កងទ័ពជើងទឹកចិន និងរុស្ស៊ី បញ្ចប់បេសកកម្មល្បាតរួមគ្នា ក្រោយឆ្លងកាត់ផ្លូវទឹកយុទ្ធសាស្ត្រនៅអាស៊ីឦសាន (Video inside)

29-07-2026 19:09

(ប៉េកាំង)៖ កងនាវាចម្បាំងចិន និងរុស្ស៊ី បានបញ្ចប់បេសកកម្មល្បាតរួមគ្នា ដែលមានរយៈពេលជាងពីរសប្តាហ៍ ហើយបានចូលចតនៅទីក្រុង វ្ល៉ាឌីវ៉ូស្តុក (Vladivostok) ភាគខាងកើតប្រទេសរុស្ស៊ី នៅថ្ងៃពុធនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន Xinhua។

Xinhua បានបញ្ជាក់ថា បេសកកម្មនេះគឺជាផ្នែកនៃផែនការសហប្រតិបត្តិការយោធាប្រចាំឆ្នាំ ហើយមិនពាក់ព័ន្ធនឹងស្ថានការណ៍តំបន់បច្ចុប្បន្នឡើយ។ កងនាវាចម្រុះ ដែលមាននាវាពិឃាតចិន និងនាវាចម្បាំងរុស្ស៊ី បានចាប់ផ្តើមធ្វើដំណើរពីប្រទេសចិនកាលពីថ្ងៃទី១៣ កក្កដា ដោយបានឆ្លងកាត់ច្រកសមុទ្រយុទ្ធសាស្ត្រសំខាន់ៗ ដូចជា Miyako, Vries និង La Perouse ដែលជាតំបន់រសើប និងត្រូវបានតាមដានយ៉ាងយកចិត្តទុកដាក់ពីសំណាក់សហរដ្ឋអាមេរិក និងជប៉ុន។

ក្នុងអំឡុងពេលល្បាត កងទ័ពទាំងពីរបានធ្វើសមយុទ្ធយោធាជាច្រើន រួមមាន ការហ្វឹកហាត់ប្រឆាំងភេរវកម្ម ប្រតិបត្តិការជួយសង្គ្រោះ និងការឡើងត្រួតពិនិត្យនាវា (VBSS)។

គួររំលឹកថា ចិន និងរុស្ស៊ីបានពង្រឹងកិច្ចសហប្រតិបត្តិការយោធាយ៉ាងខ្លាំងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ កាលពីសប្តាហ៍មុន ប្រមុខការទូតចិន លោក វ៉ាង យី (Wang Yi) ក៏ទើបតែបានបញ្ជាក់ប្រាប់សមភាគីរុស្ស៊ីថា ប្រទេសទាំងពីរត្រូវតែបង្កើនការសម្របសម្រួលយុទ្ធសាស្ត្រ និងទប់ស្កាត់ដាច់ខាតមិនឱ្យប្រទេសជប៉ុនអាចស្តារកម្លាំងយោធា ឬបំពាក់អាវុធឡើងវិញបានឡើយ៕