មេដឹកនាំណាតូជួបប្រជុំគ្នានៅតួកគី ដើម្បីសម្រួលភាពតានតឹងជាមួយលោក ដូណាល់ ត្រាំ (Video inside)
03-07-2026 20:47
(ព្រុចសែល)៖ មេដឹកនាំអង្គការណាតូ (NATO) នឹងជួបប្រជុំគ្នានៅទីក្រុងអង់ការ៉ា (Ankara) ប្រទេសតួកគី នៅសប្តាហ៍ក្រោយ ក្នុងគោលបំណងបន្ធូរបន្ថយភាពរកាំរកូសជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជុំវិញបញ្ហាសង្គ្រាមនៅអ៊ីរ៉ង់ និងកោះហ្គ្រីនឡែន។ ទន្ទឹមនឹងនេះ អឺរ៉ុបក៏ចង់បង្ហាញពីសមត្ថភាពការពារទ្វីបរបស់ខ្លួន ខណៈអាមេរិកកំពុងកាត់បន្ថយការប្តេជ្ញាចិត្តចំពោះសម្ព័ន្ធភាពនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
អគ្គលេខាធិការអង្គការណាតូ លោក ម៉ាក រូតត៍ (Mark Rutte) បានបញ្ជាក់ថា កិច្ចប្រជុំនៅថ្ងៃអង្គារ និងថ្ងៃពុធ នឹងបង្ហាញថាអឺរ៉ុបកំពុងគោរពការសន្យាក្នុងការបង្កើនថវិកាការពារជាតិ ដើម្បីទប់ទល់នឹងរុស្ស៊ី តាមរយៈការចុះកិច្ចព្រមព្រៀងទិញលក់អាវុធរាប់សិបពាន់លានដុល្លារ។ ក្នុងជំនួបនោះ មេដឹកនាំណាតូនឹងប្តេជ្ញាបន្តផ្តល់អាវុធគាំទ្រអ៊ុយក្រែនខណៈប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី (Volodymyr Zelenskiy) ក៏នឹងចូលរួមពិធីលៀងសាយភោជន៍ ដែលរៀបចំដោយប្រធានាធិបតីតួកគីផងដែរ។
មន្ត្រីអឺរ៉ុបសង្ឃឹមថា ទំនាក់ទំនងដ៏ល្អរវាងលោក ត្រាំ ជាមួយថ្នាក់ដឹកនាំតួកគី និងប្រមុខណាតូ នឹងជួយឱ្យកិច្ចប្រជុំដំណើរការដោយរលូន បើទោះបីជានៅមានភាពល្វីងជូរចត់រវាងអាមេរិក-អឺរ៉ុបក៏ដោយ។ កាលពីថ្ងៃព្រហស្បតិ៍ លោក ត្រាំ បានរិះគន់តាមបណ្តាញសង្គមថា អាមេរិកចំណាយលុយការពារសមាជិកណាតូ «ដោយមិនទទួលបានអត្ថប្រយោជន៍អ្វីសោះ»។ ជាការឆ្លើយតប លោក រូតត៍ បានអះអាងថា សម្ព័ន្ធភាពនេះមានសារៈសំខាន់ចំពោះសន្តិសុខអាមេរិក ហើយអឺរ៉ុបក៏កំពុងបង្កើនការចំណាយយោធា ដូចការចង់បានរបស់លោក ត្រាំ ផងដែរ៕




