ប្រមុខ UN ជំរុញឲ្យដកទណ្ឌកម្មទាំងអស់លើស៊ីរីជាបន្ទាន់ (Video inside)
27-07-2026 13:26
(ដាម៉ាស)៖ លោក Antonio Guterres ប្រមុខអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០២៦ បានជំរុញឲ្យមានការដកទណ្ឌកម្មទាំងអស់ ដែលបានដាក់លើប្រទេសស៊ីរី កាលពីសម័យអតីតមេដឹកនាំ លោក Bashar al-Assad ខណៈលោកអគ្គលេខាធិការ បញ្ចប់ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ នៅក្នុងប្រទេសនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
លោក Guterres បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងដាម៉ាសថា «ខ្ញុំស្វាគមន៍ចំពោះការបោះជំហាននានា ដែលបានបន្ធូរបន្ថយទណ្ឌកម្ម និងបើកលទ្ធភាពថ្មីសម្រាប់ការស្តារសេដ្ឋកិច្ចឡើងវិញ ប៉ុន្តែទណ្ឌកម្មទាំងអស់នេះ ត្រូវតែដកចេញជាបន្ទាន់»។
អាជ្ញាធរថ្មីរបស់ស៊ីរី ដែលបានឡើងកាន់អំណាចកាលពីខែធ្នូ ឆ្នាំ២០២៤ កំពុងព្យាយាមបិទបញ្ចប់ជំពូកសង្គ្រាមជាង១៣ឆ្នាំ ស្តារសេដ្ឋកិច្ចឡើងវិញ ក៏ដូចជាកសាងហេដ្ឋារចនាសម្ព័ន្ធ និងស្ថាប័នជាតិឡើងវិញ។ បណ្តាប្រទេសលោកខាងលិច រួមទាំងសហរដ្ឋអាមេរិក បានចាប់ផ្តើមនាំគ្នាដកទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសស៊ីរីជាបណ្តើរៗ ប៉ុន្តែក្រុមអ្នកវិនិយោគ នៅតែមានការប្រុងប្រយ័ត្ន ដោយធនាគារពិភពលោក បានប៉ាន់ប្រមាណថា ការកសាងប្រទេសឡើងវិញក្រោយសង្គ្រាម អាចត្រូវចំណាយ ២១៦ពាន់លានដុល្លារ។
លោក Guterres បានថ្លែងថា «អង្គការសហប្រជាជាតិឈរនៅជាមួយប្រជាជនស៊ីរី ក្នុងគ្រាដ៏សំខាន់នេះ។ ហើយខ្ញុំមកទីនេះជាមួយអំពាវនាវដ៏ក្លៀវក្លាបំផុត ទៅកាន់សហគមន៍អន្តរជាតិ ដែលជាការអំពាវនាវឲ្យខិតខំប្រឹងប្រែងអស់ពីលទ្ធផល ដើម្បីគាំទ្រប្រជាជនស៊ីរី និងគាំទ្ររដ្ឋាភិបាលស៊ីរី»។ លោកបានសង្កត់ធ្ងន់ថា «ប្រទេសស៊ីរី នាពេលនេះ កំពុងស្ថិតនៅចំណុចផ្លូវប្រសព្វដ៏សំខាន់មួយ»។
គួរបញ្ជាក់ថា លោក Guterres គឺជាប្រមុខអង្គការសហប្រជាជាតិដំបូងគេ ដែលបានបំពេញទស្សនកិច្ចនៅប្រទេសស៊ីរី ចាប់តាំងពីអតីតអគ្គលេខាធិការ UN លោក Ban Ki-moon បានធ្វើបែបនេះ កាលពីឆ្នាំ២០០៩ ពោលគឺពីរឆ្នាំមុនពេលផ្ទុះសង្គ្រាមស៉ីវិលស៊ីរី ដែលបានសម្លាប់មនុស្សកន្លះលាននាក់។
ជាចុងក្រោយ លោក Guterres បានលើកឡើងថា «ស៊ីរីត្រូវការការវិនិយោគលើប្រជាជន សេដ្ឋកិច្ច និងស្ថាប័នរបស់ខ្លួន។ ស៊ីរីត្រូវការការគាំទ្រដើម្បីស្តារសេវាសំខាន់ៗ កសាងហេដ្ឋារចនាសម្ព័ន្ធឡើងវិញ និងស្តារជីវភាពរស់នៅ»។ លោកបានបន្ថែមថា ស៉ីរីក៏ត្រូវការជំនួយផងដែរ សម្រាប់ការត្រឡប់មកវិញដោយសុវត្ថិភាព ស្ម័គ្រចិត្ត និងថ្លៃថ្នូររបស់ជនភៀសខ្លួន និងអ្នកដែលផ្លាស់ទីលំនៅក្នុងស្រុក៕





