តំណាងអាមេរិកដើរចេញពីកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ UN ជាការតវ៉ានឹងបារាំងដែលប្រៀបធៀបអាមេរិកជាមួយកូរ៉េខាងជើង (Video inside)
28-07-2026 10:20
(យូអិន)៖ សហរដ្ឋអាមេរិកបានដើរចេញពីកិច្ចប្រជុំមួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២៦ នៅពេលឯកអគ្គរដ្ឋទូតបារាំងចាប់ផ្ដើមថ្លែងសុន្ទរកថាជាការបង្ហាញការជំទាស់ទៅនឹងបារាំងចំពោះការប្រៀបធៀបសហរដ្ឋអាមេរិកទៅនឹងកូរ៉េខាងជើង និងប្រទេសផ្ដាច់ការផ្សេងទៀតពាក់ព័ន្ធនឹងការបោះឆ្នោតស្ដីពីសិទ្ធិមនុស្ស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
លោក Dan Negrea ជាតំណាងរងរបស់សហរដ្ឋអាមេរិកប្រចាំមហាសន្និបាតអង្គការសហប្រជាជាតិបានរិះគន់នូវអ្វីដែលលោកហៅថាពាក្យសម្ដីមិនពិតចង់ទាក់ទាញការចាប់អារម្មណ៍របស់បារាំង។ លោកបន្ថែមថា «មានសមាជិកមួយនៃក្រុមប្រឹក្សានេះធ្វើពុតជាខឹងសម្បារដើម្បីបង្ហាញថាខ្លួនមានសីលធម៌លើសគេ និងតាំងខ្លួនជាអ្នកប្រដៅយើងគ្រប់គ្នាលើគ្រប់ប្រធានបទទាំងអស់ មិនថាពាក់ព័ន្ធនឹងជម្លោះ ឬក៏សូម្បីតែមិនពាក់ព័ន្ធនឹងសន្តិភាព និងសន្តិសុខអន្តរជាតិ ដូចជាសិទ្ធិមនុស្ស។ នេះហើយជាហេតុផលដែលយើងបានដើរចេញពីកិច្ចប្រជុំអំឡុងការថ្លែងសុន្ទរកថារបស់បារាំង»។
ការដើរចេញពីកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាទីដែលបារាំង និងសហរដ្ឋអាមេរិកជាសមាជិកអចិន្ត្រៃយ៍ដូចគ្នាគឺជារឿងកម្រកើតឡើងខ្លាំងណាស់។ កាលពីថ្ងៃសុក្រសប្ដាហ៍មុន សហរដ្ឋអាមេរិកគឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន១០ ដែលបានបោះឆ្នោតនៅឯមហាសន្និបាតអង្គការសហប្រជាជាតិប្រឆាំងនឹងការពន្យារអាណត្តិរបស់លោក Volker Turk ជាឧត្តមស្នងការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) ដោយចូលរួមជាមួយកូរ៉េខាងជើង រុស្ស៉ី និងនីការ៉ាហ្កា។ «សហរដ្ឋអាមេរិកធ្លាប់ជានិមិត្តរូបនៃសិទ្ធិមនុស្ស។ ប៉ុន្តែឥលូវមិនមែនទៀតនោះទេ។ នៅថ្ងៃនេះសហរដ្ឋអាមេរិក បានចូលរួមជាមួយកូរ៉េខាងជើង នីការ៉ាហ្កា ម៉ាលី និងរុស្ស៉ី ហើយពិភពលោកក៏នឹងលែងស្ដាប់អាមេរិកទៀតដែរ»។ នេះជាការលើកឡើងរបស់បេកសកម្មបារាំងប្រចាំ UN ក្នុងទីក្រុងហ្សឺណែវ ក្នុងការបង្ហោះមួយជាភាសាអង់គ្លេសបន្ទាប់ពីការបោះឆ្នោតកាលពីថ្ងៃសុក្រ។
នៅក្នុងការកត់សម្គាល់នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ លោក Negrea បាននិយាយថាសហរដ្ឋអាមេរិកនៅតែជានិមិត្តរូបនៃសេរីភាពសម្រាប់ពិភពលោក ហើយថាសហរដ្ឋអាមេរិកនឹងមិនស្ដាប់សម្ដីគ្មានប្រយោជន៍ និងមានចរិតនយោបាយនោះទេ។
គួរបញ្ជាក់ថា ឯកអគ្គរដ្ឋទូតបារាំងប្រចាំ UN លោក Jerome Bonnafont បានឆ្លើយតបទៅនឹងការដើរចេញរបស់សហរដ្ឋអាមេរិក ដោយនិយាយថា «ឆ្នាំនេះយើងអបអរសាទរខួបលើកទី២៥០ នៃឯករាជ្យភាពរបស់សហរដ្ឋអាមេរិក ហើយមនុស្សគ្រប់គ្នាសុទ្ធតែដឹងពីការចូលរួមចំណែករបស់បារាំងក្នុងឯករាជ្យភាពរបស់សហរដ្ឋអាមេរិក»។ លោកបន្តថាបារាំងកំពុងបន្តធ្វើនៅ UN ទាំងនៅក្រោមក្របខណ្ឌក្រុមប្រឹក្សាសន្តិសុខ និងមហាសន្និបាត ដើម្បីថែរក្សាការពារស្ថាប័នកំពូលទាំងនេះ និងឯករាជ្យភាព ធម្មនុញ្ញ សិទ្ធិមនុស្ស និងសន្តិភាព៕




