លោក ត្រាំ ប្តេជ្ញាដាក់ទោសឱ្យធ្ងន់លើអ៉ីរ៉ង់និងក្រុមហ៊ូទី សម្រាប់ការវាយប្រហារនៅសមុទ្រក្រហម (Video inside)
24-07-2026 15:12
(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានសន្យាថា នឹងមានប្រើកម្លាំងយោធាដាក់ទោសយ៉ាងធ្ងន់ ទៅលើអ៉ីរ៉ង់និងសម្ព័ន្ធមិត្តហ៊ូទីរបស់ខ្លួន បន្ទាប់ពីក្រុមសកម្មប្រយុទ្ធយេម៉ែនមួយនេះ បានវាយប្រហារកប៉ាល់ដឹកប្រេងអារ៉ាប៊ីសាអូឌីតពីរគ្រឿងនៅសមុទ្រក្រហម ដែលបានពង្រីកសង្គ្រាមនៅមជ្ឈិមបូព៌ា ទៅកាន់ច្រកដឹកជញ្ជូនផ្លូវទឹកដ៏សំខាន់ទីពីរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ភាពភ័យខ្លាចថា ការរំខានអាចរីករាលដាលទៅបិទផ្លូវសមុទ្រមួយទៀត បានធ្វើឲ្យតម្លៃប្រេងពិភពលោក ហក់ឡើងយ៉ាងគំហុកសាជាថ្មី ក្នុងការកើនឡើងខ្ពស់បំផុតមួយ គិតចាប់តាំងពីផ្ទុះសង្រ្គាមមជ្ឈិមបូព៌ា។ ប្រេងឆៅអន្តរជាតិ Brent បានកើនជាង៦ភាគរយ នាំឱ្យតម្លៃរបស់វា ឡើងហួស១០០ដុល្លារក្នុងមួយបារ៉ែលវិញជាលើកដំបូង ចាប់តាំងពីខែឧសភា។
ពីរសប្តាហ៍បន្ទាប់ពីការដួលរលំ នៃបទឈប់បាញ់បណ្តោះអាសន្ន ដែលមានគោលដៅស្វែងរកទីបញ្ចប់សម្រាប់សង្គ្រាម យោធាអាមេរិក បានបើកការវាយប្រហារតាមអាកាសលើអ៉ីរ៉ង់ កាលពីយប់ថ្ងៃព្រហស្បតិ៍ឈានចូលថ្ងៃសុក្រនេះ ដែលជាការវាយប្រហារយប់ទី១៣ជាប់គ្នា ជាហេតុនាំឲ្យអ៉ីរ៉ង់បន្តបើកការវាយប្រហារដ្រូននិងមីស៉ីល ទៅលើក្រុមប្រទេសអារ៉ាប់ជិតខាង ដែលមានទីតាំងមូលដ្ឋានយោធារបស់អាមេរិក។
ក្រុមហ៊ូទី ដែលគ្រប់គ្រងភាគខាងជើងនិងខាងលិចប្រទេសយេម៉ែន បាននិយាយថា ពួកគេកំពុងអនុវត្តការបិទខ្ទប់ផ្លូវសមុទ្រលើអារ៉ាប៊ីសាអូឌីត ដែលបានបង្វែរប្រេងរាប់លានបារ៉ែលជារៀងរាល់ថ្ងៃ តាមបំពង់បង្ហូរទៅកាន់សមុទ្រក្រហម ដើម្បីគេចពីការបិទខ្ទប់របស់អ៊ីរ៉ង់ នៅច្រកសមុទ្រ Hormuz។
បន្ទាប់ពីក្រុមហ៊ូទី បាននិយាយថា ពួកគេបានវាយប្រហារកប៉ាល់ដឹកប្រេងពីរគ្រឿង កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លោក ត្រាំ បាននិយាយថា លោកនឹងចាត់ទុកអ៉ីរ៉ង់ ជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារក្រោយៗទៀត ដោយក្រុមសកម្មប្រយុទ្ធនេះ។ លោក ត្រាំ បានសរសេរលើបណ្តាញសង្គមថា «ប្រសិនបើពួកគេធ្វើបែបនេះម្តងទៀត សហរដ្ឋអាមេរិកនឹងចាត់ទុកអ៉ីរ៉ង់ ជាអ្នកទទួលខុសត្រូវ ដោយសារក្រុមហ៊ូទីជាកូនចៅរបស់អ៉ីរ៉ង់ ហើយការដាក់ទោសដ៏ធំមួយដោយប្រើកម្លាំងយោធា នឹងត្រូវធ្វើឡើងលើអ៉ីរ៉ង់ ហើយជាប្រាកដណាស់គឺលើក្រុមហ៊ូទីផ្ទាល់»។
លោក ត្រាំ បានប្រាប់សារព័ត៌មានអាមេរិក Axios ថា លោកកំពុងពិចារណាបើកប្រតិបត្តិការប្រយុទ្ធទ្រង់ទ្រាយធំឡើងវិញនៅអ៉ីរ៉ង់ និងជិតឈានដល់ការសម្រេចចិត្តចុងក្រោយហើយ។ នៅលើបណ្តាញសង្គម លោក ត្រាំ បាននិយាយថា រាល់ការខូចខាតទាំងអស់ ដែលបានកើតឡើងចំពោះកប៉ាល់ដឹកទំនិញ នឹងត្រូវសងដោយលុយរបស់អ៉ីរ៉ង់ ដែលលោកចង់សំដៅទៅលើទ្រព្យសម្បត្តិអ៉ីរ៉ង់ ដែលត្រូវបានបង្កកដោយសហរដ្ឋអាមេរិក៕








