ក្រិកប្រយុទ្ធនឹងភ្លើងឆេះព្រៃយ៉ាងស្វិតស្វាញ ខណៈហុងហ្ការីបិទរោងចក្រនុយក្លេអ៊ែរដោយសារគ្រោះរាំងស្ងួត (Video inside)

02-08-2026 20:23

(អាហ្គីយ៉ូស កុនស្តង់ទីណូស)៖ កងពន្លត់អគ្គិភ័យក្រិក កំពុងប្រយុទ្ធប្រឆាំងយ៉ាងស្វិតស្វាញ ដើម្បីគ្រប់គ្រងភ្លើងឆេះព្រៃដ៏ធំមួយដែលបានបំផ្លាញលំនៅឋានជាង ១០០ខ្នង នៅភាគពាយ័ព្យរដ្ឋធានីអាថែន កាលពីថ្ងៃអាទិត្យ ខណៈដែលអគ្គិភ័យមួយកន្លែងទៀតបានបង្ខំឱ្យមានការជម្លៀសពលរដ្ឋនៅលើកោះទេសចរណ៍ Kefalonia។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ទ្វីបអឺរ៉ុបបានរងការបំផ្លិចបំផ្លាញយ៉ាងខ្លាំងដោយសារភ្លើងឆេះព្រៃនារដូវក្តៅនេះ បន្ទាប់ពីការវាយប្រហារដោយរលកកម្តៅកម្រិតកំណត់ត្រា និងកង្វះខាតទឹកភ្លៀង ដែលអ្នកវិទ្យាសាស្ត្រអះអាងថាបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។ ទោះបីជាភ្លើងឆេះព្រៃនៅបារាំង និងអេស្ប៉ាញមានសញ្ញាថមថយនៅចុងសប្តាហ៍នេះក្តី ប៉ុន្តែនៅក្រិកវាទើបតែចាប់ផ្តើមផ្ទុះឡើងសាជាថ្មី។

អគ្គិភ័យនៅតំបន់ Porto Germeno ភាគពាយ័ព្យទីក្រុងអាថែន បានឆាបឆេះរាលដាលឆ្លងកាត់ភ្នំទៅដល់តំបន់រស់នៅ Veniza និងទីលានបាញ់គ្រាប់ពិតរបស់យោធា ដែលបង្កឱ្យមានការផ្ទុះគ្រាប់មិនទាន់ផ្ទុះផងដែរ។ បច្ចុប្បន្ន កងពន្លត់អគ្គិភ័យក្រិកជិត ៥០០នាក់ ត្រូវបានដាក់ពង្រាយ ដោយមានការគាំទ្រពីកងកម្លាំងបារាំង និងរ៉ូម៉ានី។

សារព័ត៌មានក្រិកបានរាយការណ៍ថា ផ្ទៃដីជាង ១ម៉ឺនហិកតា ត្រូវបានបំផ្លាញរួចទៅហើយ ខណៈកងកម្លាំងកំពុងប្រឹងប្រែងរារាំងកុំឱ្យភ្លើងរាលដាលដល់ទីក្រុងឆ្នេរសមុទ្រ Megara។ ដោយឡែក នៅកោះ Kefalonia ក៏មានការជម្លៀសប្រជាពលរដ្ឋជាច្រើនចេញពីលំនៅឋានទាំងយប់ផងដែរ ក្រោយភ្លើងឆេះព្រៃផ្ទុះឡើងនៅភាគខាងត្បូងកោះនេះ។

គួរបញ្ជាក់ថា ទន្ទឹមនឹងនេះ ក្រៅពីបញ្ហាភ្លើងឆេះព្រៃ អឺរ៉ុបក៏កំពុងប្រឈមនឹងបញ្ហាគ្រោះរាំងស្ងួតយ៉ាងធ្ងន់ធ្ងរផងដែរ ដោយកម្រិតទឹកទន្លេ ដានូប (Danube) ដែលធ្លាក់ចុះទាបខ្លាំង បានបង្ខំឱ្យប្រទេសហុងហ្ការី​ ត្រូវបិទរោងចក្រថាមពលនុយក្លេអ៊ែររបស់ខ្លួនជាបណ្តោះអាសន្ន៕