ក្រោយផ្អាកវាយអ៉ីរ៉ង់ លោក ត្រាំ ថាកិច្ចចរចានឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទសប្ដាហ៍នេះ (Video inside)
03-08-2026 08:58
(គែរ)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាកិច្ចចរចាជាមួយអ៉ីរ៉ង់នឹងត្រូវធ្វើឡើងនៅថ្ងៃចន្ទ ទី៣ ខែសីហា ឆ្នាំ២០២៦ ប៉ុន្តែបានបដិសេធកំណត់កាលបរិច្ឆេទសម្រាប់កិច្ចព្រមព្រៀង បន្ទាប់ពីរូបលោកបានប្រកាសលុបចោលគម្រោងវាយប្រហារសាជាថ្មីលើអ៉ីរ៉ង់ ក្នុងគោលបំណងសម្រួលដល់កិច្ចចរចាលើកិច្ចព្រមព្រៀងមួយដើម្បីបើកច្រកសមុទ្រ Hormuz និងបំបែកភាពជាប់គាំងជុំវិញកិច្ចចរចាស្ដីពីសមត្ថភាពនុយក្លេអ៊ែររបស់តេហេរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក ត្រាំ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ បានបង្ហោះសារលើបណ្ដាញទំនាក់ទំនងសង្គម Truth Social ថាអ៉ីរ៉ង់ និងបណ្ដាប្រទេសក្នុងតំបន់មជ្ឈិមបូព៌ាបានស្នើឱ្យសុំពេលវេលាដើម្បីបង្ហើយកិច្ចព្រមព្រៀងមួយដែលនឹងនាំទៅរកការបើកច្រកសមុទ្រ Hormuz ភ្លាមៗ និងទាំងស្រុង ព្រមទាំងបិទបញ្ចប់ការគំរាមកំហែងនុយក្លេអ៊ែររបស់តេហេរ៉ង់។ ប៉ុន្តែលោកបានព្រមានឱ្យតេហេរ៉ង់សម្រេចចិត្តឱ្យបានឆាប់លើកិច្ចព្រមព្រៀង។
ខណៈរូបលោកធ្វើដំណើរចាកចេញពីរដ្ឋ New Jersey ត្រឡប់ទៅកាន់ទីក្រុងវ៉ាស៊ីនតោនវិញ លោក ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃអាទិត្យ ទី២ ខែសីហា ឆ្នាំ២០២៦ ថាកិច្ចចរចាមួយនឹងធ្វើឡើងនៅរសៀលថ្ងៃចន្ទដើមសប្ដាហ៍នេះ ដោយមិនបានបង្ហើបឱ្យដឹងលម្អិតអ្វីបន្ថែមលើសពីនេះទេថាកិច្ចចរចានេះនឹងប្រព្រឹត្តទៅនៅទីណា ហើយនឹងមានមន្ត្រីណា នឹងត្រូវចូលរួម។ នៅពេលត្រូវបានសាកសួរពីការកំណត់កាលបរិច្ឆេទដើម្បីឱ្យអ៉ីរ៉ង់ទទួលយកកិច្ចព្រមព្រៀង លោក ត្រាំ បានបដិសេធឆ្លើយនឹងសំណួរនេះ។ «តើខ្ញុំចង់សម្រេចបានកិច្ចព្រមព្រៀងមួយជាជាងការវាយប្រយុទ្ធគ្នាមែនទេ? ខ្ញុំមិនចង់សម្លាប់មនុស្សណាទេ ពីព្រោះមានមនុស្សជាច្រើនហើយបានស្លាប់ មនុស្សជាច្រើនបានសម្លាប់ ហើយយើងមិនចង់ឃើញបែបនេះទេ»។ នេះជាការលើកឡើងរបស់លោក ត្រាំ។
គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ IRNA កិច្ចចរចាមួយរវាងអ៉ីរ៉ង់ និងអូម៉ង់លើបញ្ហាច្រកសមុទ្រ Hormuz កំពុងស្ថិតនៅក្នុងដំណាក់កាលចុងក្រោយ។ ព្រមពេលជាមួយគ្នា អ្នកនាំពាក្យក្រសួងការបរទេសអ៉ីរ៉ង់ លោក Esmaeil Baghaei ក៏បានឱ្យដឹងដែរថារដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Abbas Araqchi បានបើកកិច្ចសន្ទនាតាមទូរស័ព្ទជាមួយ រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Faisal bin Farhan និងប្រមុខកងទ័ពប៉ាគីស្ថាន Asim Munir ដើម្បីពិភាក្សាពីកិច្ចប្រឹងប្រែងខាងការទូត។ លោកបន្ថែមថា កិច្ចចរចានេះបានផ្តោតលើការយល់ព្រមលើផ្លូវថ្មីមួយឆ្លងកាត់ច្រកសមុទ្រ Hormuz មិនមានជាប់ពាក់ព័ន្ធថាតើច្រកសមុទ្រនេះនឹងត្រូវបានបើក ឬក៏បិទនោះទេ៕




