អតីតនាយករដ្ឋមន្រ្តីបង់ក្លាដែស បន្តប្តេជ្ញាថានឹងត្រឡប់ចូលស្រុកវិញ ទោះភ័យខ្លាចសម្រាប់អាយុជីវិតខ្លួនក៏ដោយ (Video inside)
29-07-2026 14:11
(ញូវដែលី)៖ អតីតនាយករដ្ឋមន្រ្តីបង់ក្លាដែស លោកស្រី Sheikh Hasina នៅថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២៦ បានបន្តប្តេជ្ញាថា លោកស្រីវិលត្រឡប់ចូលស្រុកវិញនៅត្រឹមខែធ្នូ ចុងឆ្នាំនេះ បើទោះបីលោកស្រីភ័យខ្លាចសម្រាប់អាយុជីវិតខ្លួនក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ក្នុងសារអ៉ីម៉ែលមួយឆ្លើយតបសំណួររបស់ AFP លោកស្រី Hasina ដែលមានវ័យ៧៨ឆ្នាំ បាននិយាយដូច្នេះថា «ខ្ញុំប្រហែលអាចនឹងត្រូវគេសម្លាប់ ត្រូវគេចាប់ខ្លួន ឬបញ្ជូនទៅកាន់ពន្ធនាគារ។ ខ្ញុំដឹងច្បាស់ពីវាសនារបស់ខ្ញុំ។ ប៉ុន្តែខ្ញុំនៅតែចង់ត្រឡប់ទៅវិញ ព្រោះប្រជាជនខ្ញុំកំពុងតែហៅរូបខ្ញុំ»។
លោកស្រី Sheikh Hasina ដែលកាន់តំណែងជានាយករដ្ឋមន្រ្តី ជាប់រហូតតាំងពីឆ្នាំ២០០៩ ត្រូវបានផ្តួលរំលំឱ្យធ្លាក់ពីអំណាច នៅខែសីហា ឆ្នាំ២០២៤ ដោយការបះបោរដឹកនាំដោយក្រុមនិស្សិត។ តាមអង្គការសហប្រជាជាតិ មនុស្សសរុបអាចដល់ ១៤០០នាក់ ត្រូវបានសម្លាប់ អំឡុងការបង្រ្កាបការប៉ះបោរ ស្របពេលលោកស្រី នៅព្យាយាមរក្សាអំណាច។ ទីបំផុតលោកស្រី បានរត់ភៀសខ្លួនទៅប្រទេសឥណ្ឌា នៅពេលដែលក្រុមបាតុករសម្រុកចូលការិយាល័យរបស់លោកស្រី។
កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ លោកស្រី Hasina ត្រូវបានតុលាការនៅទីក្រុងដាក្កា រកឃើញមានទោសពីបទប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ហើយរងការផ្តន្ទាទោសប្រហារជីវិត ជាសេចក្តីសម្រេចមួយ ដែលលោកស្រីហៅថា ជាការសងសឹកនយោបាយ ជ្រកក្រោមស្លាកច្បាប់។
ទំនាក់ទំនងរវាងឥណ្ឌានិងបង់ក្លាដែស បានធ្លាក់ចុះក្រោមរដ្ឋាភិបាលបណ្តោះអាសន្ន ដែលបានឡើងកាន់អំណាច ក្រោយលោកស្រីធ្លាក់ពីអំណាច ប៉ុន្តែវាចាប់ផ្តើមមានស្ថិរភាពឡើងវិញ តាំងពីនាយករដ្ឋមន្រ្តីបង់ក្លាដែសថ្មី លោក Tarique Rahman ចូលកាន់តំណែងកាលពីខែកុម្ភៈ។
គួរបញ្ជាក់ថា ទីក្រុងដាក្កាបានស្នើជាផ្លូវការឱ្យឥណ្ឌាធ្វើបត្យាប័នលោកស្រី Hasina ខណៈទីក្រុងញូវដែលីបាននិយាយថា សំណើនោះកំពុងស្ថិតក្រោមការពិចារណា។ យ៉ាងណាមិញ លោកស្រី Hasina បានអះអាងថា ពុំមានសម្ពាធអ្វីទាំងអស់ ពាក់ព័ន្ធគម្រោងរបស់លោកស្រី ក្នុងការវិលត្រឡប់ទៅបង់ក្លាដែសវិញ ដោយលោកស្រីខ្លួនឯងផ្ទាល់ បានសម្រេចចិត្តថា នឹងត្រឡប់ចូលស្រុកវិញ៕




