រុស្ស៉ីនិងអ៊ុយក្រែនវាយប្រហារគ្នាតាមផ្លូវអាកាស បង្កឱ្យមានមនុស្សស្លាប់ទាំងសងខាងសរុបជិត១០នាក់ (Video inside)

04-08-2026 14:14

(កៀវ/មូស្គូ)៖ អាជ្ញាធររុស្ស៉ី នៅថ្ងៃអង្គារ ទី៤ ខែសីហា ឆ្នាំ២០២៦ បានអះអាងថា ការវាយប្រហាររបស់អ៊ុយក្រែនលើប្រទេសរុស្ស៊ី កាលពីវេលាយប់កន្លងទៅនេះ បានសម្លាប់មនុស្ស៦នាក់ និងបង្កឱ្យរបួស ៩នាក់ ព្រមទាំងបានធ្វើឱ្យខូចខាតឃ្លាំងស្តុកទំនិញមួយចំនួន នៅក្បែរទីក្រុងមូស្គូ និង St Petersburg ខណៈដែលការវាយប្រហាររបស់រុស្ស៊ី ក៏បានបង្កការស្លាប់និងរបួសមនុស្ស នៅអ៊ុយក្រែនផងដែរ។ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

អភិបាលតំបន់មូស្គូ Andrei Vorobyov បាននិយាយនៅថ្ងៃអង្គារនេះថា មនុស្ស ៥នាក់បានស្លាប់ និង៦នាក់រងរបួស បន្ទាប់ពីយន្តហោះដ្រូនរបស់អ៊ុយក្រែន បានវាយប្រហារតំបន់នេះ។ លោកបានបន្តថា ឃ្លាំងមួយកន្លែងបានរងការឆាបឆេះ ប៉ុន្តែក្រោយមកអគ្គិភ័យត្រូវបានពន្លត់ទៅវិញ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតជាងនេះនោះទេ។

ចំណែក អភិបាលតំបន់ Leningrad លោក Alexander Drozdenko បានឱ្យដឹងថា យន្តហោះដ្រូន នៅជិតទីក្រុង St Petersburg ដែលជាទីក្រុងធំទីពីររបស់រុស្ស៊ី បានវាយប្រហារចំឃ្លាំងស្តុកទំនិញមួយកន្លែង ហើយមនុស្សម្នាក់បានរងរបួស។ ក្រុមហ៊ុនលក់ទំនិញអនឡាញធំជាងគេរបស់ប្រទេសរុស្ស៉ី Wildberries ដែលបានក្លាយជាគោលដៅញឹកញាប់ នៃការវាយប្រហារមួយរយៈចុងក្រោយមកនេះរបស់អ៊ុយក្រែន បាននិយាយថា ឃ្លាំងរបស់ខ្លួននៅជិត St Petersburg បានឆេះ ប៉ុន្តែមិនមានអ្នកស្លាប់ឬរបួសនោះទេ។

រីឯអាជ្ញាធរតំបន់ Belgorod ក៏បានឱ្យដឹងដែរថា នៅតំបន់ក្បែរព្រំប្រទល់អ៊ុយក្រែននេះ ស្ត្រីម្នាក់បានស្លាប់ និងពីរនាក់រងរបួស បន្ទាប់ពីយន្តហោះដ្រូន បានវាយប្រហារចំរថយន្តមួយគ្រឿង កាលពីវេលាយប់កន្លងទៅ។ ដោយឡែក លោក Oleh Hryhorov អភិបាលតំបន់ Sumy នៅភាគឦសានអ៊ុយក្រែនឯណោះវិញ បានអះអាងថា កុមារពីរនាក់ និងស្ត្រីចំណាស់ម្នាក់ បានស្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់រុស្ស៉ីលើទីក្រុង Sumy ហើយ៤នាក់ផ្សេងទៀតរងរបួស។

គួរបញ្ជាក់ថា ទីភ្នាក់ងារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់របាយការណ៍អះអាងខាងលើ ដោយឯករាជ្យបានទេ។ ទាំងរុស្ស៊ី និងអ៊ុយក្រែន សុទ្ធតែបានបដិសេធដូចគ្នា ចំពោះការកំណត់គោលដៅលើជនស៊ីវិល នៅក្នុងសង្គ្រាមដែលបង្កឡើងដោយ ការឈ្លានពានពេញរបស់រុស្ស៊ីលើអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ ២០២២៕