នៅប្រទេសថៃ ព្រះសង្ឃ ៨អង្គ សុគត ក្រោយក្មេងប្រុសអាយុ ១១ឆ្នាំ បើករថយន្តបុកពីក្រោយ (Video inside)
02-07-2026 18:51
(បាងកក)៖ អាជ្ញាធរថៃបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា ព្រះសង្ឃពុទ្ធសាសនាចំនួន ៨អង្គ បានសុគត និងជាង ២០អង្គផ្សេងទៀតបានរងរបួស បន្ទាប់ពីត្រូវបានរថយន្តភីកអាប់មួយគ្រឿង ដែលបើកបរដោយក្មេងប្រុសអាយុ ១១ឆ្នាំ បុកពីក្រោយ អំឡុងពេលព្រះសង្ឃទាំងនោះកំពុងនិមន្តធុតង្គនៅក្នុងខេត្តមុកដាហាន (Mukdahan) ភាគឦសានប្រទេសថៃ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
អភិបាលខេត្តមុកដាហាន បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានថា ជនរងគ្រោះគឺស្ថិតក្នុងក្រុមព្រះសង្ឃចំនួន ៣៤អង្គ និងគ្រហស្ថចំនួន ៥នាក់ ដែលកំពុងនិមន្តធុតង្គពីវត្តមួយក្នុងខេត្តមុកដាហាន ឆ្ពោះទៅកាន់វត្តមួយទៀតនៅខេត្តជិតខាង គឺខេត្តអ៊ូប៊ុន រ៉ាតឆាថានី (Ubon Ratchathani)។ ក្នុងហេតុការណ៍នេះ ព្រះសង្ឃ ៥អង្គបានសុគតនៅកន្លែងកើតហេតុ ខណៈ ៣អង្គទៀតបានសុគតពេលបញ្ជូនដល់មន្ទីរពេទ្យ។ ក្រៅពីនេះ ព្រះសង្ឃ ២២អង្គ និងគ្រហស្ថម្នាក់ បានរងរបួស ដោយក្នុងនោះមាន ៤អង្គកំពុងស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់។
ស្នងការប៉ូលិសខេត្តមុកដាហាន បានថ្លែងថា «អ្នកបើកបរគឺក្មេងប្រុសអាយុ ១១ឆ្នាំ ដែលមានតម្រូវការពិសេស (កុមារពិការភាពផ្នែកបញ្ញា)។ គេបានលួចយករថយន្តពីផ្ទះ និងបើកបរចម្ងាយប្រហែល ១០គីឡូម៉ែត្រ មុនពេលរេចង្កូតទៅបុកក្រុមព្រះសង្ឃទាំងនោះ»។
ស្នងការបានបន្ថែមថា បច្ចុប្បន្នប៉ូលិសមិនទាន់បានចោទប្រកាន់បទល្មើសណាមួយនៅឡើយទេ ខណៈក្រុមអ្នកស៊ើបអង្កេតកំពុងព្យាយាមស្វែងយល់ពីកាលៈទេសៈជុំវិញគ្រោះថ្នាក់នេះ។ មន្ត្រីប៉ូលិសក៏មិនទាន់អាចសាកសួរក្មេងប្រុសនោះបានដែរ ដោយសាររូបគេកំពុងស្ថិតក្នុងស្ថានភាពតក់ស្លុតផ្លូវចិត្តយ៉ាងខ្លាំង និងមិនទាន់អាចផ្តល់ចម្លើយបាននៅឡើយ៕







