* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* ការតាំងចិត្តឆ្ពោះយកនិទ្ទេស A ជំរុញយុវសិស្ស វណ្ណៈ ពិសាល ស្វាធ្យាយសិក្សារហូតសម្រេចបំណង
* ប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន ឯកឧត្តម អ៊ុ វុទ្ធទី ណែនាំដល់គ្រប់បណ្តាសិស្សទាំងអស់ Download ប្រើប្រាស់កម្មវិធី CoolApp ដើម្បីងាយស្រួលទំនាក់ទំនងក្រុមគ្រួសារពេលទៅរៀននៅចិន !
* ជម្រះមន្ទិល៖ ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិបញ្ជាក់ថា បណ្ណបើកបរធម្មតា និងបណ្ណបើកបរឌីជីថល ប្រើបានដូចគ្នា!
* លោក ត្រាំ នៅតែទទូចថាលោក ពូទីន នឹងមិនវាយប្រហារលើ NATO ទោះអាល្លឺម៉ង់ចោទរុស្ស៉ីជុំវិញការប៉ុនប៉ងវាយប្រហារដោយដ្រូន
* លោក ត្រាំ បញ្ជូនបេសកជនអាមេរិកដោយនាំយកផែនការបញ្ចប់សង្រ្គាម ទៅកាន់មូស្គូ និងកៀវ
* វិភាគអន្តរជាតិ៖ ការគាំទ្ររបស់ចិនចំពោះអ៉ីរ៉ង់ផ្ដើមបង្ហាញពីដែនកំណត់ ខណៈអាមេរិកបង្កើនសម្ពាធលើតេហេរ៉ង់
* កាន់តែអស្ចារ្យកម្មវិធីផ្ញើសារ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតដោយបញ្ចេញមុខងារថ្មីដ៏ពិសេសគឺ «Reel» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !
* មហន្តរាយទឹកជំនន់នៅទីបេ-នេប៉ាល់៖ ស្លាប់កើនដល់១២៥៩នាក់, ជាង៥៦០០នាក់បន្តបាត់ខ្លួន
* CoolApp បញ្ចេញមុខងារថ្មីពិសេស «Reel» អូសមើលវិដេអូដូចបណ្តាញសង្គម TikTok ផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !

ស្រីលង្កាកាត់ទោសប្រហារជីវិតអតីតមន្ត្រីសន្តិសុខជាន់ខ្ពស់ពីររូប ពាក់ព័ន្ធនឹងការបំផ្ទុះគ្រាប់បែកឆ្នាំ២០១៩ ដែលបានផ្តាច់ជីវិតមនុស្សរាប់រយនាក់ (Video inside)

01-08-2026 14:26

(កូឡុំបូ)៖ តុលាការនៅប្រទេសស្រីលង្កា កាលពីថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២៦ បានសម្រេចផ្តន្ទាទោសប្រហារជីវិតលើអតីតមន្ត្រីសន្តិសុខជាន់ខ្ពស់ពីររូប ពីបទបរាជ័យក្នុងការទប់ស្កាត់ករណីបំផ្ទុះគ្រាប់បែក ថ្ងៃបុណ្យ Easter Sunday កាលពីឆ្នាំ២០១៩ ដែលបានសម្លាប់មនុស្ស២៧៩នាក់ ក្នុងនោះមានជនបរទេស ៤៥នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ក្រុមចៅក្រមបានសម្រេចថា អតីតអគ្គស្នងការប៉ូលិសជាតិ លោក Pujith Jayasundara និងអតីតលេខាធិការអចិន្រ្តៃយ៍ក្រសួងការពារជាតិ លោក Hemasiri Fernando បានបរាជ័យក្នុងការបំពេញភារកិច្ចរបស់ពួកគេ ដើម្បីរារាំងការវាយប្រហារដ៏ប្រល័យខាងលើ ដែលត្រូវបានទម្លាក់កំហុសទៅលើ ក្រុមជ្រុលនិយមឥស្លាមក្នុងស្រុក។ លោក Jayasundara អាយុ៦៦ ឆ្នាំ និងលោក Fernando អាយុ៧៦ឆ្នាំ នៅមានសិទ្ធិប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសាលក្រមនេះ ទៅតុលាការកំពូល ប៉ុន្តែត្រូវបានបន្តឃុំខ្លួនបណ្តោះអាសន្ន រហូតទាល់តែត្រូវបានអនុញ្ញាតឱ្យនៅក្រៅឃុំ។

ស្រីលង្កាមិនបានប្រហារជីវិតអ្នកទោស ចាប់តាំងពីឆ្នាំ១៩៧៦មកម្ល៉េះ ដោយរក្សាការផ្អាកជាបណ្តោះអាសន្នក្រៅផ្លូវការ លើការអនុវត្តទោសប្រហារជីវិត។ យោងតាមតួលេខរដ្ឋាភិបាល ដែលត្រូវបានបញ្ជូនទៅកាន់សភាកាលពីខែកុម្ភៈ ឆ្នាំនេះ គឺមានមនុស្សយ៉ាងហោចណាស់ ៨០០នាក់កំពុងរង់ចាំការប្រហារជីវិត ប៉ុន្តែជាធម្មតាទោសទាំងនេះ នឹងត្រូវបានប្តូរទៅជាការជាប់ពន្ធនាគារអស់មួយជីវិតវិញ។

ការប្រកាសសាលក្រមខាងលើ ធ្វើឡើងបន្ទាប់ពីរដ្ឋបានប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសេចក្តីសម្រេច កាលពីឆ្នាំ២០២២ ដែលបានឱ្យអ្នកទាំងពីររួចខ្លួន។ តុលាការត្រូវបានប្រាប់ក្នុងអំឡុងពេលដំណើរការនីតិវិធីថ្មីថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ឥណ្ឌា បានជូនដំណឹងដល់ស្រីលង្កា កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ អំពីគម្រោងវាយប្រហារអត្តឃាត ដែលអាចកើតមានដោយក្រុមជ្រុលនិយម ប៉ុន្តែអាជ្ញាធរបានបរាជ័យក្នុងការចាត់វិធានការ។ ការវាយប្រហារកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំនោះ បានកំណត់គោលដៅលើព្រះវិហារគ្រិស្តចំនួនបី និងសណ្ឋាគារចំនួនបី។ ក្រៅពីមនុស្ស២៧៩នាក់ដែលស្លាប់ ជាង៥០០នាក់ផ្សេងទៀត បានរងរបួស។

លោក Fernando និងលោក Jayasundara ត្រូវបានចាប់ខ្លួនដំបូង នៅឆ្នាំ២០១៩ និងឃុំខ្លួនរយៈពេល៤ខែ មុនពេលត្រូវបានដោះលែងឱ្យនៅក្រៅឃុំ។ ក្រោមបណ្តឹងរដ្ឋប្បវេណីដាច់ដោយឡែកមួយកាលពីលើកមុន អ្នកទាំងពីរក៏ត្រូវបង់ប្រាក់១២៥លានរូពី ស្មើនឹងប្រហែល ៣៧២ ៤៦៤ ដុល្លារផងដែរ ជាសំណងដល់ជនរងគ្រោះ ដែលនៅរស់រានមានជីវិតពីការវាយប្រហារ។ ក្រុមរដ្ឋអាជ្ញាបានប្រាប់ទៅកាន់តុលាការជាន់ខ្ពស់ថា «ការធ្វេសប្រហែស» របស់មន្ត្រីជាន់ខ្ពស់ទាំងពីររូបនេះ គឺស្មើនឹង «ឧក្រិដ្ឋកម្មធ្ងន់ធ្ងរប្រឆាំងនឹងមនុស្សជាតិ» ហើយបានចោទប្រកាន់បទឃាតកម្មប្រឆាំងនឹងពួកគេ។ បុរសទាំងពីរនាក់នេះ ទីបំផុតត្រូវបានកាត់ទោសពីបទធ្វេសប្រហែស ដែលនាំឱ្យមនុស្ស ២៧៩នាក់ស្លាប់។

គួរបញ្ជាក់ថា លោក Jayasundara និងលោក Fernando ធ្លាប់បានផ្តល់សក្ខីកម្ម អំឡុងការស៉ើបសួរមួយរបស់សភាស្រីលង្កាថា លោក Maithripala Sirisena ដែលកាលនោះជាប្រធានាធិបតី មិនបានអនុវត្តតាមគោលការណ៍ត្រឹមត្រូវ ស្តីពីការវាយតម្លៃចំពោះការគំរាមកំហែងសន្តិសុខជាតិ មុនពេលមានការបំផ្ទុះគ្រាប់បែកទេ។ ពួកគេបានអះអាងទៀតថា លោក Sirisena ដែលពេលនោះ ក៏មានតួនាទីជារដ្ឋមន្ត្រីការពារជាតិ ហើយជារដ្ឋមន្ត្រីច្បាប់និងសណ្តាប់ធ្នាប់ផងដែរ មិនបានយកចិត្តទុកដាក់ខ្លាំង ចំពោះការគំរាមកំហែងនោះឡើយ៕