អង់គ្លេសប្រកាសថាកងទ័ពបានត្រៀមខ្លួនរួចជាស្រេច ដើម្បីការពារជាតិ ក្រោយការព្រមានរបស់អ៊ីរ៉ង់
24-07-2026 19:39
(ឡុងដ៍)៖ ចក្រភពអង់គ្លេសបានប្រកាសថា កងកម្លាំងប្រដាប់អាវុធរបស់ខ្លួនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីការពារប្រទេសពីការវាយប្រហារនានា បន្ទាប់ពីកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) បានចេញសារព្រមានមិនឱ្យអង់គ្លេសអនុញ្ញាតឱ្យយន្តហោះទម្លាក់គ្រាប់បែករបស់អាមេរិក ហោះចេញពីមូលដ្ឋានទ័ពអង់គ្លេសឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅក្នុងសេចក្តីថ្លែងការណ៍ កងកម្លាំង IRGC បានចោទប្រកាន់ថា សហរដ្ឋអាមេរិកបានប្រើប្រាស់មូលដ្ឋានទ័ពជើងអាកាស Fairford នាភាគនិរតីប្រទេសអង់គ្លេស ដើម្បីហោះហើរទៅទម្លាក់គ្រាប់បែកលើប្រទេសអ៊ីរ៉ង់ ដោយបានព្រមានយ៉ាងម៉ឺងម៉ាត់ថា រាល់មូលដ្ឋានទ័ពណាដែលត្រូវបានប្រើប្រាស់សម្រាប់វាយប្រហារអ៊ីរ៉ង់ នឹងក្លាយជាគោលដៅយោធាស្របច្បាប់សម្រាប់ការវាយបក។ ការព្រមាននេះធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីអង់គ្លេសថ្មី លោក អាន់ឌី បឺនហាំ (Andy Burnham) ទទួលបានព័ត៌មានកាលពីសប្តាហ៍មុនថា ទីក្រុងឡុងដ៍បានប្តេជ្ញាជាថ្មីចំពោះកិច្ចព្រមព្រៀងដែលមានស្រាប់ ក្នុងការអនុញ្ញាតឱ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពអង់គ្លេស ក្រោមហេតុផលការពារសន្តិសុខរួមក្នុងតំបន់។
អ្នកនាំពាក្យរដ្ឋាភិបាលអង់គ្លេសបានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា «កងកម្លាំងប្រដាប់អាវុធរបស់យើងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីរក្សាសុវត្ថិភាពចក្រភពអង់គ្លេសពីគ្រប់ការវាយប្រហារទាំងអស់ មិនថានៅលើទឹកដីរបស់យើង ឬពីក្រៅប្រទេសនោះទេ»។ អ្នកនាំពាក្យដដែលបានបន្ថែមថា អង់គ្លេសមានប្រព័ន្ធការពារដែនអាកាស និងមីស៊ីលពហុស្រទាប់ ដែលប្រតិបត្តិការដោយកងទ័ពជើងទឹក កងទ័ពជើងគោក និងកងទ័ពអាកាស ព្រមទាំងមានការសហការយ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្តណាតូ (NATO) ផងដែរ៕




