ពលរដ្ឋហ្គាហ្សាថាសម្តីរបស់លោក ត្រាំ ផ្ទុយពីការពិត ខណៈការវាយប្រហាររបស់អ៊ីស្រាអែលសម្លាប់មនុស្ស ១៨នាក់ (Video inside)

03-08-2026 23:01

(គែរ)៖ ប្រជាពលរដ្ឋប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា បានរិះគន់ការអួតសរសើររបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អំពីកិច្ចព្រមព្រៀងសន្តិភាព ថាផ្ទុយស្រឡះពីការពិតដ៏អាក្រក់ដែលពួកគេកំពុងជួបប្រទះ បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្ស ១៨នាក់ ក្នុងថ្ងៃដ៏សាហាវបំផុតមួយ ក្រោយបទឈប់បាញ់។ នេះបើតាមការចេញផ្សាយដោយបណ្តាញព័ត៌មានអន្តរជាតិ។

កាលពីថ្ងៃព្រហស្បតិ៍ លោក ត្រាំ បានប្រកាសថា ក្រុមហាម៉ាសនឹងរំសាយអាវុធ ហើយអ៊ីស្រាអែលនឹងដកទ័ពចេញជាដំណាក់កាល។ ប៉ុន្តែរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលបានព្រមានថា ខ្លួននឹងមិនដកទ័ពដាច់ខាត លុះត្រាតែហាម៉ាសរំសាយអាវុធ និងកម្ទេចរូងក្រោមដីអស់សិន ចំណែកហាម៉ាសទាមទារឱ្យអ៊ីស្រាអែលបញ្ឈប់ការវាយប្រហារជាមុនសិន។

ពលរដ្ឋប៉ាឡេស្ទីនបានបញ្ជាក់ថា ការកើនឡើងនៃការវាយប្រហាររបស់អ៊ីស្រាអែល បានបំផ្លាញក្តីសង្ឃឹមសន្តិភាពទាំងស្រុង។ បច្ចុប្បន្ន កងទ័ពអ៊ីស្រាអែលគ្រប់គ្រងផ្ទៃដីហ្គាហ្សា ២ភាគ៣ ដែលបង្ខំឱ្យពលរដ្ឋជាង ២លាននាក់ ត្រូវរស់នៅយ៉ាងវេទនាក្នុងតង់បណ្តោះអាសន្ន តាមបណ្តោយតំបន់ឆ្នេរតូចចង្អៀត។

ស្ត្រីប៉ាឡេស្ទីនម្នាក់បានរៀបរាប់ថា ការវាយប្រហារហាក់ដូចជាសង្គ្រាមបានចាប់ផ្តើមឡើងវិញ ដោយមានការទម្លាក់គ្រាប់បែករៀងរាល់ម៉ោងនៅគ្រប់ទីកន្លែង។ ក្នុងចំណោមអ្នកស្លាប់កាលពីថ្ងៃអាទិត្យ ក៏មានប្តីប្រពន្ធមួយគូ និងកូនរបស់ពួកគេផងដែរ ទោះបីជាយោធាអ៊ីស្រាអែលអះអាងថាវាយប្រហារតែលើក្រុមសកម្មប្រយុទ្ធក៏ដោយ៕