ប្រមុខការពារជាតិអាមេរិកលុបចោលជំនួបជាមួយលោក នេតាន់យ៉ាហ៊ូ ជុំវិញបញ្ហាលក់យន្តហោះ F-35 ឱ្យតួកគី (Video inside)

08-07-2026 19:51

(ហ្ស៊េរុយសាឡឹម)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ភីត ហេចសេត (Pete Hegseth) បានសម្រេចលុបចោលជំនួបនៅថ្ងៃពុធ ជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ដែលគ្រោងជជែកពីលទ្ធភាពនៃការលក់យន្តហោះចម្បាំង F-35 ឱ្យទៅប្រទេសតួកគី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

កាលពីថ្ងៃអង្គារ លោក នេតាន់យ៉ាហ៊ូ បានប្រាប់ទូរទស្សន៍ CNN យ៉ាងច្បាស់ថា លោកប្រឆាំងដាច់ខាតចំពោះការលក់យន្តហោះ F-35 ឱ្យតួកគី ដោយលោកចាត់ទុកថាតួកគីមានមហិច្ឆតាឈ្លានពាន ហើយការលក់នេះនឹងបំផ្លាញតុល្យភាពអំណាចយោធានៅមជ្ឈិមបូព៌ា។ លោកបានបញ្ជាក់ថា លោកបានជម្រាបប្រាប់ជំហរនេះទៅប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ រួចរាល់ហើយ។

ទោះជាយ៉ាងណា ក្នុងកិច្ចប្រជុំកំពូលណាតូ (NATO) លោក ត្រាំ បានប្រកាសថាលោកនឹងដកទណ្ឌកម្មពីទីក្រុងអង់ការ៉ា (Ankara) ដែលធ្លាប់ដាក់កាលពីឆ្នាំ២០១៩ ជុំវិញការទិញប្រព័ន្ធមីស៊ីលរុស្ស៊ី S-400 ព្រមទាំងបង្ហាញឆន្ទៈក្នុងការលក់យន្តហោះ F-35 ឱ្យតួកគីវិញផងដែរ។ ចំណាត់ការនេះត្រូវបានរំពឹងថានឹងប្រឈមការរារាំងយ៉ាងខ្លាំងពីសភាអាមេរិក និងការប្រឆាំងពីអ៊ីស្រាអែល។

គួររំលឹកថា ការលុបចោលជំនួបនេះកើតឡើងស្របពេលដែលលោក ត្រាំ ទើបតែបានប្រកាសថា អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមរវាងអាមេរិក និងអ៊ីរ៉ង់ ត្រូវបាន «បញ្ចប់ហើយ» ដោយលោកមិនចង់ពាក់ព័ន្ធជាមួយទីក្រុងតេហេរ៉ង់ទៀតឡើយ។ ចំណែកឯតួកគីកន្លងមក ក៏តែងតែរិះគន់ប្រតិបត្តិការរបស់អ៊ីស្រាអែល និងចោទអ៊ីស្រាអែលថាបានព្យាយាមបំផ្លាញបទឈប់បាញ់រវាងអាមេរិក និងអ៊ីរ៉ង់ផងដែរ៕