លោក ត្រាំ បញ្ជាក់ថាកិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក-អារ៉ាប៊ីសាអូឌីត អាចទៅរួចលុះត្រាតែទីក្រុងរីយ៉ាដចូលរួមក្នុង Abraham Accords (Video inside)
23-07-2026 22:09
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍ បានប្រកាសយ៉ាងច្បាស់ថា កិច្ចព្រមព្រៀងថាមពលនុយក្លេអ៊ែរស៊ីវិលរវាងសហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីត នឹងអាចត្រូវបានអនុម័ត លុះត្រាតែទីក្រុងរីយ៉ាដ (Riyadh) យល់ព្រមចូលរួមក្នុងកិច្ចព្រមព្រៀង Abraham Accords ដើម្បីធ្វើប្រក្រតីភាពទំនាក់ទំនងជាមួយប្រទេសអ៊ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយបណ្តាញព័ត៌មានអន្តរជាតិ។
កាលពីថ្ងៃពុធ សហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីត បានប្រកាសពីកិច្ចព្រមព្រៀងថាមពលនុយក្លេអ៊ែរស៊ីវិល ដែលអនុញ្ញាតឱ្យព្រះរាជាណាចក្រមួយនេះអាចចម្រាញ់អ៊ុយរ៉ាញ៉ូម និងសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរដោយប្រើប្រាស់បច្ចេកវិទ្យាអាមេរិក ដោយមិនតម្រូវឱ្យមានការត្រួតពិនិត្យដ៏តឹងរ៉ឹងពីអង្គការសហប្រជាជាតិ ដូចអ្វីដែលវ៉ាស៊ីនតោនធ្លាប់ទាមទារពីអ៊ីរ៉ង់នោះឡើយ។ ទោះជាយ៉ាងណា កិច្ចព្រមព្រៀងនេះត្រូវតែឆ្លងកាត់ការអនុម័តពីសភាអាមេរិកសិនទើបមានសុពលភាព។
តាមរយៈការបង្ហោះសារនៅលើបណ្តាញសង្គម Truth Social លោក ត្រាំ បានសង្កត់ធ្ងន់ថា៖ «កិច្ចព្រមព្រៀងនុយក្លេអ៊ែរស៊ីវិលនេះ នឹងត្រូវបានអនុម័ត ប៉ុន្តែវាអាស្រ័យទាំងស្រុងទៅលើការចូលរួមរបស់អារ៉ាប៊ីសាអូឌីតនៅក្នុងកិច្ចព្រមព្រៀង Abraham Accords ដ៏គួរឱ្យគោរព និងជោគជ័យនេះ»។ លោកក៏បានបន្ថែមដែរថា អាមេរិកមិនប្រឆាំងនឹងទីតាំងនុយក្លេអ៊ែរដែលមិនបម្រើឱ្យវិស័យយោធានោះទេ។
ជុំវិញរឿងនេះ ស្ថានទូតអារ៉ាប៊ីសាអូឌីតប្រចាំវ៉ាស៊ីនតោន មិនទាន់មានការឆ្លើយតបនៅឡើយទេ ប៉ុន្តែគោលជំហរប្រវត្តិសាស្ត្ររបស់អារ៉ាប៊ីសាអូឌីតគឺ មិនចុះហត្ថលេខាលើកិច្ចព្រមព្រៀង Abraham Accords ដាច់ខាត លុះត្រាតែមានការព្រមព្រៀងលើផែនទីបង្ហាញផ្លូវឆ្ពោះទៅរកការបង្កើតរដ្ឋប៉ាឡេស្ទីនជាមុនសិន។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មីនេះ នឹងអនុញ្ញាតឱ្យអារ៉ាប៊ីសាអូឌីតមានសិទ្ធិចម្រាញ់អ៊ុយរ៉ាញ៉ូម និងកែច្នៃកាកសំណល់នុយក្លេអ៊ែរឡើងវិញ ដែលចំណុចទាំងពីរនេះគឺជាសក្តានុពលឆ្ពោះទៅរកការផលិតអាវុធនុយក្លេអ៊ែរ ខណៈដែលប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) ធ្លាប់បានយល់ព្រមបោះបង់សិទ្ធិទាំងពីរនេះចោលកាលពីឆ្នាំ២០០៩ ដើម្បីអាចទទួលបានកិច្ចព្រមព្រៀងស្រដៀងគ្នានេះពីសហរដ្ឋអាមេរិក៕





