មនុស្ស ១៤នាក់ស្លាប់ ក្នុងការវាយប្រហារដាក់គ្នាទៅវិញទៅមករវាងរុស្ស៉ី និងអ៊ុយក្រែន (Video inside)

03-08-2026 09:31

(កៀវ)៖ ការវាយប្រហាររបស់អ៊ុយក្រែនលើរុស្ស៉ីបានសម្លាប់មនុស្សយ៉ាងហោច ៩នាក់ កាលពីថ្ងៃអាទិត្យ ទី២ ខែសីហា ឆ្នាំ២០២៦ ខណៈការវាយប្រហាររបស់រុស្ស៉ីលើអ៊ុយក្រែនបានសម្លាប់មនុស្សយ៉ាងហោច ៥នាក់។ នេះបើតាមការបញ្ជាក់ពីក្រុមមន្ត្រីនៃប្រទេសទាំង២ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក Alexander Shuvaev ជាអភិបាលស្ដីទីនៃតំបន់ Belgorod បានឱ្យដឹងថាការវាយប្រហាររបស់អ៊ុយក្រែនលើតំបន់របស់លោកបានសម្លាប់មនុស្ស៤នាក់កាលពីថ្ងៃអាទិត្យ ក្នុងនោះរួមមានទាំងក្មេងស្រីម្នាក់អាយុ ១៣ឆ្នាំនៅក្បែរសួនកុមារមួយកន្លែង។ ចំណែក លោកស្រី Olga Abramova ជាអភិបាលស្ដីទីនៃតំបន់ Saratov ក៏បានបញ្ជាក់ដែរថាការវាយប្រហារដ្រូនដាច់ដោយឡែកមួយទៀតរបស់អ៊ុយក្រែនលើតំបន់ Saratov ជាប់ព្រំដែនជាមួយប្រទេសកាហ្សាក់ស្ថាន បានសម្លាប់មនុស្ស ២នាក់ ខណៈមនុស្ស ៣នាក់ទៀតត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយដ្រូនអ៊ុយក្រែនលើរថយន្ដមួយគ្រឿងនៅក្នុងតំបន់ Udmurtia របស់រុស្ស៉ីស្ថិតនៅចម្ងាយប្រហែល ១០០០គីឡូម៉ែត្រពីសមរភូមិមុខ។

ដោយឡែក នៅអ៊ុយក្រែនវិញ ការវាយប្រហាររបស់រុស្ស៉ីបានសម្លាប់មនុស្ស ២នាក់ ក្នុងតំបន់ Dnipropetrovsk ស្ថិតនៅភាគខាងកើត និងមនុស្ស ២នាក់ទៀត នៅក្នុងតំបន់ Zaporizhzhia និង Kherson។ បន្ថែមពីលើនេះ ការវាយប្រហាររបស់រុស្ស៉ីបានបំផ្លាញប៉ុស្តិ៍ប្រៃសនីយ៍មួយនៅក្នុងតំបន់ Kharkiv និងសម្លាប់បុគ្គលិកប្រៃសនីយ៍ម្នាក់។

គួរបញ្ជាក់ថា កិច្ចចរចាដឹកនាំដោយសហរដ្ឋអាមេរិកដើម្បីស្វែងរកកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមអ៊ុយក្រែនដែលជាសង្រ្គាមធំបំផុតមួយលើទឹកដីអឺរ៉ុប ចាប់តាំងពីសង្រ្គាមលោកលើកទី២មក បានជាប់គាំង ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២៦ ក្រោយសហរដ្ឋអាមេរិករួមដៃគ្នាជាមួយអ៉ីស្រាអែលបើកធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់ដែលអូសបន្លាយមកទល់នឹងបច្ចុប្បន្ន។ កន្លងមកដែរ ទាំងទីក្រុងមូស្គូ និងទីក្រុងកៀវតែងតែប្រកែកជារឿយៗចំពោះការកំណត់គោលដៅលើជនស៊ីវិល៕