លីទុយអានី អះអាងពីការខូចខាតស្ថានទូតប្រចាំនៅអ៊ុយក្រែន​ ដោយសារការវាយប្រហាររបស់រុស្ស៉ី

01-08-2026 19:52

(កៀវ)៖ ក្រសួងការបរទេសនៃប្រទេសលីទុយអានី បានឱ្យដឹងថា ស្ថានទូតលីទុយអានីប្រចាំទីក្រុងកៀវ បានរងការខូចខាតនៅថ្ងៃសៅរ៍នេះ នៅពេលដែលមីស៉ីល​ ២គ្រាប់បានធ្លាក់នៅក្បែរនោះ អំឡុងពេលនៃការវាយប្រហាររបស់រុស្ស៉ី។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី១ ខែសីហា ឆ្នាំ២០២៦។

រដ្ឋមន្ត្រីការបរទេសលីទុយអានី លោក Kestutis Budrys និយាយថា មីស៉ីលមួយគ្រាប់ធ្លាក់នៅចម្ងាយត្រឹមតែ ១០ម៉ែត្រពីស្ថានទូត ហើយមួយគ្រាប់ទៀតធ្លាក់នៅចម្ងាយ ១៥០ ម៉ែត្រពីទីនោះ។ លោកបានគូសបញ្ជាក់ថា «យេីងនឹងកោះហៅតំណាងស្ថានទូតរុស្ស៉ី មកបង្ហាញការតវ៉ា។ យើងយល់ថាមិនអាចបញ្ឈប់ការឈ្លានពានអ៊ុយក្រែនបានឡើយ តែអ្វីដែលអាចធ្វេីបានគឺបន្តគាំទ្រដល់អ៊ុយក្រែនឱ្យបង្កើនភាពធន់ និងដាក់សម្ពាធលើរុស្ស៉ីតាមរយៈទណ្ឌកម្ម ដើម្បីឱ្យទីបំផុតរុស្ស៉ីយល់ព្រមចូលរួមក្នុងតុចរចា»។

តាមអ្នកនាំពាក្យមួយរូបរបស់ក្រសួងការបរទេស មិនមានអ្នករងរបួសដោយសារការបាញ់មីស៉ីលនោះទេ ប៉ុន្តែបង្អួចស្ថានទូតបានបែកបាក់ បន្ទះស្រូបថាមពលពន្លឺព្រះអាទិត្យរងការខូចខាត ហើយមានបំណែកផ្សេងៗរាយប៉ាយពេញទីធ្លា៕