ស្ទង់មតិ៖ ប្រជាជនអាមេរិកតែម្នាក់ប៉ុណ្ណោះក្នុងចំណោម ៣នាក់ គាំទ្រសង្រ្គាមអ៉ីរ៉ង់ ភាគច្រើនសង្ស័យគោលដៅរបស់លោក ត្រាំ (Video inside)
28-07-2026 11:01
(វ៉ាស៊ីនតោន)៖ ប្រជាជនអាមេរិកម្នាក់ប៉ុណ្ណោះក្នុងចំណោម៣នាក់ បានបង្ហាញការគាំទ្រចំពោះសង្រ្គាមជាមួយអ៉ីរ៉ង់ ដែលនេះជាអត្រាទាបបំផុតមួយនៅក្នុងការស្ទង់មតិធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មាន Reuters និងស្ថាប័ន Ipsos ចាប់តាំងពីថ្ងៃដំបូងដែលសង្រ្គាមផ្ទុះឡើង ខណៈក្នុងនោះប្រជាជនអាមេរិកភាគច្រើននិយាយថាប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបរាជ័យក្នុងការពន្យល់ពីគោលដៅរបស់លោក។
ការស្ទង់មតិខាងលើធ្វើឡើងពីថ្ងៃសុក្រ រហូតដល់ថ្ងៃអាទិត្យសប្ដាហ៍មុន ក៏បានបង្ហាញដែរថាអត្រាគាំទ្ររបស់លោក ត្រាំ បានហក់ឡើងបន្តិចដល់ ៣៧ភាគរយ ពោលគឺកើនឡើង ៣ពិន្ទុបើធៀបទៅនឹងកាលពីខែមិថុនាកន្លងទៅជាពេលដែលអត្រាគាំទ្ររបស់លោកធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាននៃអាណត្តិជាប្រធានាធិបតី។ លោក ត្រាំបានធ្វើការពន្យល់ពីគោលដៅនៃសង្រ្គាមក្នុងនោះរួមមានជួយដល់ប្រជាជនអ៉ីរ៉ង់ដើម្បីផ្ដួលរលំមេដឹកនាំរបស់ពួកគេ កម្ទេចសមត្ថភាពមីស៊ីលបាលិស្ទីគរបស់អ៉ីរ៉ង់ និងរារាំងមិនឱ្យផលិត ឬកាន់កាប់អាវុធនុយក្លេអ៊ែរ»។ ការស្ទង់មតិដដែលបានរកឃើញទៀតថា ៦៩ភាគរយនៃប្រជាជនអាមេរិក ក្នុងនោះរួមមានអ្នកគាំទ្រគណបក្សសាធារណរដ្ឋ ៤នាក់ ក្នុងចំណោម១០នាក់ គិតថាលោក ត្រាំ មិនបានពន្យល់ឱ្យបានច្បាស់លាស់ពីគោលដៅនៃការធ្វើអន្តរាគមន៍យោធារបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៉ីរ៉ង់នោះទេ។
យ៉ាងណាមិញ អ្នកនាំពាក្យសេតវិមាន លោកស្រី Olivia Wales បាននិយាយថាលោក ត្រាំ នឹងមិនធ្វើការសម្រេចចិត្តដោយផ្អែកលើការស្ទង់មតិដែលប្រែប្រួលមិនទៀងទាត់នោះទេ ហើយបានបញ្ជាក់ឡើងវិញពីការប្ដេជ្ញាចិត្តរបស់លោក ត្រាំ ក្នុងការរារាំងមិនឱ្យអ៉ីរ៉ង់មាន ឬកាន់កាប់អាវុធនុយក្លេអ៊ែរ ជាដាច់ខាត។
គួរបញ្ជាក់ថា អត្រាគាំទ្រសង្រ្គាមជាមួយអ៉ីរ៉ង់បានស្ថិតក្នុងកម្រិតទាបជាង ៤០ភាគរយ ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៉ីស្រាអែលបើកធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ ដែលនេះជាអត្រាគាំទ្រទាបបំផុត បើធៀបទៅនឹងប៉ុន្មានខែដំបូងនៃសង្រ្គាមផ្សេងទៀតរបស់សហរដ្ឋអាមេរិកកាលពីអតីតកាល។ បើតាមការស្ទង់មតិធ្វើឡើងដោយស្ថាប័ន Gallup កាលពីសង្រ្គាមអ៉ីរ៉ាក់ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០១១ ប្រជាជនអាមេរិក ៧០ភាគរយបានបង្ហាញការគាំទ្រចំពោះសង្រ្គាមនេះនៅប៉ុន្មានខែដំបូងពេលសង្រ្គាមអ៉ីរ៉ាក់ផ្ទុះឡើង។ ចំណែក អំឡុងប៉ុន្មានថ្ងៃដំបូងនៃសង្រ្គាមអាហ្វហ្កានីស្ថានដែលផ្ទុះឡើងពីឆ្នាំ២០០១ រហូតដល់បញ្ចប់នៅឆ្នាំ២០២១ មានប្រជាជនអាមេរិក ៩០ភាគរយបង្ហាញការគាំទ្រចំពោះសង្រ្គាមនេះ៕




