រុស្ស៉ី សម្រេចផ្អាកនាំចេញប្រេងម៉ាស៊ូតដើម្បីជួយដល់ការផ្គត់ផ្គង់ក្នុងស្រុក សុពលភាពរហូតដល់ចុងកក្កដា (Video inside)

09-07-2026 11:46

(មូស្គូ)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ រុស្ស៉ីបានដាក់ចេញនូវការហាមប្រាមនាំចេញប្រេងម៉ាស៊ូត ដែលជាផ្នែកមួយនៃវិធានការមួយចំនួន ដើម្បីគាំទ្រទីផ្សារប្រេងឥន្ធនៈក្នុងស្រុក បន្ទាប់ពីការវាយប្រហារដោយដ្រូនអ៊ុយក្រែនជាប្រព័ន្ធ ទៅលើរោងចក្រចម្រាញ់ប្រេងរុស្ស៉ី បង្កឱ្យមានកង្វះខាត និងសាំងឡើងថ្លៃ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដា ឆ្នាំ២០២៦។

ឧបនាយករដ្ឋមន្ត្រីរុស្ស៉ី លោក Alexander Novak បានប្រាប់កិច្ចប្រជុំរដ្ឋាភិបាល ក្រោមវត្តមានប្រធានាធិបតី វ៉្លាឌីមៀ ពូទីន ថាស្ថានភាពប្រេងឥន្ធនៈនៅតែស្មុគស្មាញ ហើយកំពុងបង្កឱ្យមានការព្រួយបារម្ភក្នុងចំណោមសាធារណជន។ លោកបន្ថែមថា សេចក្តីហាមប្រាមនាំចេញប្រេងម៉ាស៊ូតត្រូវបានដាក់ចេញ ដោយវិធានការនេះ នឹងអនុញ្ញាតឱ្យមានការបង្កើនការផ្គត់ផ្គង់ដល់ទីផ្សារក្នុងស្រុក ខណៈដែលរុស្ស៉ីបានចាប់ផ្តើមនាំចូលប្រេងឥន្ធនៈ នៅក្នុងខែកក្កដានេះ។

រដ្ឋាភិបាលរុស្ស៉ី ​​និយាយ​ថាការហាមឃាត់​ការនាំចេញ​ប្រេងម៉ាស៊ូត ដែល​រួមទាំងទៅកាន់ប្រទេស​ផលិត​ប្រេងឥន្ធនៈ​ផងនោះ នឹង​មាន​សុពលភាព​រហូតដល់​ថ្ងៃទី៣១ ខែកក្កដា។ ប៉ុន្តែការផ្គត់ផ្គង់​ក្រោម​កិច្ចព្រមព្រៀង​របស់​រដ្ឋាភិបាល​ដែលមាន​ស្រាប់ ដូចជា​កិច្ចព្រមព្រៀង​ជាមួយ​ប្រទេស​ម៉ុងហ្គោលី នឹងត្រូវ​បាន​លើកលែង​ពី​ការហាមប្រាមនេះ៕