននេះមានសមាជិកបក្សចំនួនលើសពី១រយលាននាក់ ដែលបានក្លាយជាគណបក្សកាន់អំណាចលទ្ធិម៉ាក្សនិយមធំជាងគេនៅលើពិភពលោក ។ បន្ទាប់ពីឆ្លងកាត់ការតស៊ូយ៉ាងលំបាកលំបិន បក្សកុម្មុយនីស្តចិនបានដឹកនាំប្រជាជនចិនសម្រេចបាននូវឯករាជ្យភាពជាតិ ហើយបានត្រួសត្រាយបុព្វហេតុដ៏មហិមានៃការស្តារភាពរុងរឿងដ៏អស្ចារ្យរបស់ប្រជាជាតិចិនឡើងវិញ។
ជាពិសេស គឺចាប់តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៨មក សង្គមនិយមប្រកបដោយលក្ខណៈពិសេសចិនបានឈានចូលយុគសម័យថ្មី មជ្ឈិមបក្សកុម្មុយនីស្តចិនដែលមានលោកXi Jinping ជាប្រមុខស្នូលបានចាត់ទុកបំណងប្រាថ្នារបស់ប្រជាជនចំពោះជីវភាពរស់នៅដ៏ល្អបវរជាគោលដៅតស៊ូរបស់ខ្លួន ហើយបានអនុវត្តគំនិតអភិវឌ្ឍន៍ដែលតម្កល់ប្រជាជនជាស្នូលក្នុងគ្រប់វិស័យនិងគ្រប់ដំណាក់កាលនៃអភិបាលកិច្ច ដែលបានទទួលសមិទ្ធផលដ៏មហិមាគួរឱ្យកត់សម្គាល់ ។
ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិនបានកើនឡើងពីប្រមាណ៥២ទ្រីលានយាន់ប្រាក់ចិននាឆ្នាំ២០១២ ដល់ជាង១៤០ទ្រីលានយាន់ប្រាក់ចិននៅឆ្នាំ២០២៥។ ល្បឿនកំណើនសេដ្ឋកិច្ចបានឈានមុខគេក្នុងចំណោមអង្គភាពសេដ្ឋកិច្ចសំខាន់ៗ ហើយអត្រារួមចំណែកចំពោះកំណើនសេដ្ឋកិច្ចសកលបានរក្សាប្រហែល៣០ភាគរយជាច្រើនឆ្នាំជាប់ៗគ្នា ដែលជាប្រភពកម្លាំងចលករមានស្ថិរភាពបំផុតនិងអាចជឿទុកចិត្តបំផុតនៃការអភិវឌ្ឍសេដ្ឋកិច្ចសកល ។ រចនាសម័្ពន្ធឧស្សាហកម្មរបស់ចិនបានលើកកម្ពស់លំដាប់ថ្នាក់ជាបន្តបន្ទាប់ កិច្ចកសាងប្រព័ន្ធឧស្សាហកម្មដ៏ទំនើបបានបោះជំហានទៅមុខដោយល្បឿនលឿន ប្រទេសចិនមិនត្រឹមតែជាប្រទេសតែមួយគត់ដែលមានប្រភេទឧស្សហាកម្មទាំងអស់តាមការបែងចែកឧស្សាហកម្មតាមប្រភេទរបស់អង្គការសហប្រជាជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានក្លាយទៅជា“ក្បាលរថភ្លើង”នៃឧស្សាហកម្មកម្មន្តសាលសកលផងដែរ។
ក្នុងបដិវត្តន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យានិងការធ្វើនវានុវត្តន៍ខាងឧស្សាហកម្មជុំថ្មី ប្រទេសចិនបានអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍ដែលជំរុញដោយការច្នៃប្រឌិតថី្ម ដែលទទួលបានសមិទ្ធផលដ៏សំខាន់ក្នុងវិស័យអវកាសផ្ទុកមនុស្ស បញ្ញាសិប្បនិម្មិតនិងទូរគមនាគមន៍ចល័តជំនាន់ទី៥ជាដើម ដោយឡែកការអភិវឌ្ឍបែបលោតផ្លោះនៃ“ផលិតផលថ្មីទាំងបី”របស់ប្រទេសចិន ដូចជារថយន្តថាមពលថ្មី អាគុយលីចូមនិងផលិតផលប្រព័ន្ធPVបានឈានមុខគេនៅទូទាំងពិភពលោក។
ការធ្វើទំនើបកម្មតាមបែបផែនចិនបានប្រកាន់ខ្ជាប់ការធ្វើការអភិវឌ្ឍគឺដើម្បីប្រជាជន ពឹងផ្អែកលើប្រជាជន ហើយផ្លែផ្ការបស់វា បានចែករំលែកដោយប្រជាជន។ មាគ៌ាទំនើបកម្មដែលតម្កល់ប្រជាជនជាស្នូលបែបនេះ បានផ្តល់ជម្រើសដ៏ថ្មីមួយដល់ប្រទេសនិងជនជាតិនៅលើពិភពលោកដែលចង់ទទួលបានការអភិវឌ្ឍយ៉ាងឆាប់រហ័សផង ហើយក៏ចង់រក្សាឯករាជ្យភាពរបស់ខ្លួនផងដែរ ។ ទាក់ទិននឹងការណ៍នេះ លោកជា មុនីឫទ្ធិប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានថ្លែងថា ទំនើបកម្មតាមបែបផែនចិន បានបោះបង់ចោលផ្លូវចាស់របស់បស្ចិមប្រទេសសម្រាប់សម្រេចទំនើបកម្ម ហើយបានដោះស្រាយបញ្ហាលំបាកជាច្រើននៃការអភិវឌ្ឍសង្គមមនុស្សជាតិ ដោយប្រើប្រាស់សេចកី្តអង់អាចក្លាហាននិងតម្រិះប្រាជ្ញា ។ និយាយចំពោះប្រទេសកំពុងអភិវឌ្ឍន៍ទាំងឡាយដូចជាប្រទេសកម្ពុជាជាដើម ទំនើបកម្មតាមបែបផែនចិនកាន់តែមានតម្លៃយកទៅរៀនសូត្រតាម។
នៅលើពិភពលោក គ្មានរូបមិន្តអភិវឌ្ឍន៍ណាមួយដែលសមស្របនឹងប្រទេសទាំងអស់នៅលើពិភពលោកនោះទេ ហើយគណបក្សនីមួយៗក៏មានការស្វែងរកខុសៗគ្នាដែរ រីឯការស្វែងរករបស់បក្សកុម្មុយនីស្តចិន គឺស្វែងរកផលប្រយោជន៍ជូនដល់ប្រជាជនទាំងឡាយ ។ ហេតុនេះហើយ បក្សកុម្មុយនីស្តចិនទទួលបានទំនុកចិត្តនិងការគាំទ្រពីប្រជាជន នេះក៏បានបញ្ជាក់ពីហេតុផលដែលថា "អ្នកណាដែលទទួលបានការគាំទ្រពីប្រជាជន អ្នកនោះក៏អាចគ្រប់គ្រងប្រទេសជាតិឱ្យបានល្អ"។
ឈរនៅចំណុចចាប់ផ្តើមថ្មីនៃប្រវត្តិសាស្ត្រ ពិភពលោកបានមើលឃើញគណបក្សមួយសតវត្សរ៍ដែលកំពុងបំផុសភាពរស់រវើកឥតឈប់ឈរ បក្សកុម្មុយនីស្តចិនបាននិងកំពុងដឹកនាំប្រជាជនចិនបង្កើតភាពត្រចះត្រចង់ថ្មីនៃប្រវត្តិសាស្ត្រក្នុងដំណើរថ្មីនៃកិច្ចកសាងប្រទេសខ្លាំងក្លានិងស្តារភាពរុងរឿងរបស់ប្រជាជាតិចិនឡើងវិញ ។ ឥស្សរជនគ្រប់មជ្ឈដ្ឋាននៃសហគមន៍អន្តរជាតិរំពឹងទុកថា ទស្សនៈនិងបទពិសោធផ្នែកអភិបាលកិច្ចរបស់បក្សកុម្មុយនីស្តចិនអាចរួមចំណែកជាតម្រិះប្រាជ្ញានិងកម្លាំងកាយចិត្តកាន់តែច្រើនសម្រាប់សន្តិភាពនិងវឌ្ឍនភាពរបស់ពិភពលោក ក៏ដូចជារួមចំណែកកាន់តែធំនិងកាន់តែថ្មីដល់ការរួមគ្នាកសាងអនាគតកាន់តែល្អបវរសម្រាប់មនុស្សជាតិ៕
វិទ្យុមិត្តភាពកម្ពុជាចិន








