ប្រភពបង្ហើបថា ក្រុមហ៊ូទីនៅយេម៉ែនកំពុងពិចារណាទារកម្រៃពីនាវាដែលឆ្លងកាត់សមុទ្រក្រហម (Video inside)
29-07-2026 20:15
(ឡុងដ៍)៖ ប្រភពក្នុងតំបន់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា ក្រុមឧទ្ទាមហ៊ូទី (Houthis) នៅប្រទេសយេម៉ែន កំពុងពិចារណាដាក់ចេញនូវការយកកម្រៃសេវា ពីនាវាពាណិជ្ជកម្មដែលធ្វើដំណើរឆ្លងកាត់ភាគខាងត្បូងសមុទ្រក្រហម។ ការវិវត្តនេះកើតឡើងត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីក្រុមនេះបានប្រកាសបិទខ្ទប់ផ្លូវសមុទ្រប្រឆាំងនឹងប្រទេសអារ៉ាប៊ីសាអូឌីត។
កាលពីថ្ងៃទី២០ ខែកក្កដា ក្រុមហ៊ូទីដែលគាំទ្រដោយអ៊ីរ៉ង់ បានប្រកាសដាក់ទណ្ឌកម្មដែនសមុទ្រលើអារ៉ាប៊ីសាអូឌីត ដែលជាការបើកសមរភូមិថ្មីប្រឆាំងនឹងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនៅក្នុងសង្គ្រាមនៅអ៊ីរ៉ង់ ព្រមទាំងបានពង្រីកការវាយប្រហារលើនាវាដឹកប្រេង និងទំនិញសកល ឱ្យរាលដាលហួសពីតំបន់ឈូងសមុទ្រ។ ប្រភពបានឱ្យដឹងថា ក្រុមហ៊ូទីកំពុងសម្លឹងមើលលទ្ធភាពក្នុងការទារប្រាក់ពីនាវាភាគច្រើន ដែលឆ្លងកាត់ច្រកសមុទ្រដ៏តូចចង្អៀត Bab el-Mandeb (ច្រកភ្ជាប់សមុទ្រក្រហម និងឈូងសមុទ្រអាដែន) ទោះបីជាមិនទាន់មានការបញ្ជាក់ពីពេលវេលាអនុវត្តច្បាស់លាស់នៅឡើយក៏ដោយ។
យោងតាមមន្ត្រីតំបន់ពីររូបបានឱ្យដឹងថា កាលពីខែកក្កដា មន្ត្រីហ៊ូទីបានធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់ ដើម្បីចូលរួមពិធីបុណ្យសពអតីតមេដឹកនាំកំពូល លោក អាយ៉ាតូឡា អាលី ខាមេណៃ (Ayatollah Ali Khamenei) ហើយនៅទីនោះ មន្ត្រីអ៊ីរ៉ង់បានពិភាក្សាជាមួយពួកគេអំពីការដាក់ពន្ធលើការឆ្លងកាត់ច្រក Bab el-Mandeb នេះ។ គោលបំណងនៃចំណាត់ការនេះ គឺដើម្បីធ្វើឱ្យការយកថ្លៃសេវាលើផ្លូវទឹកអន្តរជាតិក្លាយជារឿងធម្មតា និងដើម្បីបង្កើនសម្ពាធលើសហរដ្ឋអាមេរិក។ ប្រភពបានបន្ថែមថា នាវារបស់ប្រទេសចិន នឹងត្រូវបានលើកលែងពីការបង់ប្រាក់នេះ ហើយក្រុមហ៊ូទីក៏បានគាំទ្រចំពោះការរៀបចំនេះផងដែរ។
គួររំលឹកថា កន្លងមកចិនដែលជាអ្នកទិញប្រេងអារ៉ាប៊ីសាអូឌីតដ៏ធំបំផុតក្នុងលោក ធ្លាប់បានបើកការចរចាដោយផ្ទាល់ជាមួយក្រុមហ៊ូទី ដើម្បីធានាថានាវាដឹកប្រេងរបស់ខ្លួនអាចធ្វើដំណើរឆ្លងកាត់សមុទ្រក្រហមបានដោយសុវត្ថិភាព ដោយមិនរងការវាយប្រហារ៕






