រដ្ឋមន្ត្រីតៃវ៉ាន់ អះអាងថាទំនាក់ទំនងជិតស្និទ្ធជាមួយទីបញ្ជាការអាមេរិកក្នុងតំបន់ប៉ាស៊ីហ្វិក ជំរុញការត្រៀមលក្ខណៈការពារខ្លួន (Video inside)

03-08-2026 09:35

(តៃប៉ិ)៖ រដ្ឋមន្ត្រីក្រសួងការពារជាតិតៃវ៉ាន់ លោក Wellington Koo បាននិយាយថាកិច្ចសហប្រតិបត្តិការរបស់កោះតៃវ៉ាន់ជាមួយសហរដ្ឋអាមេរិក ប្រហែលជាមានភាពស្និទ្ធស្នាលខ្លាំងជាងមនុស្សភាគច្រើនបានដឹង ខណៈតៃវ៉ាន់កំពុងព្យាយាមពង្រឹងឱ្យកាន់តែស៊ីជម្រៅនៃទំនាក់ទំនងយោធាជាមួយទីបញ្ជាការអាមេរិកក្នុងតំបន់ប៉ាស៊ីហ្វិកដើម្បីជំរុញសមត្ថភាពការពារខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៣ ខែសីហា ឆ្នាំ២០២៦។

តាមលោក Wellington Koo ទីបញ្ជាការអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក បានជួយដល់ការថែរក្សាសន្តិភាព និងសន្តិសុខក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ហើយមើលឃើញថាតៃវ៉ាន់មានតួនាទីយ៉ាងខ្លាំងក្នុងតំបន់យុទ្ធសាស្ត្រ «first island chain»​ ដែលលាតសន្ធឹងចាប់ពីជប៉ុន កាត់តាមកោះតៃវ៉ាន់ រហូតទៅដល់ហ្វីលីពីន។ ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានមួយក្រុមតូចកាលពីថ្ងៃសុក្រសប្ដាហ៍មុន លោក Koo បានគូសបញ្ជាក់ថា «កិច្ចសហប្រតិបត្តិការរបស់យើងជាមួយសហរដ្ឋអាមេរិកប្រហែលជាមានភាពស្និទ្ធិស្នាលខ្លាំងជាងមនុស្សភាគច្រើនបានដឹង»។ លោកបន្ថែមថា «យើងនឹងបន្តពង្រឹងសមត្ថភាពប្រយុទ្ធដើម្បីការពារខ្លួនតាមរយៈការផ្ដោះប្ដូរយោធា និងកិច្ចសហប្រតិបត្តិការជាមួយទីបញ្ជាការអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិកនៅគ្រប់កម្រិតទាំងអស់»។

គួរបញ្ជាក់ថា បើតាមលោក Wellington Koo កិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយទីបញ្ជាការអាមេរិកក្នុងតំបន់ប៉ាស៊ីហ្វិក នឹងជួយជំរុញសមត្ថភាពការពារខ្លួនរបស់តៃវ៉ាន់ ហើយថា ការបិទខ្ទប់ណាមួយរបស់ចិនលើតៃវ៉ាន់នឹងក្លាយជាបញ្ហាប្រឈមដ៏ធំចំពោះប៉េកាំង ជាពិសេសគឺទណ្ឌកម្មអន្តរជាតិ៕