លោក ត្រាំ៖ សហរដ្ឋអាមេរិក និងអ៉ីរ៉ង់កំពុងស្ថិតក្នុងកិច្ចពិភាក្សា តែតេហេរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់កិច្ចព្រមព្រៀង

25-07-2026 08:49

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២៦ បាននិយាយថាសហរដ្ឋអាមេរិក និងអ៉ីរ៉ងកំពុងសិ្ថតក្នុងកិច្ចពិភាក្សាដើម្បីចរចាបិទបញ្ចប់សង្រ្គាម ប៉ុន្តែបានទទូចថាតេហេរ៉ង់មិនទាន់ត្រៀមខ្លួនរួចរាល់សម្រាប់កិច្ចព្រមព្រៀងនៅឡើយទេ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

២សប្ដាហ៍បន្ទាប់ពីការដួលរលំបទឈប់បាញ់បណ្ដោះអាសន្ន កងកម្លាំងប្រដាប់អាវុធអ៉ីរ៉ង់បានឆ្លើយតបទៅនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក តាមរយៈការវាយប្រហារលើមូលដ្ឋានទ័ពអាមេរិកនៅតាមបណ្ដាប្រទេសអារ៉ាប់ជិតខាង ហើយបានព្រមានថាពួកគេនឹងវាយប្រហារលើអគារមិនមែនយោធាដែលទទួលឱ្យកងទ័ពអាមេរិកស្នាក់នៅ។

លោក ត្រាំ កាលពីប៉ុន្មានថ្ងៃថ្មីៗនេះ បានព្រមានពង្រីកគោលដៅវាយប្រហារនៅក្នុងប្រទេសអ៉ីរ៉ង់ ក្នុងនោះរួមមានទាំងរោងចក្រថាមពល ស្ពាន និងលទ្ធភាព នៃការបញ្ជូនកងទ័ពថ្មើរជើងវាយកាន់កាប់កោះ Kharg ក៏ដូចជាទម្លាក់គ្រាប់បែកកម្ទេចរោងចក្រនុយក្លេអ៊ែរនៅក្រោមភ្នំ Pickaxe។ យោធាអាមេរិក បានបន្តបើកការវាយប្រហារតាមផ្លូវអាកាសលើអ៉ីរ៉ង់កាលពីយប់ថ្ងៃព្រហស្បតិ៍ និងព្រឹកព្រលឹមថ្ងៃសុក្រដែលជាការវាយប្រហារ១៣យប់ជាប់គ្នា។

ប៉ុន្តែក្នុងថ្ងៃសុក្រដដែលនោះដែរ លោក ត្រាំ បាននិយាយថារូបលោកមិនទាន់ធ្វើការសម្រេចចិត្ត ឬចេញបញ្ជាឱ្យបើកការវាយប្រហារទ្រង់ទ្រាយធំថ្មីណាមួយ នៅឡើយទេ៕