ទីភ្នាក់ងារសន្តិសុខសហព័ន្ធរុស្ស៉ី ចោទប្រកាន់មេ Telegram ពីបទជួយសម្រួលដល់សកម្មភាពភេរវកម្ម (Video inside)
29-07-2026 15:45
(មូស្គូ)៖ នាថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២៦ ទីភ្នាក់ងារសន្តិសុខសហព័ន្ធ FSB របស់រុស្ស៉ី បានប្រកាសពីការចោទប្រកាន់លើ ស្ថាបនិកប្រព័ន្ធកម្មវិធីផ្ញើសារ Telegram លោក Pavel Durov ពីបទសម្រួលដល់សកម្មភាពភេរវកម្ម ហើយបានចេញដីកាចាប់ខ្លួនជាអន្តរជាតិ ប្រឆាំងនឹងរូបលោក។ នេះបើយោងតាមការចេញផ្សាយដោយតីភ្នាក់ងារសារព័ត៌មាន Reuters។
FSB បានលើកឡើងថា ការចោទប្រកាន់ធ្វើឡើងដោយសារតែ Telegram មិនបានលុបខ្លឹមសារ ដែលកងកម្លាំងពិសេសអ៊ុយក្រែន អង្គការភេរវករ និងក្រុមជ្រុលនិយម បានប្រើប្រាស់ ដើម្បីរៀបចំ សម្រាប់សកម្មភាពបំផ្លិចបំផ្លាញ ភេរវកម្ម ការសម្លាប់រង្គាល និងប្រតិបត្តិការឆបោកតាមអនឡាញ នៅលើទឹកដីនៃសហព័ន្ធរុស្ស៉ី។ ភ្លាមៗ មិនទាន់មានការបកស្រាយពីលោក Durov នៅឡើយទេ។
Telegram ដែលជាកម្មវិធីផ្ញើសារមានប្រព័ន្ធការពារសុវត្ថិភាពខ្ពស់ (encrypt) បង្កើតឡើងក្នុងឆ្នាំ ២០១៣ បានឱ្យដឹងថា ខ្លួនមានអ្នកប្រើប្រាស់ជាង ១ពាន់លាននាក់ ហើយត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយ ទាំងភាគីកំពុងមានសង្រ្គាម គឺរុស្ស៉ី និងអ៊ុយក្រែន។
ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីនេះ រុស្ស៉ី ព្យាយាមម្តងហើយម្តងទៀតដាក់កម្រិតលើការ Telegram ដោយជំរុញការប្រើកម្មវិធី MAX គាំទ្រដោយរដ្ឋជំនួសវិញ។ អាជ្ញាធរបារាំង ក៏កំពុងស៉ើបអង្កេតលោក Durov ផងដែរ ពាក់ព័ន្ធការចោទប្រកាន់ថា Telegram បរាជ័យក្នុងការទប់ស្កាត់សកម្មភាពឧក្រិដ្ឋកម្ម នៅលើបណ្តាញរបស់ខ្លួន និងមិនបានសហការឱ្យបានពេញលេញ ជាមួយអាជ្ញាធរអនុវត្តច្បាប់។
លោក Durov ដែលកើតនៅក្នុងប្រទេសរុស្ស៉ី ប៉ុន្តែបច្ចុប្បន្នកាន់លិខិតឆ្លងដែនអេមីរ៉ាតអារ៉ាប់រួម (UAE) និងបារាំង បានបដិសេធថា លោកមិនបានប្រព្រឹត្តខុសអ្វីឡើយ៕






