លោក ត្រាំ ដាក់ពន្ធគយថ្មីជាសកល ដែលបង្កឱ្យមានការតវ៉ាពីដៃគូពាណិជ្ជកម្ម

24-07-2026 21:25

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នៅថ្ងៃសុក្រនេះ បានសម្រេចដំឡើងពន្ធថ្មីក្នុងអត្រា ១០% និង ១២,៥% លើទំនិញនាំចូលមកពីដៃគូពាណិជ្ជកម្មចំនួន ៦០ រួមទាំងអឺរ៉ុប និងចិន ដោយចោទប្រកាន់ថាប្រទេសទាំងនោះបរាជ័យក្នុងការទប់ស្កាត់ការនាំចូលទំនិញប្រើពលកម្មដោយបង្ខំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ចំណាត់ការនេះគឺជាការប៉ុនប៉ងកសាងរបាំងពន្ធគយរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ឡើងវិញ បន្ទាប់ពីតុលាការកំពូលអាមេរិកកាលពីខែកុម្ភៈ បានលុបចោលការដំឡើងពន្ធ ១០% ទៅ ៥០% កាលពីឆ្នាំមុន។ ដៃគូពាណិជ្ជកម្មជុំវិញពិភពលោកបានចេញមុខជំទាស់យ៉ាងខ្លាំងចំពោះសេចក្តីសម្រេចនេះ ខណៈដែលពន្ធថ្មីនេះបានចូលជាធរមានភ្លាមៗ ក្រោយពន្ធចាស់ផុតកំណត់កាលពីយប់ថ្ងៃសុក្រ។

ពន្ធគយថ្មីនេះ គ្របដណ្តប់លើទំនិញនាំចូលរបស់អាមេរិករហូតដល់ ៩៩,៤% ប៉ុន្តែក៏មានការលើកលែងចំពោះផលិតផលមួយចំនួនដូចជា ប្រេង ហ្គាស ជីកសិកម្ម និងអាហារផងដែរ។ តំណាងពាណិជ្ជកម្មអាមេរិក លោក ជេមីសុន ហ្គ្រៀ (Jamieson Greer) បានសង្កត់ធ្ងន់ថា អាមេរិកមានច្បាប់ហាមឃាត់ការនាំចូលទំនិញប្រើពលកម្មដោយបង្ខំអស់ជិតមួយសតវត្សរ៍មកហើយ ដូច្នេះវាដល់ពេលដែលដៃគូពាណិជ្ជកម្មត្រូវតែអនុវត្តតាមដូចគ្នា។

គួរបញ្ជាក់ថា​ ពន្ធគយថ្មីនេះត្រូវបានអនុវត្តក្រោមមាត្រា ៣០១ នៃច្បាប់ពាណិជ្ជកម្មឆ្នាំ១៩៧៤ ដែលអនុញ្ញាតឱ្យរដ្ឋាភិបាលរក្សាការគិតពន្ធលើទំនិញនាំចូលស្ទើរតែទាំងអស់ បើទោះបីជាមានការរារាំងពីតុលាការកំពូលកាលពីពេលមុនក៏ដោយ។ នេះមានន័យថា ពន្ធថ្មីនេះនឹងមានហានិភ័យផ្លូវច្បាប់តិចតួចប៉ុណ្ណោះ ព្រោះមាត្រា ៣០១ នេះធ្លាប់បានឈ្នះក្តីក្នុងតុលាការកន្លងមករួចទៅហើយ៕