បទវិភាគ៖ ហ្វីលីពីនប៉ុនប៉ងបង្ករឿងក្រោមលេសសមុទ្រចិនខាងត្បូង ពិតជាអសាឥតការជាក់ជាមិនខាន
24-07-2026 17:31
(ប៉េកាំង)៖ នៅថ្ងៃទី២៣ ខែកក្កដា នាវារដ្ឋាភិបាលហ្វីលីពីនពីរគ្រឿងមិនអើពើនឹងការរារាំងនិងការព្រមានម្តងហើយម្តងទៀតពីប្រទេសចិន បានបំពានចូលដែនទឹកនៃកោះHuangyanដែលស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសចិនយ៉ាងកម្រោល ។ ឆ្មាំសមុទ្រចិនបានចាត់វិធានការដ៏ចាំបាច់ស្របតាមច្បាប់ ដើម្បីបណ្តេញពួកគេចេញ ។ នេះជាលើកទីពីរហើយដែលភាគីហ្វីលីពីនបានបង្ករឿង បន្ទាប់ពីការបង្ករឿងនិងវាយប្រហារដោយចេតនាលើបុគ្គលិកឆ្មាំសមុទ្រចិនកាលពីរបីថ្ងៃមុននៅថ្មប៉ប្រះទឹក Ren'ai។ គួរកត់សម្គាល់ថា ព្រឹត្តិការណ៍រំលោភបំពាននិងបង្ករឿងទាំងពីរលើករបស់ហ្វីលីពីនបានកើតឡើង ខណៈពេលបើកធ្វើកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសចិន-អាស៊ាន ដែលបង្ហាញយ៉ាងច្បាស់ពីចេតនារបស់ហ្វីលីពីន ដែលបង្ករឿងក្រោមលេសសមុទ្រចិនខាងត្បូង និងបំផ្លាញដល់បរិយាកាសនៃកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការ។
ទោះជាយ៉ាងណាក៏ដោយ ទង្វើនេះពិតជាអសាឥតបានការនឹងទទួលបរាជ័យជាក់ជាមិនខាន។ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសចិន-អាស៊ានបានបញ្ជូនសញ្ញាយ៉ាងច្បាស់លាស់មួយថា៖ ប្រទេសជាសមាជិកនានានៃអាស៊ានមានការរំពឹងទុកសម្រាប់ពង្រឹងការតភ្ជាប់ជាយុទ្ធសាស្ត្រជាមួយប្រទេសចិន ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យនានា និងឈានដល់ការសម្រេច "ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង" ក្នុងពេលឆាប់ៗនៅក្នុងឆ្នាំនេះ ដើម្បីរួមគ្នាគាំពារសន្តិភាពនិងស្ថិរភាពនៅសមុទ្រចិនខាងត្បូង។
ឆ្នាំនេះគឺជាខួបលើកទី៥នៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-អាស៊ាន។ ចាប់ពីគំនិតឯកភាពគ្នាដ៏សំខាន់រវាងចិននិងប្រទេសអាស៊ានទាំង ៨ស្តីពីការរួមគ្នាកសាងសហគមន៍ជោគវេសនារួមទ្វេភាគី រហូតដល់ការចុះហត្ថលេខាជាផ្លូវការលើពិធីសារស្តីពីការលើកកម្ពស់កម្រិតនៃតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន៣.០ កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរក្នុងវិស័យផ្សេងៗបានធ្វើឡើងយ៉ាងផុលផុស ដែលកំពុងស្ថិតនៅលើគន្លងល្បឿនលឿន។
នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសលើកនេះ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិនបានអធិប្បាយពី គោលជំហរជាគោលការណ៍របស់ចិនលើបញ្ហាសមុទ្រចិនខាងត្បូង ដោយបានសង្កត់ធ្ងន់ថា ប្រទេសក្នុងតំបន់គួរតែគោរពយ៉ាងតឹងរ៉ឹងតាម «សេចក្តីប្រកាសស្តីពីការប្រព្រឹត្តរបស់ភាគីនានានៅសមុទ្រចិនខាងត្បូង» ជាមួយគ្នានេះដែលត្រូវទប់ទល់នឹងការញុះញង់អុជអាល់របស់កម្លាំងខាងក្រៅ ប្រឆាំងនឹងប្រទេសមួយចំនួនតូចដែលប៉ុនប៉ងបង្ករឿងក្រោមលេសសមុទ្រចិនខាងត្បូង ហើយត្រូវក្តាប់ជាប់យ៉ាងមុតមាំនូវសិទ្ធិដឹកនាំនៃការគាំពារសន្តិភាពនិងស្ថិរភាពរបស់សមុទ្រចិនខាងត្បូងក្នុងដៃរបស់ខ្លួន។ ក្នុងអំឡុងពេលជួបពិភាក្សាជាមួយលោកស្រី Lazaro រដ្ឋមន្ត្រីការបរទេសហ្វីលីពីន ប្រទេសចិនបានដាស់តឿនឱ្យហ្វីលីពីនបញ្ឈប់ភ្លាមៗ នូវសកម្មភាពបង្ករឿងលើបញ្ហាសមុទ្រចិនខាងត្បូង គោរពតាមពាក្យសន្យាដែលខ្លួនបានធ្វើចំពោះប្រទេសចិន និងធ្វើកិច្ចខិតខំប្រឹងប្រែងយ៉ាងប្រាកដប្រជាដើម្បីលំនឹងទំនាក់ទំនងទ្វេភាគី។
ការរំខានមិនអាចធ្វើឱ្យប៉ះពាល់ដល់ស្ថានភាពទូទៅបានទេ។ យោងតាមការផ្សាយដំណឹងនៃវេបសាយព័ត៌មានហ្វីលីពីន Rappler បានឱ្យដឹងថា លោកស្រី Lazaro រដ្ឋមន្ត្រីការបរទេសហ្វីលីពីនបានថ្លែងថា លោកបានលើកឡើងនូវសំណួរចំពោះបុគ្គលិកពាក់ព័ន្ធអាស៊ានទាក់ទងនឹងជម្លោះដែលកើតឡើងនៅថ្មប៉ប្រះទឹក Ren'ai នៅពេលថ្មីៗនេះ ប៉ុន្តែពួកគេ "មិនបានឆ្លើយតបទេ"។ ការណ៍នេះបង្ហាញថា ការគាំពារសន្តិភាពនិងស្ថិរភាពនៅសមុទ្រចិនខាងត្បូងគឺជាក្តីប្រាថ្នានិងទិសដៅនៃកិច្ចខិតខំប្រឹងប្រែងរួមសម្រាប់ប្រទេសនានាក្នុងតំបន់។
ប្រឈមមុខនឹងនិន្នាការទូទៅនៃកិច្ចសហប្រតិបត្តិការចិន-អាស៊ាន ការប៉ុនប៉ងរបស់ហ្វីលីពីនក្នុងការបង្ករឿងក្រោមលេសសមុទ្រចិនខាងត្បូងនិងការជ្រៀតជ្រែក និងការបំផ្លិចបំផ្លាញដោយកម្លាំងខាងក្រៅគឺប្រៀបដូចជាយកពងមាន់ទៅជល់នឹងថ្ម។ ក្តាប់ជាប់នូវកាលានុវត្តភាព និងលុបបំបាត់ការរំខាន ប្រទេសចិននិងប្រទេសអាស៊ាន មានតម្រិះប្រាជ្ញានិងមានសមត្ថភាពក្នុងការបន្តដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូងឱ្យបានសមរម្យ ដើម្បីធ្វើឱ្យសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងមេត្រីភាពក្លាយជាប្រធានបទសំខាន់ៗនៅសមុទ្រចិនខាងត្បូង និងធ្វើឱ្យកិច្ចសហប្រតិបត្តិការទ្វេភាគីបន្តក្លាយជាក្បាលម៉ាស៊ីននៃការអភិវឌ្ឍនិងស្តារអាស៊ីឡើងវិញ និងជាគំរូនៃកិច្ចសហប្រតិបត្តិការតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក៏ដូចជាការបំពេញបន្ថែមកម្លាំងចលករដ៏ខ្លាំងក្លាប្រកបដោយភាពយូរអង្វែង ស្ថិរភាព វិបុលភាព និងវិជ្ជមានសម្រាប់ពិភពលោកដែលកំពុងស្ថិតក្នុងដំណាក់កាលរង្គោះរង្គើនិងកំណែទម្រង់៕
វិទ្យុមិត្តភាពកម្ពុជាចិន





