* ជប៉ុន ផ្តល់ឥណទានសម្បទានដល់កម្ពុជា ២០០លានដុល្លារ សម្រាប់អនុវត្តគម្រោងគាំទ្របន្ទាន់ លើការពង្រឹងភាពធន់សេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពលប្រកបដោយចីរភាព
* Fresh Exclusive: នៅពេលអាមេរិករវល់នឹងសង្គ្រាម ខណៈចិនបង្កើនការទូត៖ តើកម្ពុជាគួរជឿលើពាក្យសន្យា ឬលទ្ធផលជាក់ស្តែងក្នុងការរក្សាសន្តិភាព?
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចាំនៅកម្ពុជា ជួបសម្តែងការគួរសម
* ក្រសួងវប្បធម៌កម្ពុជា បដិសេធដាច់អហង្ការចំពោះការអះអាងរបស់ រដ្ឋមន្ត្រីវប្បធម៌ថៃ លើប្រាសាទខ្នារ និងប្រាសាទតាក្របី ព្រមទាំងទាមទារឱ្យប្រគល់វត្ថុបុរាណមកវិញ
* រដ្ឋសភាកម្ពុជា ចេញញត្តិថ្កោលទោសដាច់អហង្ការចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែលបង្កើតរដ្ឋសភាខុសច្បាប់នៅទីក្រុងប៉ារីស និងប្រកាសផ្តន្ទាទោសតួអង្គពាក់ព័ន្ធ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយគ្រូបង្គោល និងនាយកសាលាកំពុងអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ
* រុស្ស៉ី និងអ៊ុយក្រែន ចាប់ផ្តើមអនុវត្តបទឈប់បាញ់ក្នុងក្រុង Oleshky ដើម្បីឱ្យមានប្រតិបត្តិការមនុស្សធម៌
* មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរគុណសប្បុរសជនឥស្លាម ចំពោះការបរិច្ចាគទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា
* លោក ត្រាំ ថាការបោះឆ្នោតប្រេស៊ីលមើលទៅដូចជាត្រូវបានលួចបន្លំ ខណៈបក្សរបស់លោក Bolsonaro ទទួលស្គាល់ជ័យជម្នះរបស់លោក Lula
* បោះឆ្នោតពាក់កណ្ដាលអាណត្តិ៖ លោក ត្រាំ សន្យាផ្ដល់រង្វាន់ ១លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅរកការកាត់ទោសជនលួចបន្លំសន្លឹកឆ្នោត
* ជនដែលសមត្ថកិច្ចកម្ពុជាខ្នះខ្នែងតាមចាប់ខ្លួនយ៉ាងសកម្មបំផុត ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីគេចខ្លួនអស់រយៈពេល ៥ឆ្នាំ
* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* កងទ័ពថៃ បង្ហាញវិធានការឆ្លើយតប លើការបាញ់ផ្លោងរបស់មីយ៉ាន់ម៉ា ចូលទៅក្នុងប្រទេសថៃ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កំណើន ៤,៧%៖ ប្រទេសចិនបន្តដើរតួនាទីជាកម្លាំងស្ថិរភាពសម្រាប់សេដ្ឋកិច្ចសកល ក្នុងបរិបទនៃការកើនឡើងភាពមិនប្រកដប្រជា

20-07-2026 17:54

(ប៉េកាំង)៖ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋាភិបាលចិនបានចេញផ្សាយរបាយការណ៍ ស្តីពីការដំណើរការសេដ្ឋកិច្ចប្រចាំឆមាសទីមួយនៃឆ្នាំ២០២៦ ដែលបង្ហាញថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសចិនបានកើនឡើង ៤,៧% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៥។

សម្រាប់ប្រទេសដែលមានទំហំសេដ្ឋកិច្ចលើសពី ១៤០ ទ្រីលានយាន់ និងជាសេដ្ឋកិច្ចធំជាងគេលំដាប់ទី២ របស់ពិភពលោក ការរក្សាបាននូវកំណើនក្នុងកម្រិតនេះ មិនមែនជារឿងសាមញ្ញឡើយ។ ក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមនឹង ភាពមិនប្រាកដប្រជា ការបែកខ្ញែកនៃខ្សែច្រវាក់ផ្គត់ផ្គង់ និងភាពតានតឹងភូមិសាស្ត្រនយោបាយ កំណើនខាងលើ បានឆ្លុះបញ្ចាំងឱ្យឃើញថា សេដ្ឋកិច្ចចិននៅតែបន្តបង្ហាញភាពធន់ និងជាប្រភពនៃទំនុកចិត្តសម្រាប់ទីផ្សារអន្តរជាតិ។

ទោះបីជាជួបប្រទះបញ្ហាប្រឈមដូចជាការគំរាមកំហែងពីមជ្ឈដ្ឋានខាងក្រៅក៏ដោយ គោលនយោបាយម៉ាក្រូសេដ្ឋកិច្ចចិន នៅតែមានប្រសិទ្ធភាពក្នុងការរក្សាស្ថិរភាព និងជំរុញកំណើនក្នុងស្រុក។ តួយ៉ាង តម្លៃបន្ថែមនៃឧស្សាហកម្មធុនមធ្យម និងធំនៅទូទាំងប្រទេសចិន បានកើនឡើង ៥,៤% ហើយទំហំនៃការលក់រាយទំនិញប្រើប្រាស់ និងសេវាកម្មក្នុងស្រុក បានកើនឡើង ២,៧% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ជាមួយគ្នានេះ ទំហំពាណិជ្ជកម្មលើទំនិញសរុបបានកើនឡើង ១៦,៩% ក្នុងនោះការនាំចូលកើនឡើង ២២,១% មានចំនួនលើសពី ១០ទ្រីលានយាន់ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។

សូចនាករទាំងនេះ មិនត្រឹមតែបង្ហាញអំពីភាពធន់ និងភាពរឹងមាំនៃសេដ្ឋកិច្ចចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបញ្ជូនសញ្ញាវិជ្ជមាន ដល់វិនិយោគិនអន្តរជាតិផងដែរ។ ខណៈសេដ្ឋកិច្ចធំៗជាច្រើនកំពុងប្រឈមនឹងហានិភ័យនៃកំណើនយឺត ប្រទេសចិននៅតែ ត្រូវបានចាត់ទុកជាគោលដៅវិនិយោគដ៏សំខាន់មួយលំដាប់កំពូលទាំង៣ សម្រាប់សហគ្រាសអន្តរជាតិជាច្រើន ដែលសម្លឹងមើលឃើញសក្ដានុពលរយៈពេលវែងរបស់ទីផ្សារចិន។

សមិទ្ធផលទាំងនេះមិនមែនកើតឡើងដោយចៃដន្យឡើយ តែជាលទ្ធផលនៃការអនុវត្តយ៉ាងសកម្មនូវផែនការប្រាំឆ្នាំលើកទី១៥ (២០២៦-២០៣០) និងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ប្រទេសចិន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលចិនបានផ្តោតការយកចិត្តទុកដាក់ខ្ពស់ ចំពោះការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី ការជំរុញនវានុវត្តន៍ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការអភិវឌ្ឍឧស្សាហកម្មបៃតង និងការធ្វើទំនើបកម្មខ្សែច្រវាក់ឧស្សាហកម្ម និងផ្គត់ផ្គង់។ កត្តាទាំងនេះបានក្លាយជាកម្លាំងជំរុញថ្មីសម្រាប់កំណើនសេដ្ឋកិច្ច និងជួយពង្រឹងសមត្ថភាពរបស់ចិនក្នុងការឆ្លើយតបទៅនឹង ហានិភ័យពីមជ្ឈដ្ឋានខាងក្រៅ។

ជាមួយគ្នានេះ ការបន្តបើកចំហទីផ្សារចិនតាមរយៈការកាត់បន្ថយរបាំងពន្ធគយ និងការសម្របសម្រួលពាណិជ្ជកម្ម បានរួមចំណែកជាវិជ្ជមានដល់ការពង្រឹងសេរីភាវូបនីយកម្ម និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរជាតិ។ បច្ចុប្បន្ននេះ ប្រទេសចិនបានអនុវត្តគោលនយោបាយពន្ធគយសូន្យភាគរយចំពោះប្រទេសចំនួន ៦៣ ហើយទំហំនាំចូលរបស់ប្រទេសចិន បានឈរនៅលំដាប់ទី២ លើពិភពលោកក្នុងរយៈពេល ១៧ ឆ្នាំជាប់ៗគ្នា។ ការបន្តពង្រីកការបើកចំហ និងការនាំចូលរបស់ចិន មិនត្រឹមតែគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់កាលានុវត្តភាពសម្រាប់បណ្តាប្រទេសដៃគូ ក្នុងការពង្រីកទីផ្សារ និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចផងដែរ។

សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសបណ្តាប្រទេសអាស៊ាន រួមទាំងកម្ពុជា ភាពរឹងមាំនៃសេដ្ឋកិច្ចចិនមានសារៈសំខាន់ យ៉ាងខ្លាំង។ ក្នុងនាមជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អាស៊ាន និងជាប្រភពវិនិយោគដ៏សំខាន់មួយ កំណើនសេដ្ឋកិច្ចរបស់ចិន បានរួមចំណែកដល់ ការបង្កើតកាលានុវត្តភាពថ្មីៗសម្រាប់ពាណិជ្ជកម្ម ការវិនិយោគ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់។ ក្នុងន័យនេះ ស្ថិរភាពនៃសេដ្ឋកិច្ចចិនមិនត្រឹមតែត្រួសត្រាយផ្លូវឱ្យចិន សម្រេចបាននូវគោលដៅសតវត្សរ៍ទីពីររបស់ខ្លួនទេ តែថែមទាំងជួយដល់ការងើបឡើងនៃកំណើនសេដ្ឋកិច្ចតំបន់ និងសកលផងដែរ។

សរុបមកវិញ មិនថាស្ថានការណ៍ពិភពលោកមានការប្រែប្រួល និងប្រឈមនឹងភាពមិនប្រាកដប្រជាកាន់តែខ្លាំងយ៉ាងណា ភាពធន់ និងសក្ដានុពលនៃកំណើនសេដ្ឋកិច្ចចិនបានបង្ហាញឱ្យឃើញថា ប្រទេសចិននៅតែដើរតួនាទីយ៉ាងសំខាន់ ក្នុងការគាំទ្រស្ថិរភាព និងកំណើនសេដ្ឋកិច្ចសកល។ ជាមួយនឹងការបន្តអនុវត្តកំណែទម្រង់ ការបើកចំហកម្រិតខ្ពស់ និងការជំរុញនវានុវត្តន៍ ប្រទេសចិននឹងបន្តដើរតួនាទីជាកម្លាំងស្ថិរភាពសម្រាប់សេដ្ឋកិច្ចតំបន់ និងសកល ដែលនឹងនាំមកនូវវិបុលភាពរួម សម្រាប់ទាំងអស់គ្នា៕

ដោយលោក ហ៊ូ ចំរើន
អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា