ប្រេសិតអាស៊ានបញ្ជាក់ថា លទ្ធភាពអនុញ្ញាតឱ្យមេដឹកនាំមីយ៉ាន់ម៉ាចូលរួមកិច្ចប្រជុំកំពូល គឺ «នៅឆ្ងាយណាស់» (Video inside)
23-07-2026 19:40
(ម៉ានីល)៖ រដ្ឋមន្ត្រីការបរទេសហ្វីលីពីន បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា លទ្ធភាពនៃការអនុញ្ញាតឱ្យមេដឹកនាំមីយ៉ាន់ម៉ា (Myanmar) ចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) គឺ «នៅឆ្ងាយណាស់»។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានក្រោយកិច្ចប្រជុំអាស៊ាន លោកស្រី ម៉ារីយ៉ា ថេរ៉េសា ឡាសារ៉ូ (Maria Theresa Lazaro) ដែលជាប្រេសិតពិសេសរបស់អាស៊ានទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ា បានលើកឡើងថា ប្រទេសដែលកំពុងជួបសង្គ្រាមស៊ីវិលមួយនេះ មិនទាន់អាចវិលត្រឡប់មកវិញបានទេ ដោយសារការអនុវត្ត «កិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច» ដែលជាផែនការសន្តិភាពរបស់អាស៊ាន កំពុងស្ថិតក្រោមការវាយតម្លៃនៅឡើយ។ លោកស្រីបានសង្កត់ធ្ងន់ថា «វានៅឆ្ងាយណាស់... ដោយសារមានមន្ទិលសង្ស័យជាច្រើនជុំវិញការអនុវត្តកិច្ចព្រមព្រៀងនេះពីសំណាក់ពួកគេ»។
លោកស្រី ឡាសារ៉ូ ដែលគ្រោងនឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ានៅចុងឆ្នាំនេះ បានបន្ថែមថា លោកស្រីក៏មិនទាន់ប្រាកដថានឹងទទួលបានការអនុញ្ញាតឱ្យចូលជួបជ័យលាភីណូបែលសន្តិភាព លោកស្រី អោងសាន ស៊ូជី (Aung San Suu Kyi) ដែលត្រូវបានទម្លាក់ពីអំណាចក្នុងរដ្ឋប្រហារឆ្នាំ២០២១ នោះដែរ។ បន្ថែមពីនេះ អាស៊ាននឹងបង្កើតសូចនាករវាយតម្លៃការអនុវត្តផែនទីបង្ហាញផ្លូវសន្តិភាពនេះ ហើយការខកខានមិនបានសម្រេចតាមគោលដៅ នឹងត្រូវចាត់ទុកថាជាការមិនគោរពតាមកិច្ចព្រមព្រៀង។
គួររំលឹកថា អតីតមេបញ្ជាការយោធាកំពូល និងជាប្រធានាធិបតីបច្ចុប្បន្ន លោក មីន អោងឡាំង (Min Aung Hlaing) បានយល់ព្រមលើផែនការសន្តិភាពនេះជាមួយអាស៊ាន កាលពីខែមេសា ឆ្នាំ២០២១។ ទោះជាយ៉ាងណា ដោយសារតែរបបយោធាមិនបានអនុវត្តតាមកិច្ចព្រមព្រៀង ដែលតម្រូវឱ្យមានការសន្ទនា បញ្ឈប់អំពើហិង្សា និងផ្តល់ជំនួយមនុស្សធម៌ អាស៊ានក៏បានសម្រេចហាមឃាត់មេដឹកនាំមីយ៉ាន់ម៉ាមិនឱ្យចូលរួមកិច្ចប្រជុំកំពូលរបស់ខ្លួនតាំងពីពេលនោះមក។ ស្របពេលជាមួយគ្នានេះ សភាគាំទ្រយោធារបស់មីយ៉ាន់ម៉ា ថ្មីៗនេះ ក៏បានអនុម័តសេចក្តីសម្រេចបដិសេធកិច្ចព្រមព្រៀង ៥ចំណុចនេះ ដោយចាត់ទុកថាជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួនផងដែរ៕




