នាយករដ្ឋមន្ត្រីហុងហ្ការីព្រមានពីថ្ងៃ «ដ៏លំបាកបំផុត» ខណៈរោងចក្រនុយក្លេអ៊ែរតែមួយគត់ត្រូវបិទទ្វារដោយសារគ្រោះរាំងស្ងួត (Video inside)
02-08-2026 22:13
(ប៊ូដាប៉េស)៖ នាយករដ្ឋមន្ត្រីហុងហ្ការី លោក ភីធើ ម៉ាហ្គីយ៉ា (Peter Magyar) នៅថ្ងៃអាទិត្យ បានប្រកាសថា ប្រទេសហុងហ្ការីកំពុងប្រឈមមុខនឹងថ្ងៃដ៏លំបាកបំផុត ខណៈការរីងស្ងួតនៃទឹកទន្លេដានូប (Danube) បានបង្ខំឱ្យរោងចក្រថាមពលនុយក្លេអ៊ែរតែមួយគត់របស់ប្រទេសនេះ ត្រូវបិទទ្វារជាលើកដំបូងក្នុងរយៈពេលជាង ៤០ឆ្នាំ ស្របពេលរលកកម្តៅថ្មីកម្រិត ៤០អង្សាសេកំពុងវាយលុក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
រោងចក្រថាមពល Paks ដែលជាប្រភពផ្គត់ផ្គង់អគ្គិសនីដ៏សំខាន់របស់ហុងហ្ការី បានធ្លាក់ចុះផលិតកម្មមកនៅត្រឹម ១០ភាគរយប៉ុណ្ណោះនៅថ្ងៃអាទិត្យ ដោយសារខ្វះទឹកទន្លេសម្រាប់បញ្ចុះកម្តៅម៉ាស៊ីន ហើយរោងចក្រនេះនឹងត្រូវបិទដំណើរការទាំងស្រុងនៅថ្ងៃចន្ទនេះតែម្តង ខណៈកម្រិតទឹកត្រូវបានព្យាករណ៍ថានឹងបន្តធ្លាក់ចុះថែមទៀត។ លោក ម៉ាហ្គីយ៉ា បានព្រមានថា បណ្តាញអគ្គិសនី និងសេវាសាធារណៈនឹងត្រូវរងសម្ពាធយ៉ាងធ្ងន់ធ្ងរ ហើយរោងចក្រនេះអាចនឹងត្រូវបិទរយៈពេលច្រើនសប្តាហ៍។
ដើម្បីទប់ទល់នឹងវិបត្តិនេះ លោកនាយករដ្ឋមន្ត្រីបានអំពាវនាវយ៉ាងទទូចដល់ក្រុមហ៊ុន ស្ថាប័នរដ្ឋ និងប្រជាពលរដ្ឋ ឱ្យកាត់បន្ថយការប្រើប្រាស់អគ្គិសនីនៅម៉ោងចន្លោះពី ៥ល្ងាច ដល់ ១០យប់ ខណៈរដ្ឋាភិបាលនឹងពិចារណាដាក់ចេញវិធានការរឹតបន្តឹងជាកាតព្វកិច្ចសម្រាប់ក្រុមហ៊ុនធំៗ។ ការបិទរោងចក្រនេះ ត្រូវបានប៉ាន់ប្រមាណថានឹងធ្វើឱ្យហុងហ្ការីខាតបង់ថវិកាចន្លោះពី ៣១៥ ទៅ ៦៣០លានដុល្លារអាមេរិក ដោយសារត្រូវទិញអគ្គិសនីពីបរទេសក្នុងតម្លៃកប់ពពក។
គួរបញ្ជាក់ថា គ្រោះរាំងស្ងួតដ៏អាក្រក់នៅអឺរ៉ុប ក៏បានរំខានដល់ការដឹកជញ្ជូនតាមផ្លូវទឹក និងវិស័យទេសចរណ៍ ព្រមទាំងបង្ខំឱ្យមានការរឹតត្បិតការប្រើប្រាស់ទឹកនៅតាមទីក្រុង និងភូមិជាង ១០០កន្លែង នៅក្នុងប្រទេសហុងហ្ការីផងដែរ៕





