ភ្លើងឆេះព្រៃបង្ខំឱ្យប្រជាជន ១៦០ ០០០នាក់ ជម្លៀសខ្លួននៅបារាំង និងអេស្ប៉ាញ (Video inside)
25-07-2026 16:01
(ប៉ារីស)៖ បារាំង និងអេស្ប៉ាញបានជម្លៀសប្រជាជន ១៦០ ០០០នាក់ ខណៈភ្លើងឆេះព្រៃបានបន្តឆេះរាលដាលនៅថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៦ ឆ្ពោះទៅក្បែរទីក្រុងម៉ាឌ្រីដ Madrid និងទីក្រុង Bordeaux ដោយក្នុងនោះកងទ័ពបារាំងត្រូវបានបញ្ជូនឱ្យទៅចូលរួមក្នុងប្រតិបត្តិការពន្លត់ភ្លើងឆេះព្រៃដ៏អាក្រក់បំផុតដែលបារាំងមិនធ្លាប់បានជួបប្រទះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ចំហាយក្លិននៃអណ្តាតភ្លើងឆេះព្រៃបានភាយទៅដល់កណ្ដាលទីក្រុង Madrid នៅថ្ងៃសៅរ៍នេះ ចំពេលនាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez ត្រូវបានរំពឹងថានឹងធ្វើទស្សនកិច្ចទៅកាន់តំបន់រងគ្រោះដោយសារភ្លើងឆេះព្រៃ។ ភ្លើងឆេះព្រៃធំៗបានឆាបឆេះអស់រយៈពេល ២ ទៅ៣ថ្ងៃ មកហើយ។ ក្រុមអ្នកពន្លត់អគ្គិភ័យជាច្រើនរយនាក់វិញនៅតែបន្តតស៊ូប្រយុទ្ធពន្លត់អណ្ដាតភ្លើង តែនៅតែមិនទាន់អាចគ្រប់គ្រងស្ថានការណ៍បាននៅឡើយទេ។ ទាំងបារាំង និងអេស្ប៉ាញសុទ្ធតែបានស្នើសុំជំនួយពីសហភាពអឺរ៉ុប។
ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃសុក្របានបង្គាប់ឱ្យកងទ័ពចូលរួមក្នុងប្រតិបត្តិការពន្លត់ភ្លើងឆេះព្រៃដ៏អាក្រក់បំផុតមួយដែលរដ្ឋមន្ត្រីមហាផ្ទៃបារាំង លោក Laurent Nunez បាននិយាយថាបារាំងមិនធ្លាប់បានជួបប្រទះពីមុនមក។
គួរបញ្ជាក់ថា មនុស្សយ៉ាងហោច ១៤១ ០០០នាក់ត្រូវបានជម្លៀសក្នុងតំបន់ភាគនិរតីប្រទេសបារាំង។ ចំណែក ប្រជាជន ២៥០០០នាក់ត្រូវបានជម្លៀសក្នុងតំបន់រដ្ឋធានី Madrid។ នៅអេស្ប៉ាញ ផងដែរ មានប្រជាជនជិត ៤០ ០០០នាក់ត្រូវបានបង្គាប់ឱ្យស្នាក់នៅក្នុងផ្ទះ។ ភ្លើងឆេះព្រៃនៅក្នុងប្រទេសបារាំង និងអេស្ប៉ាញបង្កឡើងដោយសារតែព្រៃឈើមានសភាពស្ងួតខ្លាំងពេកបណ្ដាលមកពី រលកកម្ដៅដែលកើតឡើងជាបន្តបន្ទាប់កាលពីខែឧសភាកន្លងទៅ។ ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថាការប្រែប្រួលអាកាសធាតុបង្កឱ្យមានបរិយាកាសស្ងួតហួតហែងកាន់តែញឹកញាប់ឡើង និងធ្វើឱ្យបរិយាកាសផែនដីកាន់តែក្ដៅ៕













