សភាតំណាងរាស្ត្រអាមេរិក អនុម័តកញ្ចប់ថវិកាការពារជាតិដ៏មហាសាល ទោះបារម្ភពីសង្រ្គាមអ៉ីរ៉ង់ (Video inside)
23-07-2026 10:09
(វ៉ាស៊ីនតោន)៖ សភាតំណាងរាស្ត្រអាមេរិក កាលពីថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២៦ បានអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីកញ្ចប់ថវិកាយោធាដ៏មហាសាលមួយ បើទោះជាមានការព្រួយបារម្ភពីគណបក្សប្រជាធិបតេយ្យ អំពីការចំណាយដ៏មហាសាលបែបនេះ សង្រ្គាមជាមួយអ៉ីរ៉ង់ និងចំណុចមួយដែលនឹងជំរុញទំនាក់ទំនងរវាងមន្ទីរបញ្ចកោណ និងអ៉ីស្រាអែលក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ច្បាប់សារពើពន្ធ National Defense Authorization Act ឆ្នាំ២០២៧ ឬហៅកាត់ថា NDAA ដែលនឹងអនុញ្ញាតលើការចំណាយដល់ទៅ ១,១៥ទ្រីលានដុល្លារសម្រាប់យោធាត្រូវបានអនុម័តដោយសភាតំណាងរាស្ត្រអាមេរិកក្នុងសំឡេងគាំទ្រ ២១៦ ទល់នឹង ២១២សំឡេងជំទាស់។ ក្នុងការបោះឆ្នោតនេះមានអ្នកតំណាងរាស្ត្រមកពីគណបក្សសាធារណរដ្ឋ ៧នាក់ និងប្រជាធិបតេយ្យ៦នាក់ បានបោះឆ្នោតជំទាស់នឹងសេចក្ដីព្រាងច្បាប់នេះ។ គណបក្សប្រជាធិបតេយ្យកន្លងមកបានជំទាស់ទៅនឹងកញ្ចប់ថវិកាដ៏សម្បើមបែបនេះសម្រាប់មន្ទីរបញ្ចកោណ ក្នុងពេលដែលប្រធានាធិបតី លោក ដូណាល់ ត្រាំ និងអ្នកតំណាងរាស្ត្រសាធារណរដ្ឋបានកាត់បន្ថយការចំណាយលើសង្គមកិច្ច។ ពួកគេក៏បានជំទាស់ផងដែរចំពោះសង្រ្គាមជាមួយអ៉ីរ៉ង់ដែលមន្ទីរបញ្ចកោណទើបតែបានអះអាងថាសហរដ្ឋអាមេរិកបានចំណាយអស់ ៣៧,៥ពាន់លានដុល្លារក្នុងសង្រ្គាមនេះមកទល់នឹងបច្ចុប្បន្ន។
យ៉ាងណាក៏ដោយខាងគណបក្សសាធារណរដ្ឋបានអះអាងថាការអនុម័តច្បាប់ NDAA មានសារៈសំខាន់ដើម្បីគាំទ្រដល់យោធាអាមេរិកដែលកំពុងធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់ ផ្ដល់មូលនិធិដល់ការអភិវឌ្ឍប្រព័ន្ធអាវុធការពារ ការទិញបរិក្ខារយោធា និងការផ្ដល់អត្ថាប្រយោជន៍ដល់កងទ័ព ក្នុងនោះរួមមានការដំឡើងប្រាក់ខែ ៧ភាគរយ ការសាងសង់កន្លែងស្នាក់នៅសម្រាប់កងទ័ព និងគ្រួសាររបស់ពួកគេ។
គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាធិបតេយ្យបានរាំងខ្ទប់ការអនុម័តច្បាប់ NDAA ម្ដងរួចហើយ តែខាងថ្នាក់ដឹកនាំគណបក្សសាធារណរដ្ឋបានសន្យាថាពួកគេនឹងព្យាយាមម្ដងទៀតដើម្បីជំរុញការអនុម័តសេចក្ដីព្រាងច្បាប់នេះឱ្យមុនវិស្សមកាលនៅខែសីហាខាងមុខ។ ប្រសិនបើច្បាប់ NDAA ត្រូវបានព្រឹទ្ធសភាអាមេរិកអនុម័ត នោះវានឹងត្រូវបញ្ជូនទៅកានសេតវិមានដើម្បីឱ្យលោក ដូណាល់ ត្រាំ ចុះហត្ថលេខាឱ្យក្លាយទៅជាច្បាប់ផ្លូវការ ឬក៏លោកប្រើអំណាចវេតូ៕






