បទវិភាគ៖ កំណែទម្រង់ផ្នែកអេកូឡូស៊ីរបស់ប្រទេសចិន ផ្តល់នូវផែនទីចង្អុលបង្ហាញផ្លូវដែលអាចចម្លងបានសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍
21-07-2026 17:53
(ប៉េកាំង)៖ កាលពីថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៣ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានធ្វើការរៀបចំចាត់ចែងជាប្រព័ន្ធចំពោះ "ការជំរុញកិច្ចកសាងប្រទេសចិនដ៏ស្រស់ស្អាតដោយគ្រប់ជ្រុងជ្រោយ" ជាលើកដំបូងនៅក្នុងកិច្ចប្រជុំស្តីពីការអភិរក្សបរិស្ថានអេកូឡូស៊ីទូទាំងប្រទេសចិន ។
នៅខែកក្កដា ឆ្នាំ ២០២៦ ក្នុងខណៈពេលខួបទី ៣ នៃការលើកឡើងជាយុទ្ធសាស្ត្រ ស្តីពីការកសាងប្រទេសចិនដ៏ស្រស់ស្អាតដោយគ្រប់ជ្រុងជ្រោយ ក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានបោះពុម្ពផ្សាយនិងចែកចាយ «ផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ ស្តីពីការកសាងប្រទេសចិនដ៏ស្រស់ស្អាតដោយគ្រប់ជ្រុងជ្រោយ» ដោយកំណត់យ៉ាងច្បាស់លាស់នូវគោលដៅតស៊ូរបស់ចិន ពោលគឺ ដល់ឆ្នាំ ២០៣០ គុណភាពនៃបរិស្ថានអេកូឡូស៊ី នឹងត្រូវកែលម្អដោយគ្រប់ជ្រុងជ្រោយនិងការកសាងប្រទេសចិនដ៏ស្រស់ស្អាតទទួលបានការវិវឌ្ឍដ៏សំខាន់ថ្មី ។
ក្នុងរយៈពេលបីឆ្នាំកន្លងមក ប្រទេសចិនស្វែងរកបាននូវមាគ៌ាទំនើបកម្មដែលមនុស្សជាតិនិងធម្មជាតិរួមរស់នៅជាមួយគ្នាប្រកបដោយភាពចុះសម្រុងគ្នាតាមរយៈវិធានការកំណែទម្រង់ផ្នែកអេកូឡូស៊ីដ៏ជ្រាលជ្រៅមួយចំនួន ហើយមាគ៌ានេះកំពុងផ្តល់នូវផែនទីចង្អុលបង្ហាញផ្លូវសម្រាប់អភិបាលកិច្ចអេកូឡូស៊ីដែលអាចចម្លងបាននិងផ្សព្វផ្សាយបានសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ទាំងឡាយនៅទូទាំងពិភពលោក។
ទីមួយ ការរចនាពីលំដាប់កំពូល៖តម្កល់ទុកអរិយធម៌អេកូឡូស៊ីជាយុទ្ធសាស្រ្តថ្នាក់ជាតិ ។ បទពិសោធចម្បងនៃកំណែទម្រង់ផ្នែកអេកូឡូស៊ីរបស់ប្រទេសចិន គឺ ស្ថិតនៅត្រង់ថា បានដាក់បញ្ចូលការកសាងអរិយធម៌អេកូឡូស៊ីទៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ។ រដ្ឋាភិបាលចិនបានដាក់បញ្ចូលការកសាងអរិយធម៌អេកូឡូស៊ីទៅក្នុងរដ្ឋធម្មនុញ្ញ ហើយតម្កល់ទុក"ប្រទេសចិនដ៏ស្រស់ស្អាត"ជាគោលដៅសំខាន់សម្រាប់ការកសាងប្រទេសសង្គនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ ។ ការរចនាប្រព័ន្ធរបបថ្នាក់ជាតិបែបនេះ បានផ្តល់នូវការធានាផ្នែកនយោបាយនិងសមត្ថភាពប្រតិបត្តិដ៏ខ្លាំងក្លាសម្រាប់អភិបាលកិច្ចអេកូឡូស៊ី ។
បើនិយាយចំពោះប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន បើប្រៀបធៀបនឹងការអភិរក្សអេកូឡូស៊ី កំណើនសេដ្ឋកិច្ចរយៈពេលខ្លីត្រូវបានចាត់ទុកថាជាយុទ្ធសាស្ត្រអភិវឌ្ឍន៍អាទិភាពចម្បង ឬសគល់នៃមូលហេតុ គឺស្ថិតនៅត្រង់ថា ខ្វះការរឹតត្បិតយ៉ាងរឹងមាំពីប្រព័ន្ធរបបលំដាប់កំពូល ។ ការអនុវត្តជាក់ស្តែងរបស់ប្រទេសចិនបង្ហាញឱ្យឃើញថា មានតែតម្កល់ទុកអរិយធម៌អេកូឡូស៊ីជាឆន្ទៈជាតិប៉ុណ្ណោះ ទើបអាចបង្កើតយន្តការតុល្យភាព ដែលមានលក្ខណៈជាប្រព័ន្ធរវាងការអភិវឌ្ឍនិងការអភិរក្ស ។
ទីពីរ យន្តការទីផ្សារភាវូបនីយកម្ម៖ធ្វើឱ្យការអភិវឌ្ឍបៃតងក្លាយជាកម្លាំងចលករផ្ទៃក្នុងនៃសេដ្ឋកិច្ច ភាពច្នៃប្រឌិតថ្មីដ៏សំខាន់មួយទៀត ក្នុងកំណែទម្រង់អេកូឡូស៊ីរបស់ប្រទេសចិន គឺ ស្ថិតនៅត្រង់ថា នាំចូលយន្តការទីផ្សារទៅក្នុងអភិបាលកិច្ចបរិស្ថាន ។ កាលពីថ្ងៃទី ១៦ខែកក្កដា ឆ្នាំ ២០២១ ទីផ្សារលក់ដូរសិទ្ធិបញ្ចេញកាបូនទូទាំងប្រទេសចិនបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ។ នេះគឺជាវិធានការដ៏សំខាន់របស់ប្រទេសចិនដើម្បីសម្រេចបាននូវគោលដៅកាត់បន្ថយការបញ្ចេញកាបូនបន្ទាប់ពីឡើងដល់ចំណុចកំពូលនិងអព្យាក្រឹតភាពកាបូន ។ គិតមកទល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥ ចំនួនលក់ដូរសរុបនៃកូតាកាបូនក្នុងទីផ្សារលក់ដូរសិទ្ធិបញ្ចេញកាបូននៅទូទាំងប្រទេសចិនបានឡើងដល់ ៨៦៥ លានតោន ត្រូវជាជិត ៥៧,៦៦៣ ប៊ីលានយាន់ប្រាក់ចិន ។ នៅឆ្នាំ ២០២៥ ឧស្សាហកម្មបញ្ចេញកាបូនសំខាន់ៗមានដូចជា ដែកថែប ស៊ីម៉ងត៍និងការលត់អាលុយមីញ៉ូមជាដើមត្រួវបានដាក់បញ្ចូលក្នុងទីផ្សារកាបូនទូទាំងប្រទេសចិនបន្ថែមទៀត ហើយបរិមាណបញ្ចេញកាបូនចំនួនជាង ៦០ ភាគរយនៅទូទាំងប្រទេសត្រូវដាក់បញ្ចូលក្នុងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព ។
បទពិសោធបែបនេះមានតម្លៃជាពិសេសចំពោះប្រទេសកំពុងអភិវឌ្ឍន៍ ។ គោលគំនិតប្រពៃណីចិនសម្គាល់ឃើញថា ការអភិរក្សបរិស្ថានមុខជានឹងជះឥទ្ធិពលអវិជ្ជមានដល់កំណើនសេដ្ឋកិច្ចជាមិនខាន ប៉ុន្តែដំណើរការនៃទីផ្សារកាបូនរបស់ចិនបញ្ជាក់ថា ការរចនាពីប្រព័ន្ធរបបដ៏សមហេតុផលអាចធ្វើឱ្យការរឹតបន្តឹងផ្នែកបរិស្ថានឱ្យប្រែទៅជាកម្លាំងចលករនៃនវានុវត្តន៍ដែលធ្វើឱ្យការធ្វើបរិវត្តកម្មបៃតងក្លាយជាចំណុចកំណើនសេដ្ឋកិច្ចថ្មី ។ បច្ចុប្បន្ននេះ ទំហំតម្លៃផលិតកម្មនៃឧស្សាហកម្មបៃតងនិងកាបូនទាបរបស់ប្រទេសចិនមានចំនួនប្រហែល ១១ ទី្រលានយាន់ប្រាក់ចិនជាមួយនឹងសហគ្រាសពាក់ព័ន្ធជាង ២ លានសហគ្រាស ដែលជាលទ្ធផលនៃការធ្វើអន្តរកម្មដ៏លអប្រសើររវាងយន្តការទីផ្សារនិងគោលដៅអេកូឡូស៊ី ។
ទីបី ការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យាគឺជាការគាំទ្រដ៏សំខាន់សម្រាប់ការកសាងប្រទេសចិនដ៏ស្រស់ស្អាត។ ក្នុងរយៈពេលជាច្រើនឆ្នាំ កន្លងមក នៅជាយវាលខ្សាច់ Taklamakan នៃភូមិភាគស្វយ័តស៊ីនជាំង រដ្ឋបាលក្នុងតំបន់បានចាត់វិធានការជាច្រើនដូចជាគម្រោងថាមពលសូឡា ការបង្ការនិងគ្រប់គ្រងរហោឋានកម្មតាមរយៈការដាំដើមឈើជាដើមដែលបានប្រែពីវាលខ្សាច់ដ៏ធំល្វឹងល្វើយទៅជា"សមុទ្រពណ៌ខៀវ"នៃថាមពលកកើតឡើងវិញ ។ បច្ចុប្បន្ននេះ ប្រទេសចិនបានបង្កើតរួចរាល់នូវប្រព័ន្ធថាមពលកកើតឡើងវិញដ៏ធំបំផុតនិងអភិវឌ្ឍលឿនបំផុតនៅលើពិភពលោក ដែលសមាមាត្រនៃអគ្គិសនីបៃតងមានចំនួនជិត ៤០ ភាគរយនៃបរិមាណប្រើប្រាស់អគ្គិសនីក្នុងសង្គមទាំងមូល ។
ក្នុងនាមជាប្រទេសដែលបន្ថែមភាពបៃតងច្រើនបំផុតនិងឆាប់បំផុតនៅលើពិភពលោកទាំងមូល ប្រទេសចិនបាននិងកំពុងជំរុញការធ្វើបរិវត្តកម្មបៃតងសកលតាមរយៈ "បច្ចេកវិទ្យាផ្តល់ផលប្រយោជន៍ជាទូទៅ" ។ នៅឆ្នាំ ២០២៥ ការនាំចេញផលិតផលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាខ្ពស់របស់ចិនបានកើនឡើង ១៣,២ ភាគរយនិងការនាំចេញ"ផលិតផលថ្មីទាំងបី"(រថយន្តអគ្គិសនី អាគុយលីចូមនិងផលិតផលប្រព័ន្ធ PV )បានកើនឡើង ២៧,១ ភាគរយ ។ ក្នុងអំឡុងពេលអនុវត្តផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៤ ផលិតផលថាមពលអគ្គិសនីដើរដោយកម្លាំងខ្យល់និងផលិតផលប្រព័ន្ធ PV ដែលបាននាំចេញដោយប្រទេសចិនបានកាត់បន្ថយការបញ្ចេញកាបូនចំនួនសរុប ៤,១ ប៊ីលានតោនសម្រាប់ប្រទេសដទៃទៀត ។
រាល់ផែនទីចង្អុលបង្ហាញផ្លូវដែលអាចចម្លងបានចាំបាច់ត្រូវមានប្រសិទ្ធភាពនិងវឌ្ឍនភាពដែលអាចពិនិត្យបញ្ជាក់បាន ។ ឆ្លងតាមរយៈកិច្ចខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំ សមាមាត្រនៃថ្ងៃមានខ្យល់អាកាសល្អនៅទូទាំងប្រទេសចិនបានបង្កើតកំណត់ត្រាកម្រិតល្អបំផុតចាប់តាំងពីការតាមដានត្រួតពិនិត្យមក កំហាប់ភាគល្អិតនិចល PM2.5 គិតជាមធ្យមនៅទូទាំងប្រទេសចិនបានកាត់បន្ថយដល់ ២៨ មីក្រូក្រាមក្នុង ១ ម៉ែត្រគូប ហើយសមាមាត្រនៃថ្ងៃមានខ្យល់អាកាសល្អបានកើនឡើងដល់ ៨៩,៣ ភាគរយដែលបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានការធ្លាក់ចុះលឿនបំផុតនៃកម្រិតប្រើប្រាស់ថាមពលនិងការកែលម្អគុណភាពខ្យល់អាកាសច្បាស់លាស់បំផុតនៅទូទាំងពិភពលោក។ សមាមាត្រនៃទឹកលើផ្ទៃដីដែលមានគុណភាពល្អបានឈានដល់ ៨៧,៩ ភាគរយ ។
ប្រទេសចិនសម្រេចបាននូវការបង្ការនិងគ្រប់គ្រងរហោឋានកម្មចំនួនសរុបជាង ១៨,៥ លានហិកតាដែលសម្រេចបាននូវ "កំណើនសូន្យ" នៃឱនភាពដីនិង "ការធ្លាក់ចុះចំនួនពីរ" ខាងដីរហោឋានកម្មនិងឱនភាពដីដែលបាននាំមុខគេលើទូទាំងពិភពលោក ។ អត្រាគ្របដណ្តប់ព្រៃឈើរបស់ចិនមានចំនួនលើសពី ២៥ ភាគរយ អត្រាគ្របដណ្តប់ដើមឈើនិងវាលស្មៅមានចំនួនលើសពី ៥៦ ភាគរយ ហើយទំហំស្តុកព្រៃឈើមានចំនួនលើសពី ២០,៩ ប៊ីលានម៉ែត្រគូប ដែលបានរួមចំណែក ជាទំហំបៃតងថ្មីមួយភាគបួនសម្រាប់ពិភពលោក ។ សមិទ្ធផលដ៏គួរឱ្យកត់សម្គាល់ទាំងនេះបង្ហាញឱ្យឃើញថា អភិបាលកិច្ចអេកូឡូស៊ីមិនមែនជាគោលដៅដែលនៅសែនឆ្ងាយមិនអាចសម្រេចបាននោះទេ ប៉ុន្តែគឺជាភារកិច្ចដែលអាចសម្រេចបានជាបណ្តើរៗតាមរយៈការគ្រោងផែនការជាប្រព័ន្ធ ការធ្វើនវានុវត្តន៍ខាងប្រព័ន្ធច្បាប់និងការទម្លាក់ថវិកាជាបន្តបន្ទាប់។
កំណែទម្រង់អេកូឡូស៊ីរបស់ប្រទេសចិនមិនមែនធ្វើត្រាប់ តាមរូបមន្តនៃប្រទេសលោកខាងលិចនោះទេ ប៉ុន្តែគឺស្វែងរកបាននូវមាគ៌ាអភិវឌ្ឍន៍ពិសេសដែលស្របតាមលក្ខខណ្ឌជាតិរបស់ខ្លួន ។ វាបានបំបែកទស្សនៈយល់ដឹងខុសឆ្គងថា ការធ្វើទំនើបកម្មត្រូវធ្វើតាមតែលោកខាងលិច ហើយបានបញ្ជាក់ថា ប្រទេសកំពុងអភិវឌ្ឍន៍មានលទ្ធភាពទាំងស្រុងក្នុងការសម្រេចបាននូវតុល្យភាពថាមវន្តនៃប្រព័ន្ធអេកូឡូស៊ីក្នុងដំណើរការឧស្សាហូបនីយកម្ម ។ អ្នកជំនាញអន្តរជាតិជាច្រើនរូបបានលើកឡើងថា បទពិសោធរបស់ចិនដែលទទួលបាន ក្នុងការរៀបចំផែនការដែនដី ស្តារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ីនិងកិច្ចសហការផ្នែកអភិបាលកិច្ចដោយពហុភាគីបានផ្តល់នូវមាគ៌ា ដែលអាចយកទៅរៀនតាមសម្រាប់ប្រទេសនានាដែលស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ស្រដៀងគ្នា ។ រូបមន្តគ្រប់គ្រងរហោឋានកម្មរបស់ប្រទេសចិន មិនត្រឹមតែបានទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពនូវឱនភាពដីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្តល់នូវបទពិសោធដ៏មានតម្លៃ ដែលអាចចម្លងបាននិងអាចផ្សព្វផ្សាយបានសម្រាប់តំបន់រាំងស្ងួតនៅទូទាំងពិភពលោកក្នុងការឆ្លើយតបនឹង បម្រែបម្រួលអាកាសធាតុផងដែរ។
ឈរនៅដំណាក់កាលគន្លឹះនៃខួបទី ៣ ឆ្នាំនៃការកសាងប្រទេសចិនដ៏ស្រស់ស្អាតដោយគ្រប់ជ្រុងជ្រោយ ការដាក់ចេញនូវ «ផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ ស្តីពីការកសាងប្រទេសចិនដ៏ស្រស់ស្អាតដោយគ្រប់ជ្រុងជ្រោយ»ជាសញ្ញាកត់សម្គាល់ថា កំណែទម្រង់អេកូឡូស៊ីរបស់ប្រទេសចិនបានឈានចូលដំណាក់កាលថ្មី ។ ពីការរចនាពីលំដាប់កំពូលដល់យន្តការទីផ្សារ ពីអភិបាលកិច្ចជាប្រព័ន្ធដល់ការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យា ការអនុវត្តជាក់ស្តែងរបស់ប្រទេសចិនបានបញ្ជាក់ថា មាគ៌ាស្តីពីការតម្កល់ទុកការអភិវឌ្ឍអេកូឡូស៊ី ជាអាទិភាពចម្បងនិងមាគ៌ាអភិវឌ្ឍន៍បៃតងមិនត្រឹមតែអាចដំណើរការបាន ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចដើរបានឆ្ងាយផងដែរ ។ បើនិយាយចំពោះប្រទេសកំពុងអភិវឌ្ឍន៍ទាំងឡាយដែលមានបំណងចង់អភិរក្សភ្នំបៃតងទឹកស្អាត ក្នុងដំណើរការអភិវឌ្ឍន៍រៀងៗខ្លួន ផែនទីចង្អុលបង្ហាញផ្លូវបៃតងដែលលើកឡើងដោយប្រទេសចិន គឺមានតម្លៃសម្រាប់ការសិក្សាស្រាវជ្រាវ ដោយយកចិត្តទុកដាក់និងរៀនសូត្រតាមលក្ខខណ្ឌក្នុងតំបន់៕
វិទ្យុមិត្តភាពកម្ពុជាចិន







