ក្រុមពន្លត់អគ្គិភ័យក្រិកកំពុងបន្តប្រយុទ្ធនឹងភ្លើងឆេះព្រៃនៅភាគពាយ័ព្យទីក្រុងអាថែនចូលដល់ថ្ងៃទី៤
03-08-2026 22:21
(ផ្សាថា)៖ កងពន្លត់អគ្គិភ័យក្រិករាប់រយនាក់ នៅថ្ងៃចន្ទ បានបន្តតស៊ូប្រយុទ្ធនឹងភ្លើងឆេះព្រៃនៅភាគពាយ័ព្យរដ្ឋធានីអាថែន (Athens) ចូលដល់ថ្ងៃទី៤។ ខ្យល់បក់បោកខ្លាំងបានរុញច្រានអណ្តាតភ្លើងឱ្យឆាបឆេះបំផ្លាញលំនៅឋាន ព្រៃស្រល់ និងដីកសិកម្មរាប់ពាន់ហិកតា ដែលបង្ខំឱ្យមានការជម្លៀសពលរដ្ឋជាបន្ទាន់ទាំងតាមផ្លូវគោក និងផ្លូវទឹក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
កាលពីថ្ងៃអាទិត្យ នាវិក ២នាក់បានបាត់បង់ជីវិត បន្ទាប់ពីឧទ្ធម្ភាគចក្រពន្លត់អគ្គិភ័យរបស់ពួកគេបានបុកទង្គិចគ្នានៅកណ្តាលអាកាសជាមួយឧទ្ធម្ភាគចក្រមួយគ្រឿងទៀត នៅតំបន់ឆ្នេរផ្សាថា (Psatha)។ អាជ្ញាធរកំពុងស៊ើបអង្កេតគ្រោះថ្នាក់នេះ ខណៈដែលកន្លងមក ភ្លើងឆេះព្រៃនៅក្រិកភាគច្រើនបណ្តាលមកពីការឆ្លងចរន្តអគ្គិសនីពីខ្សែភ្លើងចាស់ៗ។
នៅថ្ងៃចន្ទ កងពន្លត់អគ្គិភ័យជាង ៤០០នាក់ និងយន្តហោះ ២១គ្រឿង ត្រូវបានដាក់ពង្រាយនៅក្បែរសហគមន៍ Kandili និង Agia Skepi។ អាជ្ញាធរកំពុងប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ដើម្បីឈូសឆាយបង្កើតខ្សែបន្ទាត់រារាំងភ្លើង កុំឱ្យរាលដាលដល់ផ្ទះសម្បែងពលរដ្ឋបន្ថែមទៀត។
គួរបញ្ជាក់ថា អឺរ៉ុបបានរងការបំផ្លិចបំផ្លាញយ៉ាងខ្លាំងដោយសារភ្លើងឆេះព្រៃនៅរដូវក្តៅនេះ បន្ទាប់ពីរងរលកកម្តៅខ្លាំង និងខ្វះទឹកភ្លៀង ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។ ទោះបីជាភ្លើងឆេះព្រៃនៅបារាំង និងអេស្ប៉ាញមានសភាពធូរស្រាលបន្តិចកាលពីចុងសប្តាហ៍ក្តី ប៉ុន្តែស្ថានភាពនៅប្រទេសក្រិកនៅតែបន្តគួរឱ្យព្រួយបារម្ភ៕




