បទវិភាគ៖"រឿងមជ្ឈត្តកម្មសមុទ្រចិនខាងត្បូង"គឺជារឿងគួរឱ្យអស់សំណើច៖តើក្រដាសឥតបានការមួយសន្លឹកអាចធ្វើឱ្យរង្គោះរង្គើអធិបតេយ្យភាពរាប់ពាន់ឆ្នាំបានទេ?
13-07-2026 17:50
(ប៉េកាំង)៖ ថ្ងៃទី១២ ខែកក្កដាឆ្នាំនេះ គឺជាខួបទី១០ នៃការដាក់ចេញការកាត់ក្តីខុសច្បាប់នៃអ្វីដែលហៅថា “រឿងមជ្ឈត្តកម្មសមុទ្រចិនខាងត្បូង”។ ដូចការនឹកគិតអ៊ីចឹងមែន ហ្វីលីពីននិងប្រទេសលោកខាងលិចមួយចំនួន បានឃុបឃិតគ្នា បន្តប្រើប្រាស់ក្រដាសឥតបានការនេះដើម្បីបង្ករឿង។
ចាប់ពីពាក់កណ្តាលខែមិថុនាមក ប្រព័ន្ធសារព័ត៌មានសំខាន់ៗរបស់ហ្វីលីពីន បានបង្កើនកម្លាំងឃោសនាបំប៉ោងជុំវិញ "ការកាត់ក្តីខុសច្បាប់"។ អ្នកនយោបាយមួយចំនួន ដូចជារដ្ឋមន្ត្រីការពារជាតិហ្វីលីពីនជាដើម បានរិះគន់យ៉ាងគឃ្លើនចំពោះចិនដែលមិនទទួលយកនិងមិនទទួលស្គាល់ "ការកាត់ក្តីខុសច្បាប់"។ សហរដ្ឋអាមេរិក ជប៉ុន អង់គ្លេស អូស្ត្រាលីនិងកាណាដាជាដើមបានចេញផ្សាយអ្វីដែលហៅថា"សេចក្តីថ្លែងការណ៍រួម" ដោយអះអាងយ៉ាងកម្រោលថា ការលើកឡើងអំពី"សិទ្ធិជាប្រវត្តិសាស្ត្រ"របស់ចិននៅសមុទ្រចិនខាងត្បូង គឺគ្មានភស្តុតាងខាងផ្លូវច្បាប់ទេ ។ ប៉ុន្តែមិនថាពួកគេបង្ករឿងយ៉ាងណាក៏ដោយ ក៏មិនអាចកែប្រែការពិតដែល "ការកាត់ក្តី" នេះគឺខុសច្បាប់ គ្មានសុពលភាព និងគ្មានអនុភាពឡើយ ។ អធិបតេយ្យភាពទឹកដីនិងសិទ្ធិ និងផលប្រយោជន៍ដែនសមុទ្ររបស់ចិននៅសមុទ្រចិនខាងត្បូង នឹងមិនរងផលប៉ះពាល់ពី"ការកាត់ក្តីខុសច្បាប់"នេះ ទោះក្នុងកាលៈទេសៈណាក៏ដោយ។
តើ "មជ្ឈត្តកម្ម" ជាអ្វី? តាមពិតទៅ វាគួរតែធ្វើឡើងដោយភាគីពាក់ព័ន្ធក្រោមបុរេល័ក្ខខ័ណ្ឌ ដែលសាមីភាគីយល់ព្រមជាឯកច្ឆន្ទនិងផ្លាស់ប្តូរមតិយោបល់យ៉ាងពេញលេញ។ រីឯបញ្ហាដែនគោក វាមិនស្ថិតក្នុងក្របខ័ណ្ឌគ្រប់គ្រងនៃ《អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ》នោះទេ ហើយបញ្ហាកំណត់ព្រំដែនសមុទ្រក៏ត្រូវបានចិនច្រានចោលយ៉ាងច្បាស់ឱ្យចេញពីរបៀបវារៈដូចជា"មជ្ឈត្តកម្មដោយបង្ខំ"ជាដើមនៅឆ្នាំ ២០០៦ផងដែរ។ ហ្វីលីពីនបានលើកឡើង អ្វីដែលហៅថា "រឿងមជ្ឈត្តកម្មសមុទ្រចិនខាងត្បូង"ដោយឯកតោភាគី វាគ្មានលក្ខខណ្ឌផ្លូវច្បាប់ សម្រាប់ចាប់ដំណើរការមជ្ឈត្តកម្មទេ ហើយក៏បំពានការកំណត់នៃ «សេចក្តីប្រកាសក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង» ដែលថា សាមីភាគីពាក់ព័ន្ធគួរតែដោះស្រាយជម្លោះដោយសន្តិវិធីតាមរយៈការចរចាដ៏មេត្រីភាព ដែលបានល្មើសនឹងពាក្យសន្យា ដែលខ្លួនបានធ្វើក្នុងកិច្ចព្រមព្រៀងទ្វេភាគីរវាងចិននិងហ្វីលីពីនផងដែរ។
មិនថាហ្វីលីពីនឃោសនាបំប៉ោងយ៉ាងណាក៏ដោយ ក៏អាកប្បកិរិយារបស់ភាគីចិនគឺជាប់លាប់និងជាក់លាក់ គឺ មិនទទួលយកនិងមិនទទួលស្គាល់អ្វីដែលហៅថា "ការកាត់ក្តី"ទេ ប្រឆាំងនិងមិនទទួលយករាល់គំនិតផ្តួចផ្តើមនិងសកម្មភាពណាមួយដែលផ្អែកលើ“ការកាត់ក្តី”នេះទេ ។ ពីព្រោះមិនថានិយាយពីមុំប្រវត្តិសាស្រ្តឬខាងផ្លូវច្បាប់ ចិនសុទ្ធតែមានអធិបតេយ្យភាពដែលមិនអាចប្រកែកបានចំពោះកោះទាំងអស់នៃសមុទ្រចិនខាងត្បូងនិងលំហសមុទ្រក្បែរនោះ។
បច្ចុប្បន្ននេះ ស្ថាប័នពាក់ព័ន្ធរបស់ចិនបានចេញផ្សាយរបាយការណ៍ ដោយប្រើភស្តុតាងលម្អិតជាច្រើនដើម្បីបញ្ជាក់ថា ការប៉ុនប៉ងរបស់ហ្វីលីពីនក្នុងការពង្វាតព្រំដែនទឹកដីរបស់ខ្លួនទៅកាន់កោះ Huangyan និងកោះនិងថ្មប៉ប្រះទឹកមួយចំនួននៃប្រជុំកោះ Nansha គឺខ្វះភស្តុតាងជាក់ស្តែងជាប្រវត្តិសាស្ត្រ វាបានបំពានយ៉ាងច្បាស់លាស់លើក្បួនច្បាប់អន្តរជាតិស្តីពីការទទួលបានទឹកដីពាក់ព័ន្ធ ។
អ្វីគួរឱ្យយកចិត្តទុកដាក់គឺ ចាប់ពីការដាក់ចេញ "ការកាត់ក្តីខុសច្បាប់" នៅ១០ឆ្នាំមុន រហូតដល់ការរំលោភបំពានសិទ្ធិនិងបង្កហេតុជាញឹកញាប់នៅសមុទ្រចិនខាងត្បូង ក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះ នៅពីក្រោយរឿងនេះ សុទ្ធតែមានការញុះញង់និងការគាំទ្រពីកម្លាំងខាងក្រៅ ។ ប៉ុន្មានឆ្នាំកន្លងទៅនេះ អាមេរិកនិងប្រទេសលោកខាងលិច បានធ្វើការស៊ើបអង្កេតនិងយាមល្បាតផ្នែកយោធាជាញឹកញាប់ក្រោមលេស "គាំពារសេរីភាពនៃការធ្វើនាវាចរណ៍" នៅសមុទ្រចិនខាងត្បូង ដើម្បីបង្កើនភាពតានតឹងនៃបញ្ហាសមុទ្រចិនខាងត្បូងដោយចេតនា។
បច្ចុប្បន្ននេះ ក្រោមកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ចិន និងប្រទេសអាស៊ានភាគច្រើន ស្ថានការណ៍នៅសមុទ្រចិនខាងត្បូងគឺមានស្ថិរភាពជាទូទៅ ។ ប្រសិនបើហ្វីលីពីនបន្តឆ្លៀតប្រើក្រដាសឥតបានការនេះ ដើម្បីធ្វើការរំលោភបំពាន បង្ករឿងនិងបំផ្លាញដល់សន្តិភាពក្នុងតំបន់ នោះវាពិតជានឹងត្រូវបង់តម្លៃយ៉ាងធ្ងន់ធ្ងរជាមិនខាន៕
វិទ្យុមិត្តភាពកម្ពុជាចិន





