ប្រធានាធិបតីបង់ក្លាដែស ប្រកាសលាលែងពីតំណែង

24-07-2026 18:56

(ដាកា)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍នៅថ្ងៃសុក្រនេះថា ប្រធានាធិបតីបង់ក្លាដែស លោក ម៉ូហាំម៉ាត់ សាហាប៊ូឌីន (Mohammed Shahabuddin) បានប្រកាសលាលែងពីតំណែង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក សាហាប៊ូឌីន ដែលបានឡើងកាន់តំណែងជាប្រធានាធិបតីនៃប្រជាជាតិអាស៊ីខាងត្បូងមួយនេះ តាំងពីខែមេសា ឆ្នាំ២០២៣ គឺជាអ្នកដែលបានដឹកនាំ និងត្រួតពិនិត្យប្រទេសក្នុងកំឡុងពេលមានវិបត្តិនយោបាយដ៏តានតឹងបំផុត បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រី លោកស្រី សេក្ខ ហាស៊ីណា (Sheikh Hasina) ត្រូវបានក្រុមបាតុករយុវជនទម្លាក់ពីអំណាចកាលពីខែសីហា ឆ្នាំ២០២៤ រហូតដល់មានការបង្កើតរដ្ឋាភិបាលបណ្តោះអាសន្ននៅប៉ុន្មានថ្ងៃក្រោយមក។

គួរបញ្ជាក់ថា នៅក្នុងប្រទេសបង់ក្លាដែស ថ្វីត្បិតតែប្រធានាធិបតីគឺជាប្រមុខរដ្ឋក៏ពិតមែន ប៉ុន្តែតំណែងនេះមានលក្ខណៈជានិមិត្តរូបច្រើនជាង ខណៈដែលអំណាចនីតិប្រតិបត្តិជាក់ស្តែង គឺស្ថិតនៅក្នុងដៃរបស់នាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រីប៉ុណ្ណោះ៕