លោក គីម ជុងអ៊ុន៖ សន្តិសុខ និងសន្តិភាពពិតរបស់កូរ៉េខាងជើង ពឹងផ្អែកតែមួយគត់លើសមត្ថភាពយោធាដ៏ខ្លាំងក្លា (Video inside)

10-07-2026 08:57

(សេអ៊ូល)៖ កូរ៉េខាងជើងបានសម្រេចចិត្តហើយលើវិធានការ ដើម្បីពង្រឹងកងកម្លាំងនុយក្លេអ៊ែររបស់ខ្លួនទាំងខាងបរិមាណ និងគុណភាព ខណៈមេដឹកនាំលោក គីម ជុងអ៊ុន បានអំពាវនាវឱ្យបន្តធ្វើទំនើបកម្មយោធា ដែលជាមធ្យោបាយមួយតែមួយគត់ដើម្បីការពារសន្តិសុខ និងសន្តិភាពរបស់កូរ៉េខាងជើង។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦ បានរាយការណ៍ថាវិធានការ និងការកត់សម្គាល់របស់លោក គីម ជុងអ៊ុន កើតមានឡើង អំឡុងកិច្ចប្រជុំមួយនៃគណៈកម្មការយោធាមជ្ឈិមរបស់គណបក្សពលករកូរ៉េកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។ តាម KCNA លោក គីម បាននិយាយថាសន្តិសុខ និងសន្តិភាពពិត របស់កូរ៉េខាងជើងអាចត្រូវបានធានាតែមួយគត់ដោយការកសាងសមត្ថភាពយោធាឱ្យបានខ្លាំងក្លាដែលអាចប្រឈមមុខនឹងរាល់ការគំរាមកំហែងទាំងអស់។

កិច្ចប្រជុំខាងលើបានកំណត់ និងដាក់ចេញផែនការក្នុងការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសនៃប្រព័ន្ធប្រយុទ្ធ ពង្រីក និងពង្រឹង កងកម្លាំងនុយក្លេអ៊ែរឱ្យកាន់តែមានលក្ខណៈស្ដង់ដារ មានជំនាញច្បាស់លាស់ ព្រមទាំងធ្វើទំនើបកម្មមូលដ្ឋានទ័ព។ កិច្ចប្រជុំនោះក៏បានពិភាក្សាផងដែរលើការពង្រីកតួនាទីការិយាល័យស៊ើបការណ៍សម្ងាត់ទូទៅ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់យោធាកូរ៉េខាងជើង សំដៅធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពប្រមូល និងតាមដានវិភាគព័ត៌មានសម្ងាត់។

KCNA បានបន្ថែមទៀតថាកិច្ចប្រជុំខាងលើបានដាក់ចេញវិធានសាងសង់មូលដ្ឋានទ័ពជើងទឹកទំនើបៗ និងធ្វើបច្ចុប្បន្នភាពសមត្ថភាពផលិតនាវាចម្បាំងដែលនេះបានឆ្លុះបញ្ចាំង ពីការកើនឡើងតួនាទីកងទ័ពជើងទឹកកូរ៉េខាងជើង៕