ក្រុមឃ្លាំមើលព្រមានថា យោធាមីយ៉ាន់ម៉ាបានបង្កើនការវាយប្រហារយ៉ាងខ្លាំងលើជនស៉ីវិល (Video inside)
27-07-2026 15:18
(ណៃពិដោ)៖ ក្រុមឃ្លាំមើលជម្លោះ ហៅកាត់ថា ACLED នាថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២៦ បាននិយាយថា យោធាមីយ៉ាន់ម៉ា បានបង្កើនការវាយប្រហារយ៉ាងខ្លាំងលើជនស៉ីវិល គិតចាប់តាំងពីរដ្ឋាភិបាលថ្មី បានចូលកាន់តំណែងនៅក្នុងប្រទេសដែលបន្តហែកហួរដោយសង្រ្គាមស៉ីវិលមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
អង្គការ ACLED បានអះអាងថា ការកើនឡើងការវាយប្រហារនេះ គឺដោយសារតែយុទ្ធសាស្រ្តដាក់ចេញដោយ ប្រមុខយោធាថ្មីរបស់មីយ៉ាន់ម៉ា ដែលបានឡើងកាន់តួនាទីកាលពីខែមីនា នៅពេលប្រមុខយោធាមុន គឺលោក Min Aung Hlaing ប្តូរទៅធ្វើជាប្រធានាធិបតីស៉ីវីលរបស់ប្រទេសមីយ៉ាន់ម៉ា។
ACLED បាននិយាយថា ចាប់តាំងពីរបបយោធាដែលកាន់អំណាចនៅមីយ៉ាន់ម៉ា ផ្លាស់ប្តូររចនាសម្ព័ន្ធបញ្ជាការរបស់ខ្លួន កាលពីខែមីនាមក ជនស៉ីវិលបានក្លាយជាគោលដៅរងការវាយប្រហារ និងទម្លាក់គ្រាប់បែកកាន់តែអាក្រក់ទៅៗរបស់យោធា។ អង្គការឃ្លាំមើលនេះ ប្រមូលទិន្នន័យស្តីពីជម្លោះនៅមីយ៉ាន់ម៉ា ពីសេចក្តីរាយការណ៍ព័ត៌មាន ដៃគូក្នុងស្រុក របាយការណ៍ UN អង្គការឃ្លាំមើលអន្តរជាតិ ព្រមទាំងអង្គការនិងក្រុមការពារសិទ្ធិមនុស្ស នៅក្នុងមីយ៉ាន់ម៉ាផ្ទាល់។
មីយ៉ាន់ម៉ាបានធ្លាក់ចូលក្នុងភាពចលាចល បន្ទាប់ពីយោធាបានធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អោងសាន ស៊ូជី កាលពីខែកុម្ភៈ ឆ្នាំ២០២១ ដែលបង្កឲ្យមានសង្គ្រាមស៊ីវិល សម្លាប់មនុស្សប្រមាណ ១០០ ០០០ នាក់ និងបង្ខំឲ្យមនុស្សរាប់លាននាក់ផ្លាស់ទីលំនៅ។
ប៉ុន្មានថ្ងៃមុនពេលក្លាយជាប្រធានាធិបតី បន្ទាប់ពីការបោះឆ្នោតសកល ដែលបានហាមឃាត់មិនឱ្យគណបក្សប្រឆាំងភាគច្រើនចូលរួម លោក Min Aung Hlaing ដែលពេលនោះ នៅជាប្រមុខរដ្ឋាភិបាលយោធា និងជាអគ្គមេបញ្ជាការកងកម្លាំងប្រដាប់អាវុធ បានតែងតាំងលោក Ye Win Oo ដែលជាមនុស្សស្មោះត្រង់យូរអង្វែងនឹងលោក ហើយជាអតីតប្រធានចារកម្ម ឱ្យឡើងជាប្រមុខកងទ័ពថ្មី ដើម្បីអនុញ្ញាតឱ្យខ្លួនលោក ទៅកាន់តំណែងជាប្រធានាធិបតីមីយ៉ាន់ម៉ា ក្នុងរដ្ឋាភិបាលថ្មី។
ក្រោមការបញ្ជារបស់លោក Ye Win Oo យោធាមីយ៉ាន់ម៉ា បានបើកប្រតិបត្តិការវាយលុកថ្មីៗនៅតំបន់ព្រំដែនជាច្រើន រួមទាំងតំបន់ដែលសម្បូរធនធានរ៉ែសំខាន់ និងច្រកផ្លូវពាណិជ្ជកម្មសំខាន់ៗផ្សេងទៀត។ ក្នុងអំឡុងឆមាសទីមួយនៃឆ្នាំ២០២៦ អង្គការ ACLED បានឲ្យដឹងថា ខ្លួនបានកត់ត្រាការសម្លាប់រង្គាលជាច្រើនករណី ដែលបណ្តាលឲ្យមានជនស៊ីវិលស្លាប់សរុបជាង ៤៥០នាក់។
គួរបញ្ជាក់ថា ចាប់តាំងពីក្លាយជាប្រធានាធិបតីស៉ីវិល កាលពីខែមេសា លោក Min Aung Hlaing បានប្តេជ្ញាស្តារទំនាក់ទំនងឡើងវិញ ជាមួយអាស៊ានដែលបានហាមមីយ៉ាន់ម៉ា លែងឱ្យចូលរួមកិច្ចប្រជុំកំពូលរបស់ខ្លួន ចាប់តាំងពីរដ្ឋប្រហារយោធា។ មកទល់ពេលនេះ លោក Min Aung Hlaing បានចេញទៅទស្សនកិច្ចនៅប្រទេសជិតខាងសំខាន់ៗ រួមមានឥណ្ឌានិងចិន ហើយនៅខែក្រោយ លោកនឹងធ្វើដំណើរទៅថៃ ក្នុងទស្សនកិច្ចទៅកាន់ប្រទេសទី២ ដែលជាសមាជិកអាស៊ាន ក្រោយទស្សនកិច្ចនៅឡាវ កាលពីដើមខែនេះ៕







