នាវាដឹកឧស្ម័ន LNG ប្រឈមហានិភ័យនៃការផ្ទុះ បន្ទាប់ពីរងការវាយប្រហារនៅក្បែរច្រកសមុទ្រហ័រមូស (Video inside)

07-07-2026 20:43

(ដូហា)៖ ប្រភពព័ត៌មានបានឱ្យដឹងនៅថ្ងៃអង្គារថា នាវាដឹកឧស្ម័នធម្មជាតិរាវ (LNG) របស់ប្រទេសកាតា កំពុងប្រឈមនឹងហានិភ័យនៃការផ្ទុះ ហើយនាវាដឹកប្រេងឆៅរបស់អារ៉ាប៊ីសាអូឌីត មួយគ្រឿងទៀតក៏រងការខូចខាតផងដែរ នៅក្បែរច្រកសមុទ្រហ័រមូស បន្ទាប់ពីមានសេចក្តីរាយការណ៍ថា អ៊ីរ៉ង់បានបាញ់មីស៊ីលទៅលើនាវាទាំងនោះកាលពីយប់មិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រភពបានបញ្ជាក់ថា នាវា Al Rekayyat ដែលផ្ទុកពេញដោយឧស្ម័ន LNG បានបញ្ជូនសញ្ញាសុំជំនួយសង្គ្រោះបន្ទាន់ ក្រោយរងការវាយប្រហារចំហៀងខាងឆ្វេង។ ប្រភពមួយទៀតបានបង្ហើបថា នាវានេះកំពុងប្រឈមនឹងការផ្ទុះដោយសារតែមានអគ្គិភ័យឆាបឆេះនៅក្នុងបន្ទប់ម៉ាស៊ីន ខណៈដែលក្រុមនាវិកមានសុវត្ថិភាព និងកំពុងត្រូវបានជម្លៀសចេញ។ យោងតាមខ្សែអាត់សំឡេងដែល Reuters ទទួលបាន ប្រធានក្រុមនាវាបានប្រកាសសុំជំនួយបន្ទាន់ ដោយបញ្ជាក់ថាពួកគេត្រូវបានវាយប្រហារដោយដ្រូន ចំពីលើបន្ទប់ម៉ាស៊ីន ដែលបង្កឱ្យមានភ្លើងឆេះ និងផ្សែងខ្មៅខ្មួលខ្មាញ់។

នេះគឺជាលើកទីមួយហើយដែលនាវា LNG របស់កាតា ដែលជាប្រទេសដើរតួជាអ្នកសម្របសម្រួលចរចាសន្តិភាពរវាងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ ត្រូវបានវាយប្រហារ ចាប់តាំងពីសង្គ្រាមនៅអ៊ីរ៉ង់បានផ្ទុះឡើងនៅចុងខែកុម្ភៈ។ ទន្ទឹមនឹងនេះ ប្រភពសន្តិសុខដែនសមុទ្រក៏បានរាយការណ៍ដែរថា នាវាដឹកប្រេងយក្សរបស់អារ៉ាប៊ីសាអូឌីតឈ្មោះ Wedyan ក៏បានរងការខូចខាតនៅក្បែរឆ្នេរសមុទ្រអូម៉ង់ផងដែរ តែគេមិនទាន់ដឹងពីមូលហេតុច្បាស់លាស់ឡើយ។

នាវា Al Rekayyat គឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Nakilat ដែលមានមូលដ្ឋាននៅប្រទេសកាតា ខណៈនាវា Wedyan ជារបស់ក្រុមហ៊ុនដឹកជញ្ជូនអារ៉ាប៊ីសាអូឌីត Bahri។ បច្ចុប្បន្ន ក្រុមហ៊ុនពាក់ព័ន្ធ អាជ្ញាធរកាតា អារ៉ាប៊ីសាអូឌីត និងបញ្ជាការដ្ឋានកណ្តាលអាមេរិក មិនទាន់ធ្វើអត្ថាធិប្បាយជុំវិញហេតុការណ៍នេះនៅឡើយទេ។
ទោះបីជាមិនទាន់មានភាគីណាអះអាងទទួលខុសត្រូវក្តី ប៉ុន្តែមន្ត្រីអាមេរិកម្នាក់បានបង្ហើបក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា សញ្ញាណបឋមបង្ហាញថា អ៊ីរ៉ង់គឺជាអ្នកបាញ់ប្រហារលើនាវាពាណិជ្ជកម្មទាំងពីរនេះ។ ជាការឆ្លើយតប ក្រសួងការបរទេសកាតា បានទម្លាក់កំហុស និងទាមទារឱ្យទីក្រុងតេហេរ៉ង់ ទទួលខុសត្រូវទាំងស្រុងតាមផ្លូវច្បាប់ចំពោះការវាយប្រហារនេះ ខណៈដែលភាគីអ៊ីរ៉ង់មិនទាន់មានការឆ្លើយតបភ្លាមៗនោះទេ៕