រដ្ឋមន្រ្តីក្រសួងអប់រំឥណ្ឌា លាលែងពីតំណែង ក្រោយផ្ទុះការតវ៉ាពាក់ព័ន្ធការបែកធ្លាយវិញ្ញាសាប្រឡង
25-07-2026 19:36
(ញូវដែលី)៖ រដ្ឋមន្ត្រីក្រសួងអប់រំរបស់ប្រទេសឥណ្ឌាបានលាលែងពីតំណែង នាថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៦ ដែលនេះគឺជាជ័យជម្នះដ៏ធំមួយសម្រាប់ក្រុមយុវជន ដែលបានធ្វើបាតុកម្មទាមទារឱ្យលោកចុះចេញពីតំណែង ដើម្បីទទួលខុសត្រូវចំពោះករណីបែកធ្លាយវិញ្ញាសាប្រឡង។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
«ដោយពិចារណាលើស្ថានភាពដែលបានកើតឡើងនៅតំបន់ Jantar Mantar និងនៅទូទាំងប្រទេស ដើម្បីកុំឱ្យកម្លាំងប្រឆាំងនឹងជាតិឆ្លៀតឱកាសពីស្ថានភាពនេះ។ ខ្ញុំបានផ្ញើលិខិតលាលែងពីតំណែងទៅកាន់នាយករដ្ឋមន្ត្រី»។ នេះបើតាមការសរសេររបស់រដ្ឋមន្ត្រីក្រសួងអប់រំឥណ្ឌា លោក Dharmendra Pradhan តាមសារបង្ហោះលេីបណ្តាញសង្គម X។
លោក Pradhan អាយុ ៥៧ឆ្នាំ គឺជាថ្នាក់ដឹកនាំជាន់ខ្ពស់ម្នាក់នៃគណបក្ស Bharatiya Janata (BJP) របស់លោក Narendra Modi នាយករដ្ឋមន្រ្តីឥណ្ឌា។ លោកត្រូវបានគេចាត់ទុកថាជាបុគ្គលដែលកំពុងមានឥទ្ធិពល និងធ្លាប់ត្រូវបានគេលើកឡើងកាលពីពេលកន្លងទៅថា ជាបេក្ខភាពដែលអាចនឹងក្លាយជាមេដឹកនាំគណបក្ស BJP នាពេលអនាគត។
ក្នុងនាមជាសមាជិកគណៈរដ្ឋមន្ត្រីចាប់តាំងពីលោក Modi បានឡើងកាន់តំណែងជាលើកដំបូងក្នុងឆ្នាំ ២០១៤ លោក Pradhan ធ្លាប់កាន់តួនាទីទទួលបន្ទុកផ្នែកប្រេង និងឧស្ម័នធម្មជាតិ ដែកថែប ការអភិវឌ្ឍជំនាញ និងវិស័យអប់រំ ដោយបានក្លាយជារដ្ឋមន្ត្រីក្រសួងអប់រំនៅឆ្នាំ ២០២១។ ឪពុករបស់លោកគឺជាមេដឹកនាំជើងចាស់របស់គណបក្ស BJP និងធ្លាប់បម្រើការជាអនុរដ្ឋមន្ត្រីសហព័ន្ធនៅចន្លោះឆ្នាំ ១៩៩៨ និង២០០៤។
ការប្រកាសលាលែងពីតំណែងរបស់លោក Pradhan កេីតមានឡេីងចំពេលដែលប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកក្រុមអ្នកតវ៉ាជាយុវជននៅក្នុងទីក្រុងញូវដេលី ពោលគឺប៉ុន្មានម៉ោងមុនពេលដែលមេដឹកនាំរបស់ពួកគេគ្រោងនឹងជួបចរចាជុំថ្មីមួយទៀតជាមួយរដ្ឋមន្ត្រីនានា។ ការតវ៉ាតាមដងផ្លូវដ៏ធំបំផុតរបស់ឥណ្ឌាក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ បានក្លាយជាចំណុចក្តៅផ្នែកនយោបាយសម្រាប់លោក Modi៕






