ការវាយប្រហាររបស់រុស្ស៊ីលើរដ្ឋធានីអ៊ុយក្រែន សម្លាប់មនុស្ស៩នាក់ និងបង្កឱ្យរបួសជាង២០នាក់ (Video inside)

01-08-2026 13:36

(កៀវ)៖ មន្ត្រីអ៊ុយក្រែនបានឱ្យដឹងនាថ្ងៃសៅរ៍ ទី១ ខែសីហា ឆ្នាំ២០២៦ ថាការវាយប្រហាររបស់រុស្ស៊ីលើរដ្ឋធានីរបស់អ៊ុយក្រែន បានសម្លាប់មនុស្សយ៉ាងហោច ៩នាក់ និងធ្វើឱ្យរបួសជាង២០នាក់ផ្សេងទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ប៉ុន្មានខែមកនេះ ទាំងរុស្ស៊ីនិងអ៊ុយក្រែន បានបង្កើនការវាយប្រហារដាក់គ្នាទៅមក ខណៈអង្គការសហប្រជាជាតិ បានរកឃើញថា ខែមិថុនាកន្លងទៅ គឺជាខែដែលមានជនស៊ីវិលស្លាប់ច្រើនបំផុតនៅអ៊ុយក្រែន គិតចាប់តាំងពីខែមេសា ឆ្នាំ២០២២។

សេវាសង្គ្រោះបន្ទាន់របស់អ៊ុយក្រែន បានអះអាងថា ការវាយប្រហាររបស់រុស្ស៊ី បានត្រូវចំតំបន់ចំនួន៥ នៃទីក្រុងកៀវ សម្លាប់មនុស្ស៩នាក់ និងធ្វើឱ្យរបួស ២៧នាក់ផ្សេងទៀត ក្នុងនោះរួមមានទាំងក្មេង៤នាក់។ នៅក្នុងសង្កាត់ Darnytsky នៃទីក្រុងកៀវ ការវាយប្រហារ បានបំផ្លាញអគារ និងយានយន្តជាច្រើន ដោយអាជ្ញាធរបានរាយការណ៍ថា មនុស្ស៧នាក់បានស្លាប់ និង១៤នាក់បានរងរបួសនៅក្នុងតំបន់នោះ។ រីឯមនុស្ស ២នាក់ទៀតបានស្លាប់ និង ៨នាក់បានរងរបួស នៅក្នុងសង្កាត់ Solomiansky ជាកន្លែងដែលការវាយប្រហារ បានបំផ្លាញអគារលំនៅឋានមួយខ្នង កម្ពស់៥ជាន់។

ខណៈដែលទីក្រុងកៀវបានប្រឈមមុខនឹងការវាយប្រហារស្ទើរតែរាល់យប់ពីរុស្ស៉ី អ៊ុយក្រែនក៏បានបង្កើនការវាយប្រហារសងសឹករបស់ខ្លួនផងដែរ ទៅលើប្រទេសរុស្ស៊ីក្នុងពេលប៉ុន្មានខែថ្មីៗនេះ ក្នុងគោលដៅមួយផ្នែកគឺដើម្បីដាក់សម្ពាធលើ ទីក្រុងម៉ូស្គូឱ្យចូលតុចរចា បន្ទាប់ពីសង្គ្រាមអូសបន្លាយជាង ៤ឆ្នាំ។ ក្រុមហ៊ុនលក់ទំនិញអនឡាញធំបំផុតរបស់រុស្ស៊ី Wildberries បានឱ្យដឹងកាលពីថ្ងៃសុក្រថា ឃ្លាំងស្តុកទំនិញរបស់ខ្លួនមួយកន្លែងទៀតនៅទីក្រុង Volgograd បានឆេះបន្ទាប់ពីការវាយប្រហារកាលពីយប់កន្លងទៅនេះ ដែលជាការវាយប្រហារចុងក្រោយបង្អស់លើទីតាំងរបស់ក្រុមហ៊ុន។ ទីក្រុងកៀវបានចោទប្រកាន់ ក្រុមហ៊ុន e-commerce មួយនេះ ដែលមានបុគ្គលិករាប់ពាន់នាក់ និងបានក្លាយជាផ្នែកសំខាន់នៃសេដ្ឋកិច្ចរបស់ប្រទេសរុស្ស៉ី ថាបានរក្សាទុកគ្រឿងបន្លាស់ដ្រូន និងជួយកងទ័ពរុស្ស៊ី។

គួរបញ្ជាក់ថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានជួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីបញ្ហាសង្រ្គាមជាមួយរុស្ស៉ី ស្របពេលដែលទីក្រុងកៀវនិងទីក្រុងម៉ូស្គូ បានបើកការវាយប្រហាររយៈចម្ងាយឆ្ងាយដាក់គ្នាទៅវិញទៅមក។ លោក ហ្សេលេនស្គី បានអះអាងបន្ទាប់ពីកិច្ចប្រជុំនោះថា លោក ត្រាំ បានយល់ព្រមផ្តល់អាជ្ញាប័ណ្ណផលិតមីស៊ីលនៃប្រព័ន្ធការពារដែនអាកាស Patriot ដល់អ៊ុយក្រែន។ ប៉ុន្តែលោកប្រធានាធិបតីអាមេរិក បានថ្លែងកាលពីថ្ងៃសុក្រថា ទីក្រុងវ៉ាស៊ីនតោនមិនទាន់យល់ព្រមទេ ហើយនឹងត្រូវប្រុងប្រយ័ត្នឱ្យមែនទែន អំពីការផ្តល់អាជ្ញាប័ណ្ណឱ្យអ៊ុយក្រែន ផលិតមីស៊ីលទាំងនោះ៕