ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលសម្លាប់មនុស្ស ៤នាក់ នៅហ្កាហ្សា ​ទោះលោក ត្រាំ ប្រកាសពីជោគជ័យដ៏ធំ

02-08-2026 11:51

(គែរ)៖ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលបានបន្តធ្វើឡើងនៅក្នុងតំបន់ហ្កាហ្សា ២ថ្ងៃជាប់ៗគ្នា នៅថ្ងៃអាទិត្យ ទី២ ខែសីហា ឆ្នាំ២០២៦ ដោយសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោច ៤នាក់ បើទោះជាលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសពីជោគជ័យយ៉ាងធំ នៅក្នុងកិច្ចប្រឹងប្រែងជំរុញឱ្យមានការអនុវត្តតាមកិច្ចព្រមព្រៀងឈប់បាញ់ហ្កាហ្សាកាលពីឆ្នាំមុនក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមក្រុមមន្ត្រីសុខាភិបាលប៉ាឡេស្ទីន យន្ដហោះចម្បាំងអ៉ីស្រាអែលបានបើកការវាយប្រហារដាច់ដោយឡែកពីគ្នាលើទីក្រុងហ្កាហ្សា និងទីក្រុង Deir al-Balah។ ក្រុមមន្ត្រីសុខាភិបាលប៉ាឡេស្ទីនឱ្យដឹងទៀតថាប្ដីប្រពន្ធមួយគូត្រូវបានសម្លាប់ និង៤នាក់ផ្សេងទៀតបានរងរបួស ក្នុងការវាយតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើលំនៅដ្ឋានមួយកន្លែងក្នុងទីក្រុង Deir al-Balah ស្ថិតនៅភាគកណ្ដាលតំបន់ហ្កាហ្សា ខណៈមនុស្ស ២នាក់ផ្សេងទៀតក្នុងនោះមានកុមារម្នាក់ត្រូវបានសម្លាប់ ក្នុងការវាយប្រហារតាមផ្លូវអាកាសលើលំនៅដ្ឋានមួយក្នុងទីក្រុងហ្កាហ្សា។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះបានប្រកាសពីជោគជ័យមួយយ៉ាងធំ បន្ទាប់ពីក្រុមហាម៉ាសបានយល់ព្រមរំសាយអាវុធ នៅក្រោមកិច្ចព្រមព្រៀងមួយផ្ដួចផ្ដើមឡើងដោយសហរដ្ឋអាមេរិក ដើម្បីជំរុញការអនុវត្តតាមកិច្ចព្រមព្រៀងបទឈប់បាញ់ដែលត្រូវបានឈានដល់កាលពីឆ្នាំ២០២៥ ក្នុងប្រទេសអេហ្ស៉ីប។ ប៉ុន្តែវានៅតែមានមន្ទិលសង្ស័យ ខណៈក្រុមហាម៉ាសបាននិយាយថាពួកគេនឹងប្រគល់អាវុធរបស់ខ្លួនសម្រាប់ការរក្សាទុក លុះត្រាតែអ៉ីស្រាអែលបញ្ឈប់ប្រតិបត្តិការយោធា និងដកកងទ័ពចេញតំបន់ហ្កាហ្សាស្របទៅតាមកិច្ចព្រមព្រៀងកាលពីឆ្នាំមុន។

ប៉ុន្តែមន្ត្រីអ៉ីស្រាអែលម្នាក់បានប្រាប់ Reuters ថានឹងមិនមានការដកកងទ័ពអ៉ីស្រាអែលចេញពីទីតាំងបច្ចុប្បន្នដែលពួកគេកំពុងឈរជើងក្នុងតំបន់ ហ្កាហ្សានោះទេ លុះត្រាតែហាម៉ាសរំសាយអាវុធចោលយ៉ាងពិតប្រាកដ។ បន្ថែមពីលើនេះ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu មិនបានធ្វើអត្ថាធិប្បាយអ្វីជាសាធារណៈនោះទេ ស្របពេលរដ្ឋមន្ត្រីសន្តិសុខជាតិអ៉ីស្រាអែល លោក Itamar Ben-Gvir បានហៅកិច្ចព្រមព្រៀងជាមួយហាម៉ាសជារឿងមិនអាចទទួលយកបាន ហើយបាននិយាយថាអ៉ីស្រាអែលនឹងបន្តធ្វើយុទ្ធនាការតាមសម្លាប់មេដឹកនាំហាម៉ាស៕