លោក ​Xi ​Jinping ​ប្រធានរដ្ឋចិន អញ្ជើញចូលរួមពិធីបើក​កិច្ចប្រជុំបញ្ញាសិប្បនិម្មិត​ពិភព​លោក​ឆ្នាំ​២០២៦ ​និងកិច្ចប្រជុំកម្រិតខ្ពស់​ស្តីពីអភិបាលកិច្ចបញ្ញាសិប្បនិម្មិតសកល​ព្រម​ទាំង​ថ្លែង​សុន្ទរកថាគន្លឹះ

18-07-2026 16:20

(ប៉េកាំង)៖ នៅថ្ងៃទី ​១៧ ​ខែកក្កដា ​កិច្ចប្រជុំ​បញ្ញា​សិប្បនិម្មិត​ពិភព​លោក​ឆ្នាំ ​២០២៦ ​និងកិច្ចប្រជុំ​កម្រិត​ខ្ពស់​ស្តីពីអភិបាលកិច្ច​បញ្ញា​សិប្បនិម្មិត​សកល​បាន​ប្រារព្ធធ្វើ​នៅទីក្រុងសៀងហៃ ។ ​លោក ​Xi ​Jinping ​ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមពិធីបើក​ព្រម​និង​ថ្លែង​សុន្ទរកថា​គន្លឹះ​ក្រោម​ចំណង​ជើងថា​«ពួតដៃគ្នាកសាងប្រព័ន្ធអភិបាលកិច្ចបញ្ញាសិប្បនិម្មិតសកល ដែល​យុត្តិធម៌​និង​សមហេតុផល» ។

លោក ​Xi ​Jinping ​បានលើកឡើងថា ​បច្ចុប្បន្ននេះ ​ពិភពលោក​បាន​និង​កំពុង​ស្ថិតក្នុង​បម្រែ​បម្រួល​និម្មាបនកម្ម​ដ៏ខ្លាំង​ដែលមិនធ្លាប់មាន​ក្នុងរយៈពេល ​១ ​រយ​ឆ្នាំ​កន្លង​មក ​បដិវត្តន៍​វិទ្យា​សាស្ត្រ​និង​បច្ចេកវិទ្យា​និង​ការធ្វើនវានុវត្តន៍ខាងឧស្សាហកម្មជុំថ្មី​ កំពុង​ពន្លឿន​ជំហាន​ទៅ​មុខ ​ហើយ​ការច្នៃប្រឌិតថ្មី​ផ្នែក​បច្ចេកវិទ្យា​នៃ​បញ្ញាសិប្បនិម្មិតសកលកំពុង​ឈាន​ចូល​ក្នុង​ដំណាក់​កាល​អភិវឌ្ឍន៍​ថ្មី​ដែលមិនធ្លាប់មានកាលពីមុន ​វា​បាន​បង្កប់​នូវ​កាលានុវត្តភាព​ដ៏​ធំ​ធេង​ផង ​ហើយ​ក៏​ប្រឈមមុខ​នឹង​បញ្ហា​អភិបាលកិច្ច​ផងដែរ ​។ ​ភាគីចិន​សម្គាល់​ឃើញ​ថា ​បណ្តា​ប្រទេសនានា​គួរប្រកាន់ខ្ជាប់​នូវ​ទស្សនៈ​អំពី​ការតម្កល់ទុកមនុស្សជា​អាទិ​ភាព​និង​អភិវឌ្ឍ​AI​ក្នុង​ផ្លូវ​សុចរិត​ដើម្បី​ឱ្យ​AI​ក្លាយជា​ប្រភពកម្លាំង​ចលករ​ដ៏​សំខាន់​មួយ​សម្រាប់​ការ​ជំរុញ​វិបុលភាព​រួម​និង​គាំពារសន្តិសុខរួម ​ក៏ដូចជា​ពួតដៃគ្នាកសាង​ប្រព័ន្ធ​អភិបាលកិច្ច​បញ្ញា​សិប្បនិម្មិត​សកល​ដែល​យុត្តិធម៌​និង​សមហេតុផល ។

លោក ​Xi ​Jinping ​បានលើកឡើងនូវសំណើ ​៤ ​ចំណុច៖ ​ទីមួយ ​ប្រកាន់​ខ្ជាប់​ការបើក​ទូលាយ​និងឈ្នះ-ឈ្នះ​និង​ជំរុញ​ការអភិវឌ្ឍប្រកបដោយភាពច្នៃប្រឌិត​ថ្មី ​។ ​ទីពីរ ​ពង្រឹង​ការ​យល់​ដឹង​ខាង​ហានិភ័យ​ដើម្បីធានា​បាន​នូវ​សុវត្ថិភាព​ដែល​អាច​គ្រប់​គ្រង​បាន ​។ ​ទីបី ​ធ្វើ​ការ​ងារ​ទាំងផ្នែក​លើកទឹកចិត្ត​និង​បរិយាបន្ន​ដើម្បី​ជំរុញ​ការ​រៀន​សូត្រ​ពីគ្នា​ខាង​អរិយធម៌ ​។ ​ទីបួន ​ផ្តួចផ្តើមឱ្យ​ប្រកាន់ខ្ជាប់ការ​រួមសាមគ្គីគ្នា ​និង​ធ្វើ​ឱ្យ​អភិបាល​កិច្ច​សកលមាន​សុក្រឹត​ភាព ​។

លោក ​Xi ​Jinping ​បានសង្កត់ធ្ងន់ថា ​ក្នុងនាមជាប្រទេសធំ​ដែលមានទំនួលខុសត្រូវ ​ជា​និច្ចកាល ​ចិន​តែងតែខិតខំប្រឹងប្រែង​ធ្វើជា​អ្នក​ផ្តល់ផលិតផលសាធារណៈ​ក្នុងវិស័យបញ្ញា​សិប្ប​និម្មិត​សកលដើម្បីរួមចំណែកជាផែនការចិនឥតឈប់ឈរ ​។

លោក ​Kassym-Jomart ​Tokayev ​ប្រធានាធិបតីកាហ្សាក់ស្ថាន ​សម្តេចធិបតី ​ហ៊ុន ​ម៉ាណែត ​នាយករដ្ឋមន្ត្រីកម្ពុជា ​លោក ​អនុទីន ​នាយករដ្ឋមន្ត្រីថៃ​និង​លោក ​Antonio ​Guterres ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​បានថ្លែងសុន្ទរកថា​ដោយឡែកពីគ្នា​ដោយ​វាយតម្លៃខ្ពស់​ចំពោះ​ការរួមចំណែក​ដ៏សំខាន់​របស់ប្រទេសចិន​ក្នុងការ​ជំរុញ​អភិបាល​កិច្ច​បញ្ញា​សិប្បនិម្មិត​សកល​ព្រមទាំង​ឆ្លើយតបយ៉ាងសកម្ម​ចំពោះគំនិតផ្តួចផ្តើម​និង​វិធានការ​ដែល​បាន​លើកឡើង​ដោយលោក ​Xi ​Jinping ​ប្រធានរដ្ឋចិន ​។

សូមបញ្ជាក់ថា ​កិច្ចប្រជុំ​នេះបានចេញផ្សាយ «សេចក្តីថ្លែងការណ៍​របស់​ប្រធាន​នៃ​កិច្ចប្រជុំ​បញ្ញា​សិប្ប​និម្មិត​ពិភព​លោក​ឆ្នាំ ​២០២៦ ​និងកិច្ចប្រជុំកម្រិតខ្ពស់​ស្តីពីអភិបាលកិច្ចបញ្ញា​សិប្ប​និម្មិត​សកល»៕

វិទ្យុមិត្តភាពកម្ពុជាចិន