គ្រោះទឹកជំនន់នៅភាគខាងកើតអាហ្វហ្កានីស្ថាន ឆក់យកជីវិតមនុស្ស ២០នាក់ និង ១០០នាក់ទៀតកំពុងបាត់ខ្លួន (Video inside)

21-07-2026 10:20

(កាប៊ុល)៖ គិតត្រឹមថ្ងៃចន្ទ ទី២០​ ខែកក្កដា ឆ្នាំ២០២៦ មនុស្សយ៉ាងហោចណាស់ ២០នាក់បានស្លាប់ ប្រហែល ៨០នាក់ផ្សេងទៀតរងរបួស និងជាង ១០០នាក់នៅតែបន្តបាត់ខ្លួន បន្ទាប់ពីទឹកជំនន់ភ្លាមៗបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង វាយប្រហារខេត្ត Nuristan ភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិន Xinhua។

អ្នកនាំពាក្យនៃទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់អាហ្វហ្កានីស្ថាន លោក Yousuf Hammad និយយាថា ទឹកជំនន់បានបង្កការខូចខាតធ្ងន់ធ្ងរ នៅក្នុងខេត្ត Nuristan។ មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានទៅដល់តំបន់រងគ្រោះ ហើយចាប់ផ្តើមប្រតិបត្តិការជួយសង្គ្រោះ និងស្វែងរកអ្នកបាត់ខ្លួន។

លោក Hammad បន្ថែមថា តួលេខបឋមអំពីចំនួនអ្នករងគ្រោះ ក៏ដូចជាការខូចខាតទ្រព្យសម្បត្តិ នឹងត្រូវប្រកាសពេលដែលបញ្ចប់ការស៉ើបអង្កេត និងវាយតម្លៃ។ តាមអាជ្ញាធរមូលដ្ឋានទីក្រុង Parun នៃខេត្ត Nuristan ដែលជាតំបន់រងផលប៉ះពាល់ធ្ងន់ជាងគេ ផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន បានរងការខូចខាតដោយសារទឹកជំនន់៕