អាមេរិកប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយ «ស្ទើរតែអស់ពីឃ្លាំង» ក្នុងសង្គ្រាមនៅអ៊ីរ៉ង់ ខណៈអ្នកជំនាញបារម្ភពីការគំរាមកំហែងផ្សេង (Video inside)

04-08-2026 19:28

(វ៉ាស៊ីនតោន)៖ ប្រភពផ្ទៃក្នុងបានទម្លាយប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា កងទ័ពសហរដ្ឋអាមេរិកបានប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយដ៏មានភាពសុក្រឹតខ្ពស់ ស្ទើរតែអស់ពីឃ្លាំងស្តុកទៅហើយ ក្នុងអំឡុងពេល ៥ខែនៃសង្គ្រាមនៅប្រទេសអ៊ីរ៉ង់។ ការធ្លាក់ចុះនៃឃ្លាំងអាវុធនេះ កំពុងបង្កក្តីបារម្ភយ៉ាងខ្លាំងពីសមត្ថភាពរបស់យោធាអាមេរិក ក្នុងការទប់ទល់នឹងជម្លោះអនាគត ជាពិសេសជាមួយមហាអំណាចដូចជារុស្ស៊ី និងចិន។

មីស៊ីលដែលត្រូវប្រើប្រាស់យ៉ាងច្រើនសន្ធឹកសន្ធាប់នោះ រួមមាន មីស៊ីលផ្លោង ATACMS និងមីស៊ីលជំនាន់ថ្មី PrSM ខណៈមីស៊ីល Tomahawk ត្រូវបានប្រើអស់ជិតពាក់កណ្តាលនៃស្តុកសរុប។ មីស៊ីលដ៏ទំនើបទាំងនេះ ដែលមានតម្លៃជាង ១លានដុល្លារក្នុងមួយគ្រាប់ គឺជាអាវុធយុទ្ធសាស្ត្រដ៏សំខាន់បំផុតរបស់អាមេរិក ដែលអនុញ្ញាតឱ្យវាយប្រហារគោលដៅពីចម្ងាយដោយសុវត្ថិភាព។

ការទម្លាយព័ត៌មាននេះ ធ្វើឡើងចំពេលដែលមានការជជែកដេញដោលយ៉ាងតានតឹងនៅក្នុងរដ្ឋបាលលោក ដូណាល់ ត្រាំ ថាតើអាមេរិកអាចបន្តសង្គ្រាមនៅអ៊ីរ៉ង់បានយូរប៉ុណ្ណាទៀត ដោយមិនធ្វើឱ្យប៉ះពាល់ដល់សមត្ថភាពយោធាសម្រាប់តំបន់ផ្សេង។

ជាការឆ្លើយតប លោក ត្រាំ បានអះអាងយ៉ាងមុតមាំថា អាមេរិកនៅតែមានគ្រាប់រំសេវច្រើនជាងប្រទេសណាៗទាំងអស់ក្នុងលោក ហើយក្រុមហ៊ុនកំពុងបង្កើនការផលិតក្នុងកម្រិតខ្ពស់បំផុត។ ចំណែកអ្នកនាំពាក្យមន្ទីរបញ្ចកោណ ក៏បានចេញមុខការពារថា យោធាអាមេរិកនៅតែជាកម្លាំងខ្លាំងបំផុត និងមានឃ្លាំងអាវុធគ្រប់គ្រាន់ ដើម្បីការពារផលប្រយោជន៍ជាតិជានិច្ច ទោះបីជាអ្នកជំនាញព្រមានថាការផលិតអាចនឹងមិនទាន់តម្រូវការសង្គ្រាមអូសបន្លាយក៏ដោយ៕