ឧទ្ធម្ភាគចក្រពន្លត់អគ្គិភ័យ ២គ្រឿងបុកគ្នានៅក្រិក ខណៈប្រទេសកំពុងរងគ្រោះដោយភ្លើងឆេះព្រៃយ៉ាងសាហាវ (Video inside)

02-08-2026 22:54

(អាថែន)៖ ឧទ្ធម្ភាគចក្រពន្លត់អគ្គិភ័យចំនួន ២គ្រឿង បានបុកគ្នានៅកណ្តាលអាកាស កាលពីថ្ងៃអាទិត្យ ពេលកំពុងប្រតិបត្តិការជួយពន្លត់ភ្លើងឆេះព្រៃដ៏ធំមួយនៅភាគខាងលិចរដ្ឋធានីអាថែន ប្រទេសក្រិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

វីដេអូដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គម បានបង្ហាញពីទិដ្ឋភាពឧទ្ធម្ភាគចក្រទាំងពីរហោះកាត់គ្នាក្នុងកម្ពស់ទាប ដោយស្លាបកង្ហាររបស់ឧទ្ធម្ភាគចក្រខាងក្រោមបានវាយចំផ្នែកខាងក្រោមនៃឧទ្ធម្ភាគចក្រខាងលើ បណ្តាលឱ្យធ្លាក់ និងឆាបឆេះ។ អាជ្ញាធររដ្ឋាភិបាលបានបញ្ជាក់ថា នាវិកនៃឧទ្ធម្ភាគចក្រមួយគ្រឿងត្រូវបានរកឃើញ និងមានសុវត្ថិភាព ខណៈប្រតិបត្តិការរុករកកំពុងបន្តសម្រាប់នាវិកនៃឧទ្ធម្ភាគចក្រមួយគ្រឿងទៀត។

គ្រោះថ្នាក់នេះកើតឡើងស្របពេលដែលប្រទេសក្រិកកំពុងប្រឈមនឹងភ្លើងឆេះព្រៃយ៉ាងសាហាវ ដែលបានបំផ្លាញលំនៅឋានជាង ១០០ខ្នងនៅភាគពាយ័ព្យទីក្រុងអាថែន និងបង្ខំឱ្យជម្លៀសពលរដ្ឋចេញពីកោះទេសចរណ៍ Kefalonia។ ការផ្ទុះឡើងនៃភ្លើងឆេះព្រៃជាថ្មីនៅក្រិកនេះ ធ្វើឡើងបន្ទាប់ពីរលកកម្តៅ និងគ្រោះរាំងស្ងួតបានវាយលុកទូទាំងទ្វីបអឺរ៉ុប ដែលសូម្បីតែហុងគ្រីក៏ត្រូវបង្ខំចិត្តបិទរោងចក្រនុយក្លេអ៊ែររបស់ខ្លួនដោយសារតែខ្វះទឹកផងដែរ ទោះបីជាស្ថានការណ៍ភ្លើងឆេះព្រៃនៅបារាំង និងអេស្ប៉ាញ ចាប់ផ្តើមមានសញ្ញាថមថយបន្តិចក៏ដោយ៕