ដ្រូនអ៊ុយក្រែន វាយប្រហារប្រទេសរុស្ស៉ី សម្លាប់មនុស្ស ៧នាក់ និងបង្កការឆាបឆេះទីតាំងស្តុកប្រេងក្បែរទីក្រុងមូស្គូ
18-07-2026 19:53
(មូស្គូ)៖ អភិបាលតំបន់ក្នុងប្រទេសរុស្ស៉ី បានឱ្យដឹងនៅថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៦ ថាការវាយប្រហារដោយយន្តហោះដ្រូនជាបន្តបន្ទាប់របស់អ៊ុយក្រែន បានសម្លាប់កម្មករឃ្លាំងចំនួន ៧នាក់ និងបណ្តាលឱ្យមនុស្សជាច្រើននាក់ទៀតរងរបួស ខណៈដែលការវាយប្រហារមួយផ្សេងទៀតបានបង្កឱ្យមានអគ្គិភ័យនៅឯឃ្លាំងស្តុកប្រេងមួយកន្លែងក្នុងតំបន់ជុំវិញរដ្ឋធានីមូស្គូ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
អភិបាលតំបន់ Tambov លោក Evgeniy Pervyshov និយាយថាមនុស្ស ២៥នាក់បានរងរបួស បន្ទាប់ពីដ្រូនអ៊ុយក្រែនបុកចូលឃ្លាំងទំនិញមួយកន្លែងរបស់ក្រុមហ៊ុន Wildberries ដែលជាក្រុមហ៊ុនលក់រាយតាមអនឡាញដ៏ធំបំផុតរបស់រុស្ស៉ី ស្ថិតនៅក្នុងទីក្រុង Kotovsk នៃតំបន់ Tambov ចម្ងាយប្រហែល ៤៧៥ គីឡូម៉ែត្រ ភាគអាគ្នេយ៍ទីក្រុងមូស្គូ។ មនុស្ស ៧នាក់ដែលកំពុងបំពេញការងារវេនយប់បានស្លាប់នៅនឹងកន្លែង ហើយដ្រូន ២៨គ្រឿងត្រូវបានបាញ់ទម្លាក់។
តាមអភិបាលតំបន់មូស្គូ លោក Andrei Vorobyov មនុស្ស ២៤នាក់បានរងរបួស បន្ទាប់ពីមានការវាយប្រហារដោយដ្រូនទៅលើឃ្លាំងមួយទៀតរបស់ក្រុមហ៊ុន Wildberries នៅក្នុងទីក្រុង Elektrostal ដែលស្ថិតនៅភាគខាងកើតនៃទីក្រុងមូស្គូ។ ដោយឡែក នៅទីក្រុង Noginsk ដែលស្ថិតក្នុងតំបន់មូស្គូដែរនោះ បំណែកដ្រូនបានបង្កឱ្យមានឆេះទីតាំងស្តុកប្រេងមួយកន្លែង។ លោកមិនបានបញ្ជាក់ពីការខូចខាតទីតាំងទេ ប៉ុន្តែថាមានមនុស្សពីរនាក់រងរបួសនៅ Noginsk ហើយមានការជម្លៀសចេញពីមន្ទីរពេទ្យមួយនៅក្បែរនោះ។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាកងកម្លាំងទីក្រុងកៀវបានវាយប្រហារលើទីតាំងភស្តុភារចំនួនពីរ ដែលរុស្ស៉ីប្រើប្រាស់សម្រាប់ផ្គត់ផ្គង់គ្រឿងបន្លាស់សម្រាប់ការផលិតដ្រូន និងទីតាំងស្តុកប្រេងមួយកន្លែង៕




